28.4 C
Phnom Penh

អ្នកភូមិ​ខេត្ត​កំពង់​ឆ្នាំងពីរនាក់​ត្រូវ​បាន​ចោទប្រកាន់ជុំវិញការ​ប៉ះទង្គិច​គ្នា​ជាមួយ​កម្មករ​ក្រុមហ៊ុន​ខេឌីស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយ​ជាមួយ​ក្រុម​ហ៊ុន​ ខេឌីស៊ី ដែល​មាន​ខ្នង​ក្រាស់​ ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ​ពីបទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​បង្ក​របួស​​ស្នាមដោយ​ចេតនា​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កម្មករ​នៅ​​កន្លែង​អភិវឌ្ឍន៍​ែដល​មាន​វិវាទ​នៅ​ក្នុង​ខេត្តកំពង់​ឆ្នាំង កាលពី​សប្ដាហ៍​មុន​។

​លោក លី វីរៈ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ កាលពី​ថ្ងៃ​ច័ន្ទ នគរ​បាល​ខេត្ត​បាន​ចាប់​ខ្លួន​លោក ម៉ាង យ៉ាវ អាយុ​៣០​ឆ្នាំ​ និង​លោក ស៊ាង ហេង អាយុ​៣៤​ឆ្នាំ​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​កាល​ពីថ្ងៃ​ទី​១៧ ខែ​កក្កដា ដែល​ក្នុង​នោះ​កម្មករ​របស​់​ក្រុម​ហ៊ុន​​ ខេឌីស៊ី ១០​នាក់​បាន​រង​របួស​។

លោក​បាន​មាន​ប្រសាសន៍​ថា “រហូត​មក​ទល់​ពេល​នេះ​ យើង​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ជុំវិញ​​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​កាលពី​ថ្ងៃទី​១៧ ​ហើយយើង​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ ដែល​នៅ​ទីនោះ​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​បំផ្លាញទ្រព្យ​សម្បត្តិ​ និង​បង្ក​របួស​ស្នាម​ដោយ​ចេតនា”។

លោក​បាន​បដិសេធ​មិននិយាយ​ថា តើមាន​​​ដីកា​ចាប់​ខ្លួនបន្ថែមទៀត​​នៅ​ក្នុង​ដៃ​​នគរ​បាល​ចាប់តាំង​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ថ្មីៗ​រវាង​កម្មករ​ និងក្រុម​អ្នក​ភូមិ​ដែល​លើក​ឡើង​ថា ដីស្រែ​របស់ពួកគាត់​នៅ​ក្នុង​ស្រុក​កំពង់​ត្រឡាចត្រូវ​បាន​​ក្រុម​ហ៊ុន​ ខេឌីស៊ី ​រំលោភ​យក​ដោយ​ខុស​ច្បាប់ ជា​ក្រុម​ហ៊ុន​ដែល​​កាន់​កាប់ដោយ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ លោក​បានមាន​ប្រសាសន៍​ថា “ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​ ដូច្នេះខ្ញុំ​មិន​អាច​និយាយ​បាន​ទេ។

លោក យូ ទិត្យវឌ្ឍនៈ ព្រះរា​ជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​ពីរ​នាក់​នេះ​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​បើក​សវនាការ។ លោក​បាន​មាន​ប្រសាសន៍​ថា “ចៅក្រម​ស៊ើប​សួ​រ​បាន​សម្រេច​ឃុំខ្លួន​ពួកគាត់​បណ្ដោះ​អាសន្ន​ បន្ទាប់ពី​ចោទ​ប្រកាន់​ពួកគាត់​នូវ​​បទ​ល្មើស​ចំនួន​ពីរ គឺ​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា និងបទ​ប្រើ​អំពើ​ហិង្សា​ដែល​មាន​ស្ថាន​ទម្ងន់ទោស​”។

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើងយ៉ាង​លឿន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​នីតិវិធី​ដ៏យឺត​យ៉ាវ ដែល​ប្រព័ន្ធ​តុលាការ​បាន​ដោះ​ស្រាយ​បណ្ដឹង​ជា​យូរ​មក​ហើយ​របស់​អ្នក​ភូមិ​​ដែល​បាន​ប្ដឹង​ក្រុម​ហ៊ុន​ដែ​ល​បាន​កាន់​កាប់​ដី​នេះ​កាលពី​ឆ្នាំ​២០០២​ ហើយ​បាន​ចាប់​ផ្ដើម​កំណត់ព្រំ​ប្រទល់​ដោយ​ការ​ជីក​ប្រឡាយ​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោយ​មក​។

កាលពី​សប្ដាហ៍​មុន អ្នក​ភូមិ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹងដំបូង​​ប្ដឹង​ក្រុម​ហ៊ុន​ ខេឌីស៊ី កាលពី​ឆ្នាំ​២០០៧ ត្រូវ​បាន​ប្រាប់​ថា ឥឡូវ​នេះ​ពាក្យ​បណ្ដឹង​ថ្មី​របស់​ពួកគាត់​ត្រូវ​បាន​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​វិញហើយ​។

អ្នកស្រី​ ខាត់ សារួន ភរិយា​របស់​លោក សា៊ង ហេង បាន​និយាយថា នគរ​បាល​មិន​មាន​ដីកា​ទេ នៅ​ពេលពួកគេ​​ចូល​ផ្ទះ​របស​់​អ្នកស្រី ហើយ​ “​បានហែកដំបូល​មួយ​ផ្នែក​” ដើម្បី​ចាប់​ខ្លួន​ប្ដី​អ្នកស្រី​។

អ្នកស្រី​ អ៊ុំ សុភី តំណាង​អ្នក​ភូមិ​ឡពាង បាន​និយាយ​កាលពី​ម្សិលមិញ​ថា មិនមានបុរស​ដែល​ត្រូវ​ឃុំ​ខ្លួន​មកពី​ភូមិ​ឡពាង ​ដែល​កើត​មានវិវាទ​ដីធ្លី​នេះ​ទេ ប៉ុន្តែ​អ្នកភូមិ​មក​ពី​ភូមិ​ផ្សេង​ទៀត​នៅ​ក្នុង​ឃុំ​តាជេស​ បាន​បង្ហាញ​ការ​គាំទ្ររបស់ពួកគាត់​​ចំពោះមូល​ហេតុ​នេះ​។

អ្នកស្រី​បាន​និយាយ​ថា “ការ​ចាប់​ឃុំខ្លួន​បុរស​ទាំងពីរ​នាក់​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​ទេ ពីព្រោះ​អ្នក​ភូមិ​មួយ​ចំនួន​បាន​រង​របួស​ធ្ងន់​អំឡុង​ការ​ប៉ះ​ទង្គិច​ជាមួយកម្មករ​ក្រុម​ហុ៊ន”។ អ្នកស្រី​បាន​សួរថា “នគរ​បាល​ចាប់​ខ្លួន​តែ​ជន​ក្រីក្រ​ ហើយ​ចំណែក​កម្មករ​ក្រុម​ហ៊ុន​ដែល​ប្រដាប​់​ដោយ​កំបិត​ផ្គាក់​ និង​ប្រើ​ចំពាម​កៅស៊ូ​បាញ់​មក​លើពួក​យើង ​ហេតុ​អ្វី​ក៏មិន​ចាប់​ផង​?”។

អ្នកស្រី សុភី បាន​និយាយ​ថា ” វា​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​តុលា​ការ​​ដើម្បី​បំបិទ​មាត់​​ និង​បំភិត​បំភ័យ​អ្នក​ភូមិ​កុំឲ្យ​ទាម​ទារ​ដីស្រែ​របស់​ពួកគាត់​ដែល​ត្រូវ​បាន​រំលោភ​យក​ពី​សំណាក់​ស្ត្រី​មាន​ទ្រព្យ​ និង​មាន​អំណាច​នេះ​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស