កាលពីម្សិលមិញ សាលាដំបូងខេត្តកណ្ដាលបានបើកសវនាការជំនុំជម្រះរឿងក្ដីមន្ត្រីគណបក្សសង្គ្រោះជាតិពីររូបកំបាំងមុខនិងមេធាវីរបស់ពួកគាត់ជុំវិញរឿងក្តីតាំងពីឆ្នាំ២០១១ ដែលសវនាការនេះបានគ្រោងធ្វើភ្លាមៗកាលពីសប្ដាហ៍មុន។
លោក ចាន់ ចេង ដែលបានជាប់ឆ្នោតកាលពីឆ្នាំមុនជាសមាជិកសភាគណបក្សសង្គ្រោះជាតិមណ្ឌលកណ្ដាល និងលោក ជូង ជូងី ជាមេធាវីដែលជារឿយៗការពារក្តីមន្ត្រីគណបក្សប្រឆាំងនៅតុលាការ ត្រូវបានកោះហៅកាលពីថ្ងៃទី១៥ ខែកក្កដា ជុំវិញការចោទប្រកាន់ថា ពួកគាត់បានជួយលោក មាស ប៉េង សមាជិកក្រុមប្រឹក្សាស្រុកកៀនស្វាយឲ្យរត់ចេញពីពន្ធនាគារ។
មានតែលោក មាស ប៉េង ប៉ុណ្ណោះបានចូលរួមសវនាការកាលពីម្សិលមិញ ចំណែកពួកគាត់ពីរនាក់ទៀតដែលបានស្នើសុំពន្យារពេល ត្រូវបានផ្តន្ទាទោសកំបាំងមុខ។ លោកបានមានប្រសាសន៍ថា នៅក្នុងសវនាការដែលមានរយៈពេលមិនដល់មួយម៉ោងនោះ លោកចៅក្រម គឹម ម៉េង បានសាកសួរចុងចោទរូបនេះពាក់ព័ន្ធនឹងការរត់ចេញពីពន្ធនាគាររបស់លោក។
លោក មាស ប៉េង បានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់តុលាការថា ខ្ញុំមិនបានរត់ចេញទេ ប៉ុន្តែខ្ញុំបានដើរចេញពីបន្ទប់ពន្ធនាគារ ពីព្រោះសន្តិសុខមិនបានរារាំងខ្ញុំឡើយ។ ខ្ញុំគ្មានកំហុសទេ ហើយតុលាការមិនបានចេញដីកាឃុំខ្លួនខ្ញុំនៅពេលនោះឡើយ”។
កាលពីខែកញ្ញា ឆ្នាំ២០១១ លោក មាស ប៉េង បានចេញពីពន្ធនាគារខេត្តកណ្ដាល ដោយមានជំនួយពីលោក ជូង ជូងី មេធាវីរបស់លោក និងលោក ចាន់ ចេង។ លោក មាស ប៉េង ត្រូវបានចោទប្រកាន់កាលពីខែមីនាថាបានញុះញង់អ្នកភូមិឲ្យធ្វើការតវ៉ាដោយហិង្សាប្រឆាំងម្ចាស់ដីម្នាក់ដែលមានវិវាទដីធ្លីជាមួយពួកគាត់។
លោក មាស ប៉េង បានមានប្រសាសន៍ថា លោកបានប្រាប់តុលាការថា លោកត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាពាក់ព័ន្ធនឹងការចោទប្រកាន់ជាច្រើន ប៉ុន្តែថា តុលាការមិនដែលចេញដីកាឃុំខ្លួនរូបលោកឡើយ ហើយថា សន្តិសុខពន្ធនាគារបានអនុញ្ញាតឲ្យលោកចេញពីពន្ធនាគារនៅពេលដែលលោក ជូង ជូងី បានបង្ហាញថា លោកត្រូវបានឃុំខ្លួនដោយខុសច្បាប់។
លោកបានមានប្រសាសន៍ថា ” តុលាការបានចោទប្រកាន់ខ្ញុំថា បានរត់ចេញ ប៉ុន្តែវាមិនមែនជាការពិតទេ។ មេធាវីការពារក្ដីរបស់ខ្ញុំបានសុំនាំខ្ញុំចេញពីបន្ទប់ពន្ធនាគារ ពីព្រោះមិនមានដីកាឃុំខ្លួនខ្ញុំទេ”។
លោក ជូង ជូងី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលើកឡើងថា លោកបានសុំឲ្យមេធាវីរបស់លោកស្នើសុំពន្យារពេល ពីព្រោះលោកជាប់តំណាងឲ្យកូនក្ដីច្រើននាក់ទៀតកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា ” មេធាវីការពារក្ដីរបស់ខ្ញុំបានបញ្ជូនសំណើទៅតុលាការស្នើសុំពន្យារពេល ប៉ុន្តែខ្ញុំមិនដឹងថា តើតុលាការបានទទួលហើយឬក៏នៅទេ”។
លោក ពុធ ធាវី មេធាវីរបស់លោកបានមានប្រសាសន៍ថា លោកមិនច្បាស់ថា តើហេតុអ្វីបានជាតុលាការបដិសេធមិនព្រមពន្យារពេលសវនាការនេះឡើយ។ លោកបានមានប្រសាសន៍ថា ” យើងនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចនេះ”។
ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព ក្រុមនេះអាចប្រឈមនឹងការជាប់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ តាមការចោទប្រកាន់ពីបទរត់ចេញពីពន្ធនាគារ ជួយឲ្យអ្នកទោសរត់ និងផ្ដល់មធ្យោបាយដល់អ្នកទោសឲ្យរត់គេចខ្លួន។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តបាននិយាយការពារសេចក្ដីសម្រេចរបស់តុលាការក្នុងការគ្រោងបើកសវនាការភ្លាមៗនេះ ថ្វីបើមានសំណើសុំពន្យារពេលក៏ដោយ។ លោកបានមានប្រសាសន៍ថា ” មិនថា មានសវនាការ ឬការពន្យារពេលនោះទេ គឺអាស្រ័យលើចៅក្រមដែលទទួលបន្ទុករឿងក្ដីនេះ”៕ សារុន