យោងតាមការឲ្យដឹងពីនគរបាលថា ទាហាន កងរាជអាវុធហត្ថ និងនគរបាលសរុបចំនួនប្រាំមួយនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃកាលពីថ្ងៃច័ន្ទ ពីបទពាក់ព័ន្ធនៅក្នុងករណីជួញដូរគ្រឿងញៀនពីរករណីដាច់ដោយឡែកពីគ្នា។
លោក ខៀវ សាម៉ុន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មន្ត្រីរបស់លោកចាប់ខ្លួនទាហាន និងកងរាជអាវុធហត្ថបានប្រាំនាក់នៅក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃច័ន្ទ ហើយកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនបន្ថែមទៀត។
លោកមានប្រសាសន៍ថា “យើងចាប់ខ្លួនពួកគេ និងដកហូតបានមេតំហ្វេតាមីន កន្លះគីឡូក្រោមកាលពីយប់មិញ។ ពេលនេះនគរបាលប្រឆាំងគ្រឿងញៀនរបស់់យើងកំពុងស្រាវជ្រាវវែកមុខបក្ខពួកមួយចំនួនទៀតរបស់ពួកគេ។ ជនទាំងប្រាំនាក់នេះកំពុងស្ថិតក្នុងការឃុំឃាំងរបស់យើងនៅក្រសួងមហាផ្ទៃ ហើយនឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃស្អែក”។
នៅក្នុងករណីដាច់ដោយឡែកមួយ នគរបាលស្រុកកំរៀង ខេត្តបាត់ដំបងម្នាក់ឈ្មោះ សៅ ចន្ធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ពេលឆ្លងដែនទៅប្រទេសថៃ ដោយនៅទីនោះ នគរបាលមូលដ្ឋានបានរកឃើញជននេះលាក់ថ្នាំញៀនមេតំហ្វេតាមីនជិត៣.០០០គ្រាប់នៅក្នុងស្បែកជើងប៉ុន្មានគូ នេះបើយោងតាមការលើកឡើងរបស់លោក ប្រាក់ សំតារា អនុប្រធានច្រកទ្វារអន្តរជាតិដូង។
លោកមានប្រសាសន៍ថា “យោងតាមរបាយការណ៍មួយដែលនគរបាលប្រឆាំងគ្រឿងញៀនថៃបានបញ្ជូនមកនគរបាលព្រំដែនរបស់យើងបានឲ្យដឹងថា លោក ចន្ធី បានលាក់ថ្នាំគ្រាប់មេតំហ្វេតាមីននៅក្នុងស្បែកជើង ហើយគាត់ត្រូវបានចាប់ខ្លួនខណៈពេលកំពុងជិះតាក់ស៊ី”។
លោកបានមានប្រសាសន៍ទៀតថា “លោក ចន្ធី កំពុងស្ថិតក្នុងកណ្តាប់ដៃនគរបាលប្រឆាំងគ្រឿងញៀនថៃក្នុងខេត្តច័ន្ទប៊ុរី។ យើងមិនដឹងថា មានអ្វីកើតឡើងចំពោះគាត់ទេ។ ជោគវាសនារបស់គាត់នៅក្នុងតុលាការថៃ គឺធ្ងន់ធ្ងរណាស់ ពីព្រោះវាបានកើតឡើងនៅក្នុងប្រទេសថៃ”។ សូមបញ្ជាក់ថា បទល្មើសគ្រឿងញៀនអាចមានទោសប្រហារជីវិតនៅក្នុងប្រទេសថៃ៕សុខុម