35 C
Phnom Penh

លោក សម រង្ស៊ី​​​ នឹង​​​ក្លាយ​​​ជា​​​សមាជិក​​​សភា​​​ ហើយ​​​នឹង​​​ចូល​​​​​​គាល់​​​ព្រះ​​​មហាក្សត្រ​​​នៅ​​​ថ្ងៃ​​​នេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បា​ន​រារាំង​​​មិន​ឲ្យ​ឈរឈ្មោះ​​​នៅ​​​ក្នុង​​​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​មុន នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​សមាជិក​សភា​មួយរូប​ក្នុង​ចំណោម​សមាជិក​សភា​ទាំង​៥៥​រូប​ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក គួយ ប៊ុនរឿន ដែល​ជា​សមាជិក​សភា​ជាប់​ឆ្នោត​មណ្ឌល​កំពង់ចាម បាន​លាលែង​ពី​តំណែង​ដើម្បី​ក្លាយ​ជា​សមាជិក​​មួយ​រូប​​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ទាំង​ពីរ​។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​​សមាជិក​សភា​នៅ​ក្នុង​​​រាល់​​​ការ​បោះ​ឆ្នោត​ទាំង​អស់​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​ ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​មក​​​​នោះ​​​ឈរ​​ឈ្មោះ​ជា​​តំណាង​រាស្ត្រ​​ឡើយកាលពី​ឆ្នាំ​មុន​ ដោយ​លើក​ឡើង​ថា ​លោក​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ ដោយ​សារ​តែ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​។

លោក សម រង្ស៊ី ដែល​បាន​ចំណាយ​ពេល​បួន​ឆ្នាំ​រស់​នៅ​ក្នុ​​​ងភាព​​​និរទេស​ខ្លួន​ដើម្បី​គេច​ពី​ការ​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១០​ពី​បទ​ព្រហ្មទណ្ឌ​មួយ​ចំនួន​រួម​មាន ការ​ដក​បង្គោល​តម្រុយ​​ព្រំដែន​នៅ​តាម​បណ្ដោយព្រំ​ដែន​វៀតណាម ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះរាជ​ទាន​លើក​លែង​ទោស​​​​កាល​ពីខែ​កក្កដា ឆ្នាំ​មុន ហើយ​បាន​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ពីរ​សប្ដាហ៍​មុន​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា​ឆ្នាំ​មុន។

លោក សម រង្ស៊ី ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​សាជាថ្មី​ជា​អ្នក​បោះ​ឆ្នោត​មួយ​រូប​កាលពី​ខែ​តុលា ហេតុដូច្នេះ​ហើយ​លោក​មាន​សិទ្ធិ​ជំនួស​ឲ្យ​សមាជិក​សភា​មួយ​រូប​ផ្សេង​ទៀត​នៅ​ក្នុង​បញ្ជី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សម រង្ស៊ី បាន​បញ្ជាក់​កាលពី​រសៀល​ម្សិលមិញ​ថា គណបក្ស​បាន​សម្រេច​ថា លោក ប៊ុនរឿន ដែល​ក៏​ជា​អនុ​ប្រធាន​រដ្ឋបាល​របស់​គណបក្ស​ដែរ​នោះ នឹង​លាលែង​​ពី​តំណែង​ជា​សមាជិក​សភា​ជាប់​ឆ្នោត​ដើម្បី​ទៅ​ចូល​រួម​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​ ហើយអនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​សមាជិក​សភា​ជំនួសវិញ។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​និយាយ​តាមទូរស័ព្ទ​ថា ” ខ្ញុំ​ទើប​តែ​ដឹង​ព័ត៌​​​មាន​​​នេះ​​​​ប៉ុន្មាន​នាទី​មុននេះ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​អាច​បដិសេធ​អ្វី​ដែល​ជា​ការ​ពិត​បានទេ​។

កាលពី​ថ្ងៃ​អង្គារ លោក​ សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​ប្រហែល​ជា​១០​ខែ​មក​ហើយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បីជា​ថ្នូរ​នឹង​ការ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។

តាម​​ប្រព័ន្ធ​នេះ​ គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​ជ្រើស​រើស​សមាជិក​​៤រូប​របស់​ខ្លួន ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ជ្រើស​រើស​សមាជិក​របស់​ខ្លួន​៤រូប​ដែរ និង​សមាជិក​ចុង​ក្រោយ​១រូប​ទៀត​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​ការ​ព្រមព្រៀង​គ្នា​។

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​បច្ចុប្បន្ន បាន​មាន​ប្រសាសន៍​ថា ការ​ដោះ​ដូរ​សមាជិក​សភា​គឺ​ស្រប​ច្បាប់​ ប៉ុន្តែ​លោក​នៅ​មិន​​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ​។

លោក នីថា បាន​មាន​ប្រសាសន៍​ថា ” ប្រសិន​បើ​​សមាជិក​សភា​ជាប់​ឆ្នោត​ណាមួយ​លាលែង​ពី​តំណែង​ ហើយ​បេក្ខភាព​បម្រុង​ទាំង​អស់​ក៏លាលែង​ដែរ​នោះ អ៊ីចឹង​គណបក្ស​នយោបាយ​ចាំបាច់​ត្រូវ​តែ​សរសេរ​លិខិត​មក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ ដើម្បី​ជូន​ដំណឹង​ពី​ការ​លាលែង​នេះ​”។

លោក នីថា បាន​មាន​ប្រសាសន៍​បន្ត​ថា ” បន្ទាប់​មក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នឹង​ឆ្លើយ​តប​ដោយ​ចេញ​លិខិត​មួយ​ច្បាប់​ជូន​ដំណឹង​ឲ្យគណបក្ស​ដាក់​ជូន​បញ្ជី​នៃ​បេក្ខភាព​បម្រុង និង​បេក្ខភាព​ពេញ​សិទ្ធិ​ថ្មី​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​​”។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ការជូន​ដំណឹង​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​នឹង​ទុក​ឲ្យ​សហការី​របស់​ខ្ញុំ​ជា​អ្នក​ចាត់​ចែង​រឿង​នេះ​”។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បញ្ជាក់​កាល​ពីម្សិលមិញ​ផងដែរ​ថា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នឹង​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី នៅ​​ថ្ងៃ​ស្អែក​ដើម្បី​ចាប់​ផ្ដើម​នីតិវិធី​សម្រាប់​ការ​ស្បថ​ចូល​កាន់​តំណែង​”។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ” គាត់​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​នៅ​ម៉ោង​៤​រសៀល​ ដើម្បី​ទូល​ថ្វាយ​​ព្រះ​មហា​ក្សត្រ​អំពី​ស្ថាន​ភាព​នយោបាយ​។ សម្រាប់​ការ​ស្បថ​ចូល​កាន់​តំណែង​ យើង​នៅ​តែ​ត្រូវ​ការ​រៀប​ចំ​ការ​ងារ​​នេះ​ជាមួយ​ព្រះ​បរម​រាជ​វំាង​។ វា​ប្រហែល​ជា​​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ឬក៏ថ្ងៃ​ច័ន្ទ”។

លោក ជាម យៀប អ្នកនាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​បញ្ជាក់ពី​ការ​ចូល​គាល់​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​ស្អែក​នេះ ហើយ​បាន​លើក​ឡើង​ថា ការ​ស្បថ​ចូល​កាន់​តំណែង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ៕ គឹម​​​ហឿន​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស