34 C
Phnom Penh

ខណៈ​​​ពិភព​​​លោក​​​សរសើរ​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​រវាង​​​ CNRP និង CPP សកម្ម​​​ជន​​​ និ​​​ងអ្នក​​​គាំទ្រ​​​យល់​​​ថា ខ្លួន​​​ចាញ់​​​បោក CNRP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ខណៈ​​​ដែល​​​សហ​​​គមន៍​​​អន្តរ​​​ជាតិ​​​កោត​​​សរសើរ​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ជាមួយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ ដើម្បី​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​ក្នុង​​​រដ្ឋសភា​​​ អ្នក​​​គាំទ្រ​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​អ្នក​​​គាំទ្រ​​​រិះ​​​គន់​​​​​​មិន​​​សំចៃ​​​មាត់​​​របស់​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​​​​នេះ​​​​​​និយាយ​​​ថា ខ្លួន​​​ចាញ់​​​បោក​​​គណបក្ស​​​មួយ​​​ ដែល​​​កាល​​​ពី​​​ប៉ុន្មាន​​​ខែ​​​មុន​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​ និង​​​ទាម​​​ទារ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ចុះ​​​ចេញ​​​ពី​​​អំណាច។_analysis

តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​បញ្ចប់​​​ការធ្វើ​​​ពហិការ​​​របស់​​​ខ្លួន​​​មិន​​​ចូល​​​សភា​​​​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ឆ្នាំ​​​​​​ ជា​​​ថ្នូរ​​​នឹង​​​ការ​​​ទទួល​​​បាន​​​មុខ​​​តំណែង​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ជួរ​​​គណៈ​​​កម្មាធិការ​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​ខ្លួន​​​បន្ទោស​​​ថា ជា​​​អ្នក​​​រៀប​​​ចំ​​​ទុក​​​ជាមុន​​​នូវ​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ កាល​​​ពីខែ​​​កក្កដា ឆ្នាំ​​​២០១៣ ​​​ឲ្យ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ទទួល​​​ជ័យ​​​ជម្នះ។

ការិយាល័យ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អង្គការ​​​អន្ត​​​រ​​​ជាតិ​​​ និង​​​ប្រទេស​​​ជា​​​ច្រើន​​​ដែល​​​បាន​​​អប​​​អរ​​​សាទរ​​​គណបក្ស​​​ទាំង​​​ពីរ​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​​​ពួក​​​​​​គេ​​​។

លោក សុរិយា ស៊ូបេឌី ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “នៅ​​​ទីបំផុត​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​រក​​​ឃើញ​​​មតិ​​​រួម​​​ហើយ​​​ដើម្បី​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​។ ពួក​​​គេ​​​សម​​​នឹង​​​ទទួល​​​បាន​​​ការ​​​អបអរ​​​សាទរ​​​របស់​​​យើង ហើយ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​នឹង​​​រីក​​​រាយ​​​អប​​​អរ​​​សាទរ”។

ប៉ុន្តែ អ្នក​​​គាំទ្រ​​​​​​ជាច្រើន​​​​​​​​​​​​ ដែល​​​ធ្លាប់​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​បាតុ​​​កម្ម​​​ជា​​​មួយ​​​​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​​​​ខែ​​​ ដើម្បី​​​ប្រឆាំង​​​នឹង​​​រដ្ឋាភិបាល​​​លោក ហ៊ុន សែន បាន​​​ចាត់​​​ទុក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ថា ជា​​​ទង្វើ​​​ក្បត់​​​​​​ពួក​​​គេ​​​។​​​​​​

ព្រះ​​​តេជគុណ​​​ ប៊ុត ប៊ុនទិញ ប្រធាន​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិ​​​ធម៌​​​សង្គម​​​ ដែល​​​ធ្លាប់​​​បាន​​​ចូល​​​រួម​​​គាំទ្រ​​​បាតុ​​​កម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​នេះ បាន​​​​​​មាន​​​​​​សង្ឃ​​​ដីកា​​​ថា “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​កំពុង​​​ព្យាយាម​​​បម្រើ​​​ផល​​​ប្រយោជន៍​​​របស់​​​បក្ស ​​​មិន​​​មែន​​​ផល​​​ប្រយោជន៍​​​របស់​​​​​​ប្រជា​​​រាស្ត្រ​​​ទេ។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​ជា​​​ជន​​​ភូត​​​កុហក និង​​​ជា​​​ជន​​​ឆបោក​​​។ យើង​​​លែង​​​គាំទ្រ​​​ពួក​​​គេ​​​ទៀត​​​ហើយ​​​។ ពួក​​​គេ​​​បាន​​​និយាយ​​​ទៅ​​​កាន់​​​ប្រជា​​​ពល​​​រដ្ឋ​​​ថា ពួក​​​​​​គេ​​​នឹង​​​មិន​​​ចរចា ហើយ​​​នឹង​​​មិន​​​ចូល​​​សភា​​​ឡើយ​​​។ ពួក​​​គេ​​​និយាយ​​​ថា ពួក​​​គេ​​​នឹង​​​តស៊ូ​​​ប្រឆាំង​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​”។

ផ្ទុយ​​​មក​​​វិញ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​បែ​​​រ​​​ជា​​​​​​យល់​​​ព្រម​​​ទទួល​​​យក​​​អាសនៈ​​​សភា​​​របស់​​​ខ្លួន​​​ជាមួ​​​​​យ​​​នឹង​​​ការ​​​សន្យា​​​របស់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ថា គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ នឹង​​​ត្រូ​​​វធ្វើ​​​ឲ្យ​​​ក្លាយ​​​ជា​​​​​​ស្ថាប័ន​​​ធម្មនុញ្ញ ដោយ​​​មាន​​​សមាស​​​ភាព​​​បួន​​​រូប​​​មក​​​ពី​​​គណបក្ស​​​នីមួយ​​​ៗ​​​ រួម​​​ជាមួយ​​​សមាជិក​​​ទី​​​៩​​​មួយ​​​រូប​​​ទៀត​​​ដែល​​​ជ្រើស​​​រើស​​​ដោយ​​​មាន​​​​​​ការ​​​ឯក​​​ភាព​​​គ្នា​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​។ ប្រសិន​​​បើ​​​ គណបក្ស​​​ទាំង​​​ពីរ​​​មិន​​​អាច​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ក្នុង​​​ការ​​​ជ្រើស​​​រើស​​​សមាជិក​​​ទី​​​៩​​​​​​ទេ​​​នោះ​​​ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​បច្ចុប្បន្ន​​​​​​ត្រូវ​​​រក្សា​​​ទុក​​​ឲ្យ​​​​​​​​​នៅ​​​ដដែល។

គណបក្ស​​​ប្រឆាំង​​​ក៏នឹង​​​ទទួល​​​បាន​​​តំណែង​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​ចំនួន​​​ពាក់​​​កណ្តាល​​​ក្នុង​​​ចំណោម​​​​​​គណៈកម្មការ​​​ទាំង​​​១០​​​របស់​​​រដ្ឋ​​​សភា​​​ ដែល​​​រួម​​​មានទាំង​​​​​​គណៈកម្មការថ្មី​​​ គឺ​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ផងដែរ​​​ ដោយ​​​លោក កឹម សុខា​​​ អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ​​​កាន់​​​មុខ​​​តំណែង​​​ជា​​​អនុ​​​ប្រធាន​​​ទី១​​​នៃ​​​រដ្ឋ​​​សភា​​​។

នៅ​​​ឯ​​​ហាង​​​កាហ្វេ​​​មួយ​​​ខាង​​​ក្រោយ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ លោក ព្រំ សុទ្ធី អតីត​​​គ្រូ​​​បង្រៀន​​​ថ្នាក់​​​បឋម​​​សិក្សា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​កាន់​​​អំណាច​​​ជាយូរ​​​មក​​​ហើយ​​​ ដាក់​​​សម្ពាធ​​​ឲ្យទទួល​​​យក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​។​​​​​​​​​​​​

លោក ព្រំ សុទ្ធី ដែល​​​សង្ឃឹម​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​នឹង​​​បន្ត​​​ធ្វើ​​​ពហិការ​​​របស់​​​ខ្លួន​​​ ទោះ​​​បី​​​ជា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​មាន​​​ការ​​​ឃុំ​​​ខ្លួន​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​ប្រាំបីរ​​​ូប​​​ ក្រោយ​​​ពី​​​មានការ​​​តវ៉ា​​​ហិង្សា​​​មួយ​​​កើត​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កក្កដា​​​ក្តី បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពួកគេ​​​បាន​​​ចាប់​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ជា​​​ចំណាប់​​​ខ្មាំង។ ការ​​​ចរចា​​​នេះ​​​ គ្មាន​​​តម្លា​​​ភាព​​​ ឬ​​​យុត្តិធម៌​​​ឡើយ​​​”។

លោក ព្រំ សុទ្ធី វ័យ​​​៦១​​​ឆ្នាំ​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ពេល​​​នេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​រួច​​​ហើយ ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​បន្ត​​​គ្រប់​​​គ្រង​​​​​​ប្រទេស​​​តាម​​​ដាន​​​ចាស់​​​របស់​​​ខ្លួន​​​ដដែល​​​ ដែល​​​លោក​​​ចាត់​​​ទុក​​​ថា មាន​​​ “អំពើ​​​ពុក​​​រលួយ​​​ និង​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​”។

លោក សម​​​ រង្ស៊ី ប្រធាន​​​គណបក្សប្រឆាំង​​​ បាន​​​លើក​​​ឡើង​​​ពីក្តី​​​បារម្ភ​​​របស់​​​អ្នក​​​គាំទ្រ​​​មោះ​​​មុត​​​របស់លោក​​​នៅក្នុង​​​​​​សុន្ទរកថា​​​មួយ​​​បង្ហោះ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​កាល​​​ពីម្សិលមិញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ដូច្នេះ​​​ថា “មុន​​​នឹង​​​វិនិច្ឆ័យ​​​ ឬ​​​ធ្វើការ​​​ថ្កោល​​​ទោ​​​ស​​​អ្វី​​​មួយ​​​ សូម​​​បង​​​ប្អូន​​​​​​ជន​​​រួម​​​ជាតិ​​​រង​​​់ចាំ​​​បន្តិច​​​សិន​​​ ទាល់​​​តែ​​​ពេល​​​វេលា​​​ការងារ​​​របស់​​​យើង​​​ លទ្ធផល​​​ដែល​​​យើង​​​ទទួល​​​បាន​​​​​​ បាន​​​ចេញ​​​ជា​​​រូប​​​រាង​​​ច្បាស់​​​លាស់​​​ ទើប​​​បង​​​ប្អូន​​​ជន​​​រួម​​​ជាតិ​​​អាច​​​វិនិច្ឆ័យ​​​ថា យើង​​​ធ្វើ​​​នេះ​​​ត្រូវ​​​ ឬ​​​មិន​​​ត្រូវ។ បញ្ហា​​​សំខាន់​​​បំផុត​​​គឺ​​​ការ​​​កែប្រែ​​​ គ.ជ.ប. ហើយ​​​វា​​​មិន​​​អាច​​​កើត​​​ឡើង​​​ទេ​​​​​​ប្រសិន​​​បើ​​​យើង​​​មិន​​​កែ​​​ប្រែ​​​ច្បាប់​​​តាម​​​រយៈ​​​រដ្ឋសភា​​​ ដើម្បី​​​ធ្វើ​​​វិសោធ​​​នកម្ម​​​រដ្ឋធម្មនុញ្ញ​​​​​​”។

លោក ជា សាវ៉ន អតីត​​​មន្ត្រី​​​នគរបាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បោះ​​​ជំហាន​​​ទៅ​​​មុខ​​​ហើយ​​​ នៅ​​​ក្នុង​​​កិច្ច​​​ខំប្រឹង​​​ប្រែង​​​របស់​​​ខ្លួន ដើម្បី​​​ក្លាយ​​​ជា​​​អ្នក​​​ពិនិត្យ​​​មើល​​​អំណាច​​​របស់​​​រដ្ឋាភិបាល​​​នៃ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា។​​​​​​​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​អំណាច​​​ខ្លះ​​​ដែរ ដើម្បី​​​ដាក់​​​សម្ពាធ​​​​​​លើ​​​គណបក្ស​​​​​​ប្រជា​​​ជ​​​ន​​​កម្ពុជា​​​។ពីមុន​​​ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​​អ្្វី​​​បាន​​​ទេ​​​។ យ៉ាង​​​ហោច​​​ណាស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា លែង​​​ធ្វើ​​​អ្វី​​​​​​តាម​​​អំពើ​​​ចិត្ត​​​បាន​​​ដូច​​​មុន​​​ទៀត​​​ហើយ​​​​​​”។

ប៉ុន្តែ តាម​​​រយៈ​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​យល់​​​ស្រប​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​លើ​​​ការ​​​ជ្រើស​​​រើស​​​សមាជិក​​​ទី​​​៩​​​ ឬក៏​​​​​​រក្សា​​​ទុក​​​ឲ្យ​​​នៅ​​​ដដែល​​​នោះ​​​ កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​មិន​​​អាច​​​ធានា​​​​​​អ្វីបាន​​​សោះ​​​ឡើយ​​​ នេះ​​​បើ​​​តាម​​​ការ​​​ក្រើន​​​រំឭក​​​របស់​​​លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​ដោយសេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា(ខុម​​​ហ្វ្រែល)។

លោក គល់ បញ្ញា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មិន​​​​​​ទុក​​​ចិត្ត​​​នរណា​​​ម្នាក់​​​ដែល​​​មិន​​​ចូល​​​បក្សសម្ព័ន្ធ​​​ឡើយ។ គ្មាន​​​ផ្លូវ​​​ដែល​​​ពួក​​​គេ​​​ជ្រើស​​​រើស​​​បុគ្គល​​​ឯករាជ្យ​​​​​​ទេ។វា​​​នឹង​​​មិន​​​កើត​​​ឡើង​​​ទេ​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​ច្រាន​​​ចោល​​​”។

អ្នកស្រី​​​ ទេព វន្នី ជាសកម្ម​​​ជន​​​ដីធ្លី​​​ដ៏​​​លេច​​​ធ្លោ​​​ម្នាក់​​​ ដែល​​​ជា​​​ញឹក​​​ញាប់​​​ចេញ​​​មុខ​​​និយាយ​​​រិះ​​​គន់​​​មិន​​​សំចៃ​​​មាត់​​​នៅ​​​ឯ​​​បាតុកម្ម​​​របស​​​់​​​គណបក្ស​​​ប្រឆាំង អំឡុង​​​រយៈពេល​​​ប៉ុន្មាន​​​ខែ​​​ចុង​​​ឆ្នាំ​​​២០១៣​​​ ដែល​​​មាន​​​ការ​​​តវ៉ា​​​ច្រើន​​​បំផុត និយាយ​​​ថា អ្នកស្រី​​​ខក​​​ចិត្ត​​​​​​ចំពោះ​​​សម្ប​​​ទាន​​​យ៉ាង​​​ច្រើន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​នៅ​​​សប្តាហ៍​​​នេះ​​​។

អ្នក​​​ស្រី​​​និយាយ​​​បន្ត​​​ទៀត​​​ថា “យើង​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ពួក​​​គាត់​​​ ពីព្រោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ គឺ​​​ជា​​​ក្តីសង្ឃឹម​​​ចុង​​​ក្រោយ​​​សម្រាប់​​​ពួក​​​យើង​​​ ធ្វើ​​​ឲ្យ​​​ប្រទេស​​​របស់​​​យើង​​​​​​ប្រសើរ​​​ឡើង​​​ និង​​​ការ​​​ពារ​​​ប្រជា​​​ជន​​​របស់​​​យើង​​​ពីគណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​។ ប៉ុន្តែ ពេល​​​នេះ​​​ក្តី​​​សង្ឃឹម​​​របស់​​​ពួក​​​យើងរលាយ​​​បាត់​​​អស់​​​ហើយ​​​”៕សុខុម​​​​​​​​​​​​​​​​​​

 

​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស