28 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លើក​សរសើរ​ឧស្សាហកម្ម​ស្ករស​ ដែល​កំពុង​មា​ន​រឿង​ចម្រូង​ចម្រាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី​ម្សិល​មិញ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​លើក​សរសើរ​ឧស្សា​ហកម្ម​ស្ករស​ដែល​កំពុង​មានរឿង​ចម្រូង​ចម្រាស​ជា​យូរ​មក​ហើយ​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ងារ​ដែល​ឧស្សា​ហកម្ម​នេះ​បាន​បង្កើត​ឡើង​ ដោយ​លើក​ឡើង​ថា ក្រុម​ហ៊ុន​ដែល​មាន​ប្រតិបត្តិ​ការ​នៅ​ក្នុង​វិស័យ​នេះ ចាំបាច់​ត្រូវ​តែ​ទទួល​បាន​ការ​ការ​ពារ​ពី​ការ​រិះគន់​យ៉ាង​ច្រើន។

អង្គការ​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​​យុទ្ធនាការ​មួយ​ក្នុង​រយៈ​ពេល​ប៉ុន្នានឆ្នាំ​ថ្មីៗ​នេះ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​ការ​រំលោភ​បំពាន​​​ដែល​​​កើត​​​មាន​​​នៅ​ក្នុង​ឧស្សាហកម្ម​ស្ករស​នេះ ជា​ពិសេស​​ចម្ការ​អំពៅ​របស់​​​ក្រុម​ហ៊ុន​ស្ករស​ភ្នំពេញ​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក​ លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ការ​ទន្ទ្រាន​យក​ដីធ្លី​ ពល​កម្ម​កុមារ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​និង​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​កសិករ​ ក៏​​​​ស្ថិត​ក្នុង​ចំណោមបញ្ហា​​​​ដែល​គេ​បាន​ប្ដឹង​ក្រុម​ហ៊ុន​របស់​លោក លី យ៉ុងផាត់ និង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។

ស្ករស​ដែល​ផលិត​បាន​ពី​ចម្ការ​អំពៅ​របស់​លោក លី យ៉ុងផាត់ ដែល​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នោះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ជា ” ស្ករឈាម”។ លោក សាយ សំអាល់ បាន​លើក​ឡើង​កាល​ពីម្សិលមិញ​ថា ការ​ឲ្យ​ឈ្មោះ​បែប​នេះ​គឺ​វា​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ឧស្សាហកម្ម​នេះ​។

លោក សំអាល់ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​អំឡុង​សុន្ទរកថា​មួយ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ភ្នំពេញ ដែល​លោក​បាន​គូស​បញ្ជាក់​ពី​ការ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ក្នុង​ឆ្នាំ​ទី១​របស់​លោក​ថា ” ខ្ញុំ​បាន​ជួប​ជាមួយ​មន្ត្រី​ស្ថានទូត​មួយ​ចំនួន​ដែល​ចាត់​ទុក​អំពៅ​ជា​អំពៅ​ប្រឡាក់​ឈាម​”។

លោក​បាន​បន្ថែម​ថា ” សម្រាប់​ខ្ញុំ​ នេះ​គឺ​ជា​ការ​បំផ្លាញ​ឧស្សាហកម្ម​មួយ​។ ពលរដ្ឋ​នៅ​ភ្នំ​ឱរ៉ាល់​ តែង​តែ​ទៅ​កាប់​ឈើ​នៅ​រដូវ​ប្រាំង​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​នៅ​ពេល​មាន​ចម្ការ​អំពៅ​ខ្ញុំ​រីក​រាយ​ណាស់​​ ពីព្រោះ​ឧស្សាហកម្ម​ស្ករ​ស​នេះ​បាន​ផ្ដល់​ការ​ងារ​ដល់​ពល​រដ្ឋ​ ដែល​អាច​ធ្វើ​ការ​នៅ​ចម្ការ​អំពៅក៏បាន​​ និង​រោងចក្រ​ស្ករស​ក៏​បាន​។ ប្រសិន​បើ​ឧស្សាហកម្មនេះត្រូវបាន​បំផ្លាញ តើ​ពល​រដ្ឋ​រាប់​ពាន់​នាក់​នឹង​ត្រូវ​ស្វែង​រក​ការ​ងារ​តាម​របៀប​​ណា?”។

លោក​បានមាន​ប្រសាសន៍​ថា ជំនួស​ឲ្យ​ការ​យក​បញ្ហា​នេះ​ធ្វើ​ជា​បញ្ហា​នយោបាយ​​ ដោយ​មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចប់​ពាណិជ្ជកម្ម​ស្ករស​​រួច​ពន្ធ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ដោយ​សមាជិក​សភា​សហភាព​អឺរ៉ុប​មួយ​ចំនួន​នោះ វា​គួរ​តែ​​ដោះ​ស្រាយ​​បញ្ហា​តាម​រយៈ​ការ​ចរចា​។

ប៉ុន្តែ​លោក​ ផល វណ្ណៈ អាយុ​២៧​ឆ្នាំ ដែល​ជា​តំណាង​មួយ​រូប​មក​ពី​សហគមន៍​អមលាំង ក្នុង​ខេត្ត​កំពង់​ស្ពឺ ដែល​មាន​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ បានច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក សំអាល់។

គាត់​បាន​និយាយ​ថា ” យើង​មិន​អាច​ទទួល​យក​ជា​ដាច់​ខាត​នូវ​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​។ យើង​ដឹង​ថា ឧស្សាហកម្មនេះ​ផ្ដល់​ការ​ងារ​មួយ​ចំនួន​ដល់​កម្មករ​ ប៉ុន្តែ​បញ្ហា​នោះ​គឺ​នៅ​ត្រង់​ថា ឧស្សាហកម្មនេះបាន​ធ្វើ​ឲ្យ​មាន​ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ ហើយ​រដ្ឋាភិបាល​គួរ​តែ​ខិត​ខំ​ជួយ​ពួកគាត់​”៕ គឹមហឿន​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស