30 C
Phnom Penh

ខុទ្ទកាល័យ​លោក ហ៊ុន សែន ទទួលយក​ញត្តិ​របស់អ្នក​ភូមិ​ខេត្ត​ក្រចេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ​ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ទទួលយក​ញត្តិពី​ក្រុម​អ្នក​ភូមិ​មក​ពី​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ ដែលបាន​ស្នើសុំអន្ត​រាគមន៍ក្នុង​វិវាទដីធ្លី​ជាមួយ​ជាមួយ​ម្ចាស់​ចម្ការកៅស៊ូម្នាក់។

លោក គង់ ចំរើន លេខានៅខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​​បាន​ជួប​ជាមួយ​អ្នក​ភូមិ​ប្រហែល១០០នាក់​នៅ​សួន​មុខ​វត​្ត​បទុមក្នុង​រាជ​ធានីភ្នំពេញ​​កាលពី​ម្សិលមិញ​បន្ទាប់ពី​ពួក​គាត់​បាន​ត្រឡប​់មកវិញ​ ដើម្បី​ស្នើសុំ​ជំនួយ​ពាក់ព័ន្ធ​វិវាទដីធ្លី​ជាមួយ​ក្រុមហ៊ុន Horizon Agriculture Development បើទោះណា​ជា​ពួកគាត់​ត្រូវបាន​​ឲ្យ​ត្រឡប់ទៅ​ផ្ទះវិញ​កាល​ពី​ថ្ងៃ​អង្គារ​ក៏ដោយ។

ដោយសំដៅដល់​លិខិត​​ដែលខុទ្ទកាល័យ​ត្រូវការពីអាជ្ញាធរ​មូលដ្ឋាន​ដើម្បី​បង្ហាញថា ក្រុមអ្នកភូមិ​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​ថ្នាក់​ខេត្ត​នោះ លោក​បានមាន​ប្រសាសន៍ថា “​ខ្ញុំ​ទទួល​ញត្តិពី​បង​ប្អូនទាំង​អស់គ្នា​ ប៉ុន្តែ​ខ្ញុំ​នឹង​រក្សាទុក​វាសិន ហើយ​រង់​ចាំលិខិត​តប​ពី​មន្ទីរ​រៀប​ចំដែន​ដីខេត្ត​”។

លោក សួន វិច្ឆិកា តំណាង​អ្នកភូមិ​៣២៩គ្រួសារ​​បាន​និយាយថា លោក​បាន​បញ្ជូន​មនុស្សបីនាក់​ទៅ​មន្ទីរ​រៀប​ចំ​ដែនដីខេត​្ត​ដើម្បី​ស្នើសុំលិខិត​នោះ ហើយ​ថា លោក​នឹង​ត្រឡប់​ទៅស្រុក​ស្នួលវិញ ហើយ​បន្ត​តវ៉ាទៀត​ ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​ព្រមចេញលិខិត​នោះ។

ក្រុមអ្នកភូមិ​អះអាង​ថា ពួកគាត់​បាន​ចាប់​ផ្ដើម​ផ្លាស់​ទៅ​រស់​នៅ​លើ​ដីដែល​មាន​វិវាទ​នៅ​ក្នុង​ស្រុក​ស្នួល​​នេះកាលពីឆ្នាំ​២០០២ មុន​ពេល​ក្រុម​​ហ៊ុន Growest Trading Co. បាន​ចូល​មក​ឈូស​ឆាយ​ដី​ចំនួន​១.៥៦២​ហិកតា​កាលពី​ឆ្នាំ​២០០៨។ បន្ទាប់មក ក្រុម​ហ៊ុន Horizon Agriculture Development បាន​ទិញ​ដីនេះ​កាលពី​ឆ្នាំ​២០១០ ដើម្បីធ្វើចម្ការដំឡូ​ងមី​ និង​ម្រេច​។

លោក កៅ ម៉ាលីឡែន ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ដី​នេះ​ត្រូវ​បាន​​រាន​ស្រប​ច្បាប់ ដើម្បី​អភិវឌ្ឍ​កសិកម្ម​មុន​ពេល​ក្រុម​ការ​ងារ​ខេត្ត​ និង​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​នេះ​ឲ្យ​អ្នក​ភូមិ​កាលពី​ឆ្នាំ​២០១២​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំគិត​ថា ក្រុម​ការ​ងារ​យល់​ច្រឡំ​ពីការ​វាស​់​វែង​ដីនេះ​ ពីព្រោះ​ពួកគេ​មិន​ដឹង​ថា ដី​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ឡើយ​”។

លោក ម៉ាលីឡែន បាន​បន្ថែម​ថា ក្រុម​អ្នកភូមិ​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​នឹ​ង​សេចក្ដី​សម្រេច​នេះ​។

ទោះជាយ៉ាង​ណា អ្នកស្រី​ អុ៊ត សៀងហៃ អាយុ​៦៦​ឆ្នាំ ដែល​អះអាង​ថា អ្នកស្រី​បាន​ផ្លាស់​​​ពី​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ មក​រស់​នៅ​លើ​ដី​ដែល​មាន​វិវាទ​នេះ​កាលពី​ឆ្នាំ​២០០២​បាន​និយាយ​ថា បទ​ពិសោធ​ន៍​កន្លង​មក​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ចម្ងល់​ពី​ឆន្ទៈ​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ​​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដល់​អ្នកភូមិ​។

អ្នកស្រី​បាន​និយាយ​ថា ” ខ្ញុំ​គ្មាន​សង្ឃឹម​ទេ ដែល​អាជ្ញាធរ​ខេត្ត​នឹង​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​ពួកយើង​នោះ ពីព្រោះ​យើង​បាន​តវ៉ា​៣លើក​មក​ហើយ ប៉ុន្តែ​គ្មាន​លទ្ធផល​ឡើយ​”៕ សារុន​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស