28.4 C
Phnom Penh

តុលាការ​​​ផ្តន្ទាទោស​​​អ្នក​​​កាសែត​​​បរទេស​​​​​​ពីបទ​​​បរិហារ​​​កេរ្តិ៍​​​ជុំ​​​វិញ​​​ការ​​​បង្ហោះ​​​ព័ត៌​មាន​​​តាម​​​អីុន​​​ធើ​​​ណិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​កាសែត​​​ជន​​​ជាតិ​​​អង់គ្លេស​​​ម្នាក់​​​ត្រូវ​​​​​​បាន​​​តុលាការ​​​ផ្តន្ទា​​​ទោស​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍​​​​ក្រុម​​​ហ៊ុន​​​​​​អភិវឌ្ឍន៍​​​អចលនទ្រព្យ​​​​​​​​​មួយរបស់​​​បារាំង​​ ជុំ​​​វិញ​​​ការ​​​បង្ហោះ​​​ព័ត៌​​​មាន​​​តាម​​​ប្លក់ ​​(Blog) ហើយ​​​​​​សេចក្តី​​​សម្រេច​​មិន​​ធ្លាប់​​​មាន​​​ពី​​​មុន​​​មក​​​​​នេះ​​​​​​ត្រូវ​​​បាន​​​គេ​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​វាយ​​​ប្រហារ​​សេរីភាព​​​នៃ​ការ​បញ្ចេញ​​​មតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

​​​កាល​​​ពីម្សិលមិញ លោក​​​ រូភើត វីន​​​ឆេស្ទ័រ​​​​​​​​​​​ (Rupert Winchester) អតីត​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ផ្នែក​​​អចលនទ្រព្យ​​​ ឲ្យ​​​កាសែត​​​ភ្នំពេញ​​​ប៉ុស្តិ៍​​​ ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​បង្គាប់​​​ឲ្យ​​​បង់​​​សំណង​​​ជំងឺ​​​ចិត្ត​​​២៥.០០០ដុល្លារ​​​ទៅ​​​លោក​​​ Etienne Chenevier នាយក​​​ក្រុម​​​ហ៊ុន​​​ CityStar Private Equity Asia និង​​​ពិន័យ​​​​​ប្រាក់​​​២.០០០​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​។

សំណុំ​​​រឿង​​​នេះ​​​កើត​​​ចេញ​​​ពី​​​ការ​​​បង្ហោះ​​​ព័ត៌​​​មាន​​​មួយ​​​កាល​​​ពី​​​ខែ​​​មិថុនា​​​ ឆ្នាំ​​​២០១៣​​​នៅ​​​លើ​​​ប្លក់​​​របស់​​​លោក រូភើត វីន​​ឆេស្ទ័រ ដែល​​​មាន​​​ឈ្មោះ​​​ថា The Mighty Penh ដោយ​​​នៅ​​​ក្នុង​​​នោះ​​​លោក​​​បាន​​​អះ​​​អាង​​​ថា ក្រុមហ៊ុន City Star មាន​​​គម្រោង​​​វាយ​​​កម្ទេច​​​​​​អគារ​​​មួយ​បន្សល់​​​​​​ពី​​​សម័យ​អាណានិគម​​​និយមបារាំង​​​ នៅ​​​ទល់​​​មុខ​​​សារមន្ទីរ​​​ជាតិ​​​ដើម្បី​​​សាង​​​សង់​​​ខុន​​​ដូ​​​កម្ពស់​​​ប្រាំ​​​ពីរ​​​ជាន់​​​។

នៅ​​​ក្នុង​​​ការ​​​បង្ហោះ​​​ព័ត៌​​​មាន​​ដែល​​​ត្រូវ​​​បាន​​លុប​​​ចេញ​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក លោក​​​​​​បាន​​​ដក​​​ស្រង់​​​សម្តី​​​​​​លោក​​​ Etienne Chenevier ​​​ដែល​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​​​​សូម​​​បដិសេធ​​​ដាច់​​​អហង្កា​​រ​​​។ ហេតុអ្វី​​​បាន​​​ជា​​​យើង​​​ចង់​​​វាយ​​​កម្ទេច​​​អគារ​​​របស់​​​យើង​​​? ប្រសិន​​​បើ អ្នក​​​ឯង​​​និយាយ​​​ថា យើង​​​នឹង​​​វាយ​​​កម្ទេចវា​​​ចោល ខ្ញុំ​​​នឹង​​​ប្តឹង​​​អ្នក​​​ឯង”។

ពេល​​​នោះ​​​លោក រូភើត វីនឆេស្ទ័រ ​​​​​​​​​បាន​​​និយាយ​​​ទៅ​​​កាន់​​​ពាណិជ្ជ​​​ករ​​​រូប​​​នេះ​​​ថា “ប្តឹង​​​ក៏​​​ប្តឹង​​​ទៅ” ហើយ​​​លោក​​​​​​បាន​​​សរសេរព័ត៌​​​មាន​​​​​​អវិជ្ជ​​​មាន​​អំពី​​​​​​ជំនួញ​​​របស់​​​លោក Etienne Chennevier។

ចៅ​​​ក្រម​​​ រស់​​​ ពិសិដ្ឋ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​គួរ​​​តែ​​​ប្រុង​​​ប្រយ័ត្ន​​​​​​ នៅ​​​ពេល​​​ធ្វើ​​​ឲ្យ​​​ព័ត៌​​​មាន​​​មិន​​​ពិត​​​ធ្លាយ​​​ដល់​​​សាធារណជន​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “[ ប្រសិន​​​បើអ្នក​​​ឯង​​​ ]​​​ និយាយ​​​អ្វី​​​អាក្រក់​​​ពី​​​​​អ្នក​​​ដទៃ វា​​​ [ អាច​​​​​​នាំ​​​ឲ្យ​​​មាន​​​] បណ្តឹង​​​បរិហារកេរ្តិ៍​​​កើត​​​ឡើង​​​”។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​ធ្វើឡើង​​​នៅ​​​មុន​​​ប្រកាស​​​សាល​​​ក្រម​​​​​​នេះ ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា​​​​​​នៅ​​​​ក្រៅ​​​ប្រទេស​​​ (OPCC) បាន​​​​​សម្តែង​​​​​​ក្តី​​​បារម្ភ​​​ថា ការ​​​ផ្ត​​​ន្ទា​​​ទោស​​​អាច​​​​​​​បង្កើត​​​​​ឲ្យ​​​មាន​​​ការ​​​វិនិច្ឆ័យ​​​គំរូ​​ដ៏​​​គ្រោះថ្នាក់​​​ប្រឆាំង​​​​​​​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​តាម​​​អីុន​​​ធើណិត។

​​​​​​ លោក​​​ រីក​​​ វ៉ាឡេនហ៊្សូអេឡា (Rick Valenzuela) ប្រធាន​​​​​​ OPCC បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ដោយ​​​រដ្ឋាភិបាល​​​កំពុង​​​ត្រៀម​​​អនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​បទ​​​ល្មើស​​​តាម​​​អីុន​​​ធើ​​​ណិត​​​ ដែល​​​ស្ថិត​​​នៅ​​​ក្រោម​​​បទ​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ខ្លាំង​​​​​​សម្រាប់​​​ភាព​​​ឯកជន​​​ និង​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​ សាលក្រម​​​ផ្តន្ទាទោស​​​លោក រូភើត វីនឆេស្ទ័រ​​​ នឹ​​​ងមាន​​​ផល​​​ប៉ះពាល់​​​កាន់​​​តែ​​​ខ្លាំង​​​លើ​​​អ្វី​​​ដែល​​​អ្នក​​​កាសែត ឬ​​​អ្នក​​​​​ផ្សេងៗ​​​ទៀត​​​​​​និយាយ​​​ ឬ​​​សរសេរ​​​តាម​​​អីុន​​​ធើ​​​ណិត​​​​”។

​​​កាល​​​ពី​​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​​​​តុលាការ​​​ប្រកាស​​​សាល​​​ក្រម​​ផ្តន្ទា​​​ទោស លោក​​​ រូភើត វីន​​​ឆេស្ទ័រ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​មាន​​​គម្រោង​​​ប្តឹង​​​ឧទ្ធរណ៍​​​។ លោក​​​​​​លើក​​​ឡើង​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា Chenevier កំពុង​​​ព្យាយាម​​​ដាក់​​​សម្ពាធ​​​មក​​​លើ​​​ខ្ញុំ​​​​​​ដោយ​​​ប្រើ​​​ប្រាស់​​​ធន​​​ធាន​​​ដ៏​​​ច្រើន​​​របស់​​​គាត់​​​”។

លោក រូភើត វីនឆេស្ទ័រ ក៏​​​បាន​​​ធ្វើ​​​សេច​​​ក្តី​​​រាយ​​​ការណ៍​​​អំពី​​​ក្រុមហ៊ុន City Star ឲ្យ​​​កាសែត​​​ភ្នំពេញ​​​ប៉ុស្តិ៍ដែរ​​​។ អត្ថ​​​បទ​​​ចេញ​​​ផ្សាយ​​​នោះ​​​លែង​​​មាន​​​នៅ​​​លើ​​​គេ​​​ហ​​​ទំព័រ​​​កាសែត​​​នេះ​​ទៀត​​​ហើយ​​​។

លោក គង់​​​ រ៉ា​​​ឌី មេធាវី​​​របស់​​​លោក Chenevier បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ កូន​​​ក្តី​​​របស់​​​លោក​​​​​​ប្តឹង​​​លោក រូភើត វីនឆេស្ទ័រ ​​​ក្នុង​​​នាម​​​គាត់​​​ជា​​​បុគ្គល​​​ម្នាក់​​​ មិន​​​មែន​​​​​​ក្នុង​​​​​​នាម​​​គាត់​​​ជា​​​អ្នក​​​កាសែត​​​នោះ​​​ទេ​​​ ពី​​​ព្រោះ​​​កាសែត​​​នេះ​​​បាន​​​កែ​​​តម្រូវ​​​អត្ថ​​​បទ​​​នោះ​​​​​​រួច​​​ហើយ​​​។

លោក ឆាដ វីលៀម (Chad Williams) និពន្ធ​​​នាយក​​​កាសែត​​​ ភ្នំពេញ​​​ប៉ុស្តិ៍ បាន​​​បដិសេធ​​​មិន​​​​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ជុំ​​​វិញ​​​បញ្ហា​​​រឿង​​​នេះ​​​។ ហើយ​​​អគារ​​​មាន​​​បញ្ហា​​​ដែល​​​លោក​​​ រូភើត វីនឆេស្ទ័រ ​​​បាន​​​សរសេរ​​​ព័ត៌​​​មាន​​​បង្ហោះ​​​តាម​​​អីុនធើណិត​​​នៅ​​​តែ​​​ឈរ​​​ទ្រឹង​​​ និង​​​មាន​​​អ្នក​​​កាន់​​​កាប់​​​នៅ​​​ឡើយ​​​៕សុខុម​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស