34 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​​​​​​បរិស្ថាន​​​ជួប​​​​​ពិភាក្សា​​​​ជាមួយ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ជុំ​​​វិញ​​​វិវាទ​​​ដីធ្លី​​​រវាង​​​អ្នក​​​ភូមិ​​​ និង​ក្រុម​​​ហ៊ុន UDG

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន ​​​​​​បាន​​​​​​ជួប​​​ជាមួយ​​​តំណាង​​​​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ និង​​​​​​តំណាង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល ​​​ដើម្បី​​​ពិភាក្សា​​​​​​គ្នា​​​អំពី​​​វិវាទ​​​ដែល​​​កំពុង​​​បន្ត​​​កើត​​​មាន​​​រវាង​​​ក្រុម​​​ហ៊ុន​​​ចិន Union Development Group (UDG) ​​​ដ៏​​​មាន​​​ឥទ្ធិ​​​ពល និង​​​អ្នក​​​ភូមិ​​​ខេត្ត​​​កោះ​​​កុង​​​ដែល​​​និយាយ​​​ថា ពួកគាត់​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពីដី​​​ធ្លី​​​ ហើយ​​​​ជម្រក​​​​​​របស់​​​ពួក​​​​​​គាត់​​​ត្រូវ​​​គេ​​​ដុត​​​បំផ្លាញ​​​។

កាល​​​ពីខែ​​​កុម្ភៈ ​​​លោក សាយ​​​ សំអាល់ បាន​​​ចុះ​​​ទៅ​​​ក្រុម​​​ហ៊ុន UDG ដែល​​​កាល​​​​​​ពី​​​ឆ្នាំ​​​២០០៨​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​ទំហំ​​​៤៥.០០០ហិកតា​​​ដើម្បី​​​សាង​​​សង់​​​សណ្ឋាគារ​ អាកាស​​​យាន​​​ដ្ឋាន​​​ និង​​​ទីលាន​​​វាយ​​​កូន​​​ហ្គុលហ្វ៍​​​នៅ​​​ខាង​​​ក្នុង​​​ព្រំ​​​ប្រទល់​​​ឧទ្យាន​​​ជាតិ​​​បទុម​​​សាគរ ប៉ុន្តែ អ្នក​​​ភូមិនៅ​​​ក្នុង​​​ស្រុក​​​​​គិរីសាគរ​​​ និង​​​ស្រុក​​​បទុម​​​សាគរ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​និយាយ​​​ថា ពួក​​​គាត់​​​ខក​​​ចិត្ត​​​នៅ​​​ពេល​​​លោក​​ សាយ​​​ សំអាល់ មិន​​​បាន​​​ជួប​​​ជា​​​មួយ​​​ពួក​​​គាត់​​​ដើម្បី​​​ស្តាប់​​​ពី​​​ទុក្ខ​​​លំបាក​​​របស់​​​ខ្លួន​​​។

​​​កាល​​​ពី​ម្សិល​​​មិញ មិន​​​អាច​​​ទាក់​​​ទង​​​ទៅ​​​លោក​​​ សាយ​​​ សំអាល់ ​​​បាន​​​ទេ​​​ ប៉ុន្តែកាល​​​ពី​​​ថ្ងៃ​​​ពុធ​​​លោក​​​បាន​​​ថ្លែង​​​ប្រាប់​​​ក្រុម​​​អ្នក​​​​​​យក​​​ព័ត៌មាន​​​នៅ​​​សន្និសីទ​​​កាសែត​​​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​កំពុង​​​ស្ថិត​​​ក្រោម​​​កាតព្វកិច្ច “អនុវត្ត​​​​​​កិច្ច​​​សន្យា​​​ និង​​​ប្លង់​​​មេ​​​របស់​​​ខ្លួន​​​” ខណៈ​​​ប្រជាពល​​​រដ្ឋ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ដោយ​​​សារ​​​ការ​​​អភិវឌ្ឍ​​​នេះ​​​ និង​​​អ្នក​​​ដែល​​​ទទួល​​​បាន​​​សំណង​​​ “ត្រូវ​​​ទទួល​យក​​​អ្វី​​​ដែល​​​​​​កិច្ច​​​សន្យា​​របស់​​​​​​ក្រុម​​​ហ៊ុន​​​បាន​​​សន្យា​​​​​ផ្តល់​​​ឲ្យ​​​ពួក​​​គាត់​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ អ្នក​​​ភូមិ​​​និយាយ​​​ថា ដី​​​ដែល​​​ពួក​​​កាត់​​​តាំង​​​លំនៅ​​​ថ្មី​​​មិន​​​អាច​​​ធ្វើស្រែ​​​ចម្ការ​​​​​​បាន​​​ទេ​​​។ ព័ត៌​​​មាន​​​មួយ​​​​​បង្ហោះ​​​​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ មាន​​​ខ្លឹម​​​សារ​​​​​​ដូច្នេះ​​​ថា “ឯក​​​ឧត្តម​​​បាន​​​បង្ហាញ​​​ជំហរ​​​​​​ ហើយ​​​ថា ក្រសួ​​​ងបរិស្ថាន​​​ចង់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ផ្អែក​​​លើ​​​គោល​​​ការណ៍​​​ឈ្នះៗ និង​​​គិត​​​ពី​​​ផល​​​ប្រយោជន៍​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​។ ឯក​​​ឧត្តម​​​ចាត់​​​ទុក​​​ការ​​​ចូល​​​រួម​​​របស់​​​អង្គការ​​​​​​នានាថាជា​​​ភាព​​​ដៃ​​​គូ​​​ដ៏​​​សំខាន់​​​ ប៉ុន្តែ តួនាទី​​​របស់​​​អង្គការ​​​ទាំង​​​នោះ​​​មិន​​​ត្រូវ​​​បង្ក​​​បញ្ហា​​​ ឬ​​​បម្រើ​​​ផល​​​ប្រយោជន៍​​​នយោបាយ​​​ឡើយ​​​”។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ អង្គការ​​​វេទិកា​​​នៃ​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល ​​​បាន​​​លើក​​​ឡើង​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​៣៩៨​​​គ្រួសារ​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​រដ្ឋ​​​រង​​​ផល​​​ប៉ះពាល់​​​ចំនួន​​​១.៩៦៣​​​គ្រួសារ​​​ មិន​​​ទាន់​​​ទទួល​​​បាន​​​សំណង​​​ណា​​​មួយ​​​សម្រាប់​​​ការ​​​បាត់​​​បង់​​​ដី​​​ធ្លី​​​​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​​កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​ខ្វះ​​​ទឹក​​​ បង្គន់​​​អនាម័យ​​​​​​ និង​​​ផ្ទះ​​​សមរម្យ​​​។

លោកស្រី វ៉ាន​​​ ហ៊ាលី (Wan Hea-Lee) តំណាង​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ (OHCHR) បាន​​​លើក​​​ឡើង​​​​​​​​​នៅ​​​ក្នុង​អីុម៉េល​​​មួយ​​​​​​ថា ជំនួប​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​អង្គការ​​​វេទិកា​​​នៃ​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​មាន​​សារៈប្រយោជន៍​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ” យើង​​​បាន​​​សួរ​​​ថា តើ​​​គណៈ​​​កម្មា​​​ធិការ​​​ [ រដ្ឋាភិបាល​​​]​​​​​​​​​​​​​​​​​​​​​ យល់​​​ព្រម​​​ជួប​​​គ្នា​​​ជា​​​ប្រចាំ​​​ជា​​​មួយ​​​អង្គការ​​​ពាក់​​​ព័ន្ធ​​​ដូច​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ប្រាប់​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​ឲ្យ​​​បាន​​​ដឹង​​​អំពី​​​ស្ថាន​​​ភាព​​​​​វិវឌ្ឍន៍។គាត់​​​បាន​​​យល់​​​ព្រម​​​​​​ហើយ។ យើង​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​បង្កើត​​​យន្ត​​​ការ​​​​​ខុស​​​ប្លែក​​​ពីគេ​​​មួយ​​​សម្រាប់​​​ដោះស្រាយ​​​ពាក្យ​​​បណ្តឹង​​​របស់​​​គ្រួសារ​​​នីមួយ​​​ៗ ដោយសារ​​​តែយន្តការ​​​ដែល​​​មាន​​​ស្រាប់​​​ មិន​​​​​​បាន​​​​​​ដោះស្រាយ​​​វា ហើយ​​គាត់​​​​​​ក៏​​​បាន​​​យល់​​​ព្រម​​​ដែរ”៕ សុខុម​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ LaurenCrothers)

​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស