28 C
Phnom Penh

ឃាត​់ខ្លួន​មន្ត្រីកងរាជអាវុធហត្ថម្នាក់រួច​ដោះលែង​វិញ​បន្ទាប់ពី​មាន​ការ​គំរាម​បាញ់់​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​បាននិយាយ​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​យក​មក​សាកសួរ​ ក្រោយ​ពី​មាន​ការ​ចោទ​ថា បាន​វាយ​បុរស​ម្នាក់​ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់ទៀត​​បន្ទាប់ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​តូច​តាច​មួយ​ក្នុង​ខណ្ឌ​៧​មករា។

ប៉ុន្តែ​បើទោះណា​ជាមាន​ការ​ចោទ​ប្រកាន់បែប​នេះ​ក៏ដោយ ក៏​នគរ​បាល​លើក​ឡើង​ថា ពួកគេ​មិន​មាន​គម្រោង​បញ្ជូន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រូប​នេះ​ទៅ​តុលាការ​ដែរ ហើយ​បាន​ដោះ​លែង​គាត់​​វិញ​បន្ទាប់​ពី​ធ្វើ​ការ​អប់រំ​រួច​។

យោង​តាមរបាយការណ៍ដែល​បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្នងការ​ដ្ឋាននគរ​បាល​ជាតិ​បានឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​ជន​រងគ្រោះ​ឈ្មោះ គុជ ចំរើន បាន​ឈប់​ភ្លាម​នៅ​ពេលភ្លើង​ស្តុប​ពណ៌ក្រហម​ ហើយ​ម៉ូតូ​របស់​មន្ត្រី​កងរាជ​អាវុធហត្ថ​ ឈ្មោះ យាន រ៉ា បាន​បុក​ម៉ូតូ​របស់​ជនរងគ្រោះ​។

យោង​តាមរបាយការណ៍របស់នគរបាល​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​មួយ​សន្ទុះ ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូចេញទៅបាត់ ប៉ុន្តែ​មន្ត្រី​រូប​នេះ​បាន​ជិះ​តាមទាន់​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​ ដែល​នៅ​ទីនោះ​មន្ត្រី​រូប​នេះ​បាន​ដាល់​ជនរងគ្រោះ​ប្រាំមួយ​ដៃ ធាក់​ពីរ​ជើង ហើយ​បាន​ដក​កាំភ្លើង​ខ្លី​ភ្ជង់ទៀត​។

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ៧​មករាបាន​ទៅ​ដល់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នោះ ហើយ​បាន​នាំ​ទាំង​ជន​រងគ្រោះ​ និង​ជន​សង្ស័យ​ទៅ​សាក​សួរ​មុន​ពេល​បញ្ជូន​ជន​សង្ស័យ​ទៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជ​ធានីភ្នំពេញ​។

លោក សយ ចាន់ឌី មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​បាន​​មាន​ប្រសាសន៍​ថា “ជន​រង​គ្រោះ​បាន​ចោទ​ជន​សង្ស័យ​ថា បាន​វាយ​ខ្លួន​ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់ទៀត។ ប៉ុន្តែ​ជន​សង្ស័យ​បាន​និយាយ​ថា គាត់​មិន​បាន​វាយ​ជន​រងគ្រោះ​ទេ ហើយ​ក៏​មិន​បាន​ដក​កាំភ្លើង​ភ្ជង់​ដែរ”។

លោក​ ចាន់ឌី បាន​បន្ថែម​ថា ” ខ្ញុំ​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានីភ្នំពេញហើយ ប៉ុន្តែ​ជន​រងគ្រោះ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ជន​សង្ស័យទេ”។

លោកឧត្តម​សេនីយ៍​ទោ រ័ត្ន ស៊្រាង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​រឿង​នេះ​លម្អិត​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​​ក្រុម​ស៊ើប​អង្កេត​។

លោក​បាន​មាន​ប្រសាសន៍​ថា ” រឿង​នេះ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​ពី​ជន​រងគ្រោះ ហើយ​យើង​នឹង​ស៊ើប​​អង្កេត​បន្ត​ទៀត​”។

ប៉ុន្តែ ​លោក​វរសេនីយ៍ឯក ប៉ុល ដាវី មេបញ្ជាការរង​កង​រាជអាវុធ​ហត្ថ​រាជ​ធានី បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យរូបនេះ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​គ្រាន់​តែ​អប់​រំ និង​​ដាក់​ពិន័យ​គាត់​ប៉ុណ្ណោះ។ ជន​រងគ្រោះ​មិន​បាន​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ជន​សង្ស័យ​ទេ”៕ សារុន​ ​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស