38 C
Phnom Penh

ក្រុម​ហ៊ុន​ជប៉ុន​សូម​ទោស​ខ្មែរ​ចំពោះ​ការ​បោះ​ពុម្ព​សៀវភៅ​មគ្គុទេសក៍​វៀតណាម​ដែល​មាន​រូប​អង្គរវត្ត​លើ​ក្រប​មុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា រោងពុម្ព​​មួយ​របស់​ជប៉ុន​បាន​ដក​ខ្លួន​ចេញ​ពីការ​​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​មគ្គុទេសក៍​​របស់​វៀតណាម​ ដែល​មានរូប​​ប្រាសាទ​អង្គរ​វត្ត​នៅ​លើ​ក្រប​មុខ​ បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​សំណាក់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​​ប្រទេស​ជប៉ុន។

លោក ស៊ឹម វីរៈ លេខា​ទី១​នៅ​ស្ថានទូត​ខ្មែរ​​ប្រចាំ​ប្រទេស​ជប៉ុន ​បាន​លើក​ឡើង​នៅ​ក្នុង​សារ​មួយ​តាម​ហ្វេសប៊ុក​ថា ស្ថានទូត​បាន​​ធ្វើ​ការ​តវ៉ា​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​បោះ​ពុម្ព​អាស៊ូកា (Asuka Publishing Company) បន្ទាប់ពី​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ប្រទះ​ឃើញ​កំហុស​ឆ្គង​នេះ​។

លោក​បាន​សរសេរ​ថា ” ក្រុម​ហុ៊ន​បាន​សូមទោស​រួច​ហើយ​ចំពោះ​កំហុស​ឆ្គង​របស់​ពួកគេ​ និង​ចំពោះ​ការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈឺចាប់​។ ក្រុម​ហ៊ុន​នឹង​បញ្ឈប់​ការ​លក់​របស់​ខ្លួន​រហូត​ទាល់​តែ​​រចនា​ក្រប​សៀវភៅ​ថ្មី​ចប់​រួច​រាល់​”។

លោក​ អេអុីឈិ អុីស៊ីណុ (Eiichi Ishino) ប្រធាន​ក្រុម​ហ៊ុន​​បោះ​ពុម្ព​ Asuka Publishing Company បាន​សូមទោស​ចំពោះ​កំហុស​ឆ្គង​នេះ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចុះថ្ងៃ​ទី១៤ ខែ​កក្កដា ដែល​បង្ហោះ​តាម​គេហទំព័រ​របស់​ក្រុម​ហ៊ុន​នេះ​។ លោក​យល់​ថា កំហុស​ឆ្គង​នេះ​កើត​ឡើង​ដោយ​សារ​គ្មាន​ការ​ត្រួត​ពិនិត្យ​​ត្រឹម​ត្រូវ​មុន​ពេល​បោះ​ពុម្ព​ផ្សាយ។

លោក ប៉ា ច័ន្ទរឿន នាយក​មជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និង​សីលធម៌​កម្ពុជា​ ដែល​បាន​ចែករំលែក​រូប​ភាព​សៀវភៅ​មគ្គុទេសក៍​នេះ​តៗគ្នា​ជាច្រើននៅ​តាម​ហ្វេសប៊ុក​ បាន​មាន​ប្រសាសន៍​ថា ការ​​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ​នូវ​និមិត្តរូប​ជាតិ​របស់​ខ្មែរ​​​ គឺ​រសើប​ណាស់​ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​តាន​តឹង​ជាមួយ​ប្រទេស​វៀតណាម​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” [គ្រប់​ប្រទេស​ទាំង​អស់​] តែង​តែ​មិន​សប្បាយ​ចិត្ត​ ពេល​ឃើញ​គុណតម្លៃ​របស់​ខ្លួន​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​មិន​ត្រឹម​ត្រូវ​។ នៅពេល​ប្រើ​ប្រាស់​​អ្វី​ដែល​ជា​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ​របស់​ប្រទេស​មួយ​ ចាំបាច់​ត្រូវតែ​ប្រុង​ប្រយ័ត្ន ជាពិសេស​ក្នុង​ចំណោម​ប្រទេស​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​នឹង​គ្នា​”។

លោក​ យ៉ូស៊ិហ៊ិរុ៉ ហ៊ីហ្គូឈិ (Yoshihiro Higuchi) មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​ថា ស្ថានទូត​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​ទង្វើ​​របស់​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ” ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ ប្រទេស​ជប៉ុន​ និង​ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ និង​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ជា​លំដាប់​នៅ​កម្រិត​និងវិស័យ​ផ្សេងៗគ្នា​ មិន​ត្រឹម​តែ​នៅ​ក្នុង​ទំនាក់​ទំនង​​​រវាង​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កិច្ច​​សហប្រតិបត្តិការ​​រវាង​ក្រុម​ហ៊ុន​ និង​ក្រុម​ហ៊ុន​ ព្រម​ទាំង​រវាង​ប្រជា​ជន​ និង​ប្រជាជនផង​ដែរ​ ដែល​ប្រទេស​ជប៉ុន​ជឿថា នឹង​បន្ត​ទៅ​ទៀត​នៅ​ពេល​អនាគត”។

លោក កឹម អឿន នាយក​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​​កម្ពុជា​-ជប៉ុន (CJCC) បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចង​់​ធ្វើ​អត្ថាធិប្បាយ​អំពី​​​​ករណី​នេះទេ ប៉ុន្តែ​លោក​យល់​ថា ប្រទេស​ទាំង​ពី​រ​មាន​ទំនាក​់​ទំនង​ល្អ​នឹង​គ្នា​។

លោក​បាន​លើក​ឡើង​ទៀត​ថា ” ការ​បង្កើត​មជ្ឈមណ្ឌល​នេះឡើង​ [ជា​ឧទាហរណ៍] បង្ហាញ​ថា រដ្ឋាភិបាល​ជប៉ុន​ចង់​ចូល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​”៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស