33 C
Phnom Penh

អ្នក​ភូមិ​ខេត្ត​ក្រចេះ​មក​​ស្នាក់​នៅ​ក្នុង​វត្តសាមគ្គីរង្សីម្តង​ទៀត​តវ៉ាអំពី​វិវាទដីធ្លី​របស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ប្រហែល​១៦០នាក់​មកពី​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ដែលបាន​ជាប់​ពាក់ព័ន្ធនឹង​វិវាទដីធ្លី​ជាមួយម្ចាស់​ចម្ការ​ម្នាក់​គឺ​ជា​អ្នក​ដែលត្រូវ​បាន​បណ្តេញចេញថ្មីៗមក​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ក្នុង​រាជ​ធានីភ្នំពេញ។

អ្នក​នាំពាក្យ​សាលា​រាជធានីម្នាក់​​ដែលបាន​ប្រឹង​ប្រែង​ម្តងហើយ​ម្តងទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ដើម្បី​រារាំងវត​្ត​នេះ​មិន​ឲ្យក្លាយ​ជា​​កន្លែង​ជ្រកកោនសម្រាប់​អ្នក​តវ៉ា​មក​ពី​តាមខេត្តបាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញថា អាជ្ញាធរ​នឹង​ស្នើឲ្យ​អ្នកភូមិ​ចាកចេញ។

អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​បាន​​​មក​​​ដល់​​​វត្ត​​​នេះ​​​កាល​​​ពីព្រឹក​​​ម្សិលមិញ ហើយ​​​អ្នក​​​ភូមិ​​​៦៤​​​នាក់​​​ទៀត​​​បាន​​​មក​​​ដល់​​​នៅ​​​ពេល​​​រសៀល​​​​​​តាម​​​រថយន្ត​​​ពីរ​​​គ្រឿង​​​បន្ទាប់​​​ពី​​​លោក គង់ ចំរើន ជា​លេខា​​​នៅ​​​ខុទ្ទ​​កាល័យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​របស់​​​ពួក​​​គាត់​​​នៅ​​​សួន​​​​​​មុខ​​​វត្ត​​​បទុម​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដែល​​​ស្នើ​​​សុំ​​​ជំនួយ​​​ក្នុង​វិវាទ​​​ដី​​​ធ្លី​នេះ​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។

អ្នក​​​ស្រី អ៊ុត សៀង​​​ហៃ អាយុ​​​៦៦​​​ឆ្នាំ បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា “ខ្ញុំ​​​នឹ​​​ងស្នាក់​​​នៅ​​​វត្ត​​​នេះ​​​រហូត​​​ដល់​​​សម្តេច​​​ ហ៊ុន សែន ចេញ​​​លិខិតមួយច្បាប់​​​បញ្ជា​​​ឲ្យ​​​អាជ្ញាធរ​​​ខេត្ត​​​ប្រគល់​​​ដី​​​ឲ្យ​​​ពួក​​​យើង​​​វិញ​​​”។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា អ្នក​​​ភូមិ​​​ជាច្រើន​​​នាក់​​​ទៀត​​​មាន​​​គម្រោង​​​ចូល​មក​ពី​ស្រុក​​ស្នួល​នៅ​​​ថ្ងៃ​​​នេះ​​​។

លោក ឡុង​​​ ឌីម៉ង់ អ្ន​​​ក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​នឹង​​​មិន​​​អត់​​​ឱន​ចំពោះអ្នក​​​ភូមិ​​​ដែល​​​ស្នាក់​​​នៅ​​​វត្ត​​​នេះ​​​ឡើយ​​​។ លោក​បាន​​​មាន​​​ប្រសា​​សន៍​​​កាល​​​ពីម្សិលមិញ​​​ថា “យើង​​​នឹង​​​បញ្ជូន​​​មន្ត្រី​​​របស់​​​យើង​​ទៅ​​​ពិនិត្យ​​​មើល​​​ ហើយ​​​ប្រសិន​​​បើ​​​ើយើង​​​ឃើញ​​មនុស្ស​ស្នាក់​​​នៅ​​​ទី​​​នោះ​​​ យើង​​​នឹង​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ ពី​​​ព្រោះ​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​រឿង​​​តូច​​​កាន់​​​តែ​​​ធំ​​​ទៅ​​​ៗ​​​ឡើយ​​​”។

ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​អះ​​​អាង​​​ថា បាន​​​ចាប់​​​ផ្តើម​​​ផ្លាស់​​​មក​​​រស់​​​នៅ​​​លើ​​​ដី​​​ស្ថិត​​​ក្នុង​​​ឃុំ​​​ស្នួល​​​នេះ កាល​​​ពីឆ្នាំ​​​២០០០​​​ បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​ក្រុមហ៊ុន Horizon Agriculture Development  ដែល​​​បាន​​​ទិញ​​​ដី​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ ដើម្បី​​​ធ្វើ​​​ចម្ការ​​​ដំឡូង​​​មី​​​ និង​​​ចម្ការ​​​ម្រេច បន្ទាប​​​់ពី​​​ក្រុមហ៊ុន Growest Trading Co. បាន​​​ឈូស​​​ឆាយ​​​ដី​​​ចំនួន​​​១.៥៦២​​​ហិកតា កាល​​​ពីពីរ​​​ឆ្នាំ​​​មុន​​​​នោះ។

ក្រុម​​​ការ​​​ងារ​​​ថ្នាក់​​​ខេត្ត និង​​​​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​បាន​​​ចុះ​​​មក​​​វាស់​​​វែង​​​ដី​​​ឲ្យ​​​អ្នក​​​ភូមិ​​​កាល​​​ពីឆ្នាំ​​​២០១២ ប៉ុន្តែ មិន​​​បាន​​​ចេញ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ឲ្យ​​​ឡើយ​​​។

លោក សំ ណាល់ អភិបាល​​​ស្រុក​​​ស្នួល​​​ បានមាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញថា “យើង​​​បាន​​​វាស់វែង​​​ដី​​​នេះសម្រាប់គ្រួសារអ្នកភូមិ​ទាំងនោះ ប៉ុន្តែ ក្រុម​​​ហ៊ុន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​មក​​​យើង​​​ដោយសួរ​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​យើង​​​វាស់​​​វែង​​​ដី​​​របស់​​​ពួក​​​គេ​​​ ដូច្នេះ​​​ហើយយើង​​​បាន​​​ប្រគល់​​​​ដី​​​នេះ​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​វិញ បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​”។

នេះ​​​ជា​​​ករណី​​​ទី​​​២​​​ហើយ​​​នៅ​​​ឆ្នាំ​​​នេះ ដែល​​​អ្នក​​​ភូមិ​​​មក​​​ពី​​​ស្រុក​​​ស្នួល​​​បាន​​​មក​​​ស្នាក់​​​នៅ​​​ក្នុង​វត្ត​​​សាម​​​គ្គីរង្សី។ កាល​​​ពី​​​ខែ​​​ឧសភា​​​ អ្នក​​​ភូមិ​​​ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទដីធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​មិន​​​អើពើ​​​នឹង​​​សំណើ​​​ដដែលរបស់​​​អាជ្ញាធរ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​វត្ត​​​នេះ​​​មុន​​​ពេល​​​ទទួល​​​យក​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ចំនួន​​​៧៥០​​​ហិក​​​តា។

ព្រះ​​​តេជ​​​គុណ​​​ ថាច់ ហា​​​សំអាង គ្រូ​​​សូត្រ​​​ស្នាំ​​​វត្ត​​​នេះ​​​បាន​​​មាន​​​សង្ឃដីកា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “យើង​​​មាន​ការ​ព្រួយបារម្ភ​​​អំពីអាជ្ញាធរ​​​ ប៉ុន្តែ យើង​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​។ នេះ​​​គឺ​​​វត្ត​​​អារាម ហើយ​​​យើង​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រីក្រ​​​​​​​​​នៅ​​​ពេល​​​ពួក​​​គាត់​​​ត្រូវ​​​ការ​​​ស្នាក់​​​នៅ”៕សារុន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស