អ្នកភូមិប្រហែល២៥០នាក់បានតវ៉ាប្រឆាំងក្រុមហ៊ុនអភិវឌ្ឍន៍ផានអុីម៉ិច កាលពីម្សិលមិញ ខណៈដែលមេឃុំរបស់ពួកគាត់ប្រឈមនឹងការសាកសួរនៅសាលាដំបូងខេត្តកណ្ដាលជុំវិញវិវាទដីធ្លីមួយ។
រយៈពេលបួនថ្ងៃជាប់ៗគ្នា អ្នកភូមិមកពីឃុំពញាឮ បានប្រមូលផ្ដុំគ្នានៅមុខតុលាការ ដោយចោទក្រុមហ៊ុនផានអុីម៉ិចថា បានរំលោភយកដីចំនួន៦៣ហិកតា ដែលជាកម្មសិទ្ធិរបស់អ្នកភូមិ១៨០គ្រួសារ។
កាលពីខែមុន ក្រុមហ៊ុនអភិវឌ្ឍន៍នេះបានដាក់ពាក្យបណ្ដឹងប្ដឹងអ្នកភូមិ១២គ្រួសារថា បានបិទផ្លូវ និងដកបង្គោលព្រំដី ដែលនាំឲ្យមានការកោះហៅអ្នកភូមិមកសាកសួរនៅតុលាការ។
រយៈពេលជាង៤ម៉ោងបន្ទាប់ពីការតវ៉ាកាលពីម្សិលមិញ ដែលបានចាប់ផ្ដើមនៅម៉ោង៨ព្រឹក លោកមេឃុំ យូ ផាត់ និងអ្នកភូមិឈ្មោះ លៀង ឡេង អាយុ៣៧ឆ្នាំ បានចេញពីតុលាការ ហើយស្រែកថា ” សូមរកយុត្តិធម៌ជូនលោកមេឃុំរបស់យើងផង!”។
លោក យូ ផាត បាននិយាយនៅខាងក្រៅតុលាការថា ” ការចោទប្រកាន់នេះមិនពិតទេ ពីព្រោះអ្នកភូមិរបស់ខ្ញុំមិនដែលបានលក់ដីទៅឲ្យក្រុមហ៊ុនណាមួយឡើយ”។
អ្នកភូមិឈ្មោះ សេង គឹមអុី អាយុ៥៣ឆ្នាំ ដែលតុលាការបានសាកសួរប្ដីរបស់គាត់កាលពីដើមសប្ដាហ៍នេះបាននិយាយថា គ្រួសាររបស់អ្នកស្រីបានកាន់កាប់ដីនេះតាំងពីឆ្នាំ១៩៨០មកម្លេ៉ះ។
អ្នកស្រីបានសួរថា ” យើងគឺជាជនរងគ្រោះ ដូច្នេះហេតុអ្វីបានជាក្រុមហ៊ុនដាក់ពាក្យបណ្ដឹងប្តឹងយើងទៅវិញ? ខ្ញុំបានធ្វើដំណើរចម្ងាយជាង៤០គីឡូម៉ែត្រមកទីនេះ ពីព្រោះខ្ញុំចង់បានយុត្តិធម៌”។
លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា តុលាការនឹងបន្តស៊ើបអង្កេតរឿងក្ដីនេះ។ លោកបានមានប្រសាសន៍ថា ” យើងបានបញ្ចប់ការសាកសួរនៅថ្ងៃនេះ ហើយយើងមិនទាន់បានចោទប្រកាន់នរណាម្នាក់នៅឡើយទេ។ យើងនឹងបន្តសាកសួរមនុស្សជាច្រើនទៀត ប្រសិនបើយើងទទួលបានពាក្យបណ្ដឹងពីមេធាវីដើមចោទ”។
លោក ឃឹម សុវណ្ណាវុធ អាយុ៤៩ឆ្នាំ ជាឧត្តមសេនីយ៍ទោក្រសួងមហាផ្ទៃត្រូវបានសាកសួរនៅតុលាការកាលពីថ្ងៃច័ន្ទ បន្ទាប់ពីក្រុមហ៊ុនផានអុីម៉ិច បានចោទលោកថា បានលក់ដីមួយក្បាលរបស់ក្រុមហ៊ុនកាលពីដើមឆ្នាំនេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគាំទ្រអ្នកភូមិក្នុងការទាមទារដីនោះ”។ លោកបានបន្ថែមថា លោកមានលិខិតទិញលក់ដីទំហំ៨០ម៉ែត្រក្រឡានេះដែលបានទិញកាលពីឆ្នាំ១៩៩៣។
លោក នូ ឡា តំណាងក្រុមហ៊ុនផានអុីម៉ិច បាននិយាយថា ក្រុមហ៊ុនបានទិញដីនេះពីក្រុមហ៊ុនឯកជនមួយកាលពីឆ្នាំ១៩៩៦ ប៉ុន្តែបានបដិសេធមិនប្រាប់ឈ្មោះអ្នកលក់ទេ។ លោកបានមានប្រសាសន៍ថា ” វាជាដីរបស់ក្រុមហ៊ុន។ យើងមានប័ណ្ណកម្មសិទ្ធិចំនួន១៤លើដីនោះ”៕ សារុន