34 C
Phnom Penh

កិច្ច​​​ព្រមព្រៀង​​​​នយោ​​​បាយ​ជួយស្តារ​​​​ទំនុក​​​ចិត្ត​​​របស់​​​វិនិយោគិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈដ្ឋានពាណិជ្ជកម្ម​​​នៅ​​​ប្រទេស​​​កម្ពុជា​ទំនង​​​ជា​​​មានអារម្មណ៍​​​ធូរ​​​ស្រាល​​​ក្នុង​​​ចិត្ត បន្ទាប់​​​ពី​​​មាន​​​ព័ត៌មាន​​​កាលពី​​​ថ្ងៃ​​​អង្គារ អំពី​​​ការ​​​បញ្ចប់​​​ភាព​​​ទាល់​​​ច្រក​​​នយោបាយ​​​ជិត​​​មួយ​​​ឆ្នាំ ដែល​បាន​​​បណ្តាល​​​​ឲ្យ​​​​វិនិយោគ​​​ផ្ទាល់​​​​​​ពី​​​បរទេសថយ​ចុះ។

យោង​​​តាម​​​លោក គ្រិស ហុបដិន (Chris Hobden) មន្ត្រី​ប្រមូល​ទិន្នន័យ​​​នៅ​​​ក្រុមហ៊ុន​​​អចលនទ្រព្យ CB Richard Ellis (Cambodia) Co. Ltd បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ភាពទាល់ច្រកដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​តវ៉ា​​​ជាសាធារណ​​ជាច្រើន​​​លើក ជាពិសេស​កាលពី​​​ចុង​​​ឆ្នាំ​​​មុន បាន​​​ធ្វើ​​​ឲ្យ​​​វិនិយោគិន​ដ៏មាន​​​សក្តានុ​ពល​​​ជា​​​ច្រើន​​​នាក់ដក​​​ខ្លួន​​​ចេញពី​​​ទី​​​ផ្សារ​​​ក្នុង​​​ស្រុក។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា “ភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​ខាង​​​នយោបាយ ហើយ​​​ជួនកាលមាន​​​ចលាចល​​​ស៊ីវិល​​​ផង​​​នោះ ច្បាស់​​​ណាស់​​​បាន​​​នាំ​​​ឲ្យ​​​វិនិយោគិន​មាន​​​សក្តានុ​ពល​​​ជាច្រើន​​​នាក់​​​ពន្យារ​​​ពេល​មិន​​​ចូល​​​ទី​​​ផ្សារ​​​កម្ពុជា”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ស្រប​ពេល​ដែល​មនុស្ស​ភាគច្រើន​ចងចាំក្នុងចិត្តថា ​ប្រទេស​កម្ពុជា​នៅ​តែ​មានស្ថិរភាព​នយោ​បាយ​គ្រាន់បើ​ ​​​ភាព​​​​ទាល់ច្រក​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ក៏បាន​​​ធ្វើ​​​ឲ្យ​​​ខូច​​​ប្រយោជន៍​​​ដល់​​​ការ​​​វិនិយោគ​​​បរទេស​​​យ៉ាង​​​ជាក់​​​ច្បាស់”។

លោក ហុបដិន បាន​​​បន្ថែម​​​ថា​ វា​​​ឆាប់​​​ពេក​​​នៅ​​​ឡើយ​​​ក្នុង​​​ការ​​​វាយ​​​តម្លៃ ថា​តើ​សំខាន់​​​យ៉ាងណា​​​ដែល​​​ផល​​​នៃ​​​ដំណោះ​​​ស្រាយ​​​នយោបាយ​​​​​នឹង​​​មាន​​​លើ​​​វិនិយោគិន ប៉ុន្តែ​ថា “ច្បាស់​ណាស់​​​ វា​ជា​​​ជំហាន​​​មួយ​​​ក្នុង​​​ទិស​​​ដៅ​​​ត្រឹមត្រូវ”។

បើ​ទោះ​ជា​​​​ការ​ប៉ាន​​​់ប្រមាណ​​​កំណើន​​​សេដ្ឋកិច្ច​​​នៅ​​​តែ​​​ខ្ពស់​​​ប្រហែល​​​៧​​​​ភាគរយ សម្រាប់​​​​​ឆ្នាំ​​​ទី​​​​៣​ជាប់ៗ​​​គ្នា​​​ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ខែ​​​កក្កដា​​​ឆ្នាំ​​​មុន​​​ក៏​​​ដោយ ក៏​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី​​​បាន​​​និយាយ​​​​​​ក្នុង​​​ទស្សន​​​វិស័យ​​របស់​​​ខ្លួន​ឆ្នាំ​​​នេះ​​​ថា ស្ថានភាព​​​នយោបាយ​​​បាន​​​ធ្វើ​​​ឲ្យ​​​ខូច​ជំនឿ​​​ទុក​​​ចិត្ត​​​អ្នក​​​វិនិយោគទុន និង​​​បាន​​​បង្អាក់​​​ផលិតកម្ម​​​ក្នុង​​​ឧស្សាហ​កម្ម​ដ៏​​​ធំ​​​បំផុត​​​របស់​​​ប្រទេស​​​នេះ គឺ​​​ផលិត​​​កម្ម​​​វិស័យ​​​កាត់ដេរ។

ទស្សន​​​វិស័យ​​​នេះ​ដែល​​​ត្រូវ​​​បាន​​​ផ្សព្វផ្សាយ​​​កាលពី​​​ខែ​​​មេសា មាន​​​ខ្លឹមសារ​​​ថា “រំហូរ​ចូល​​​វិនិយោគទុន​​​ផ្ទាល់​​​ពី​​​បរទេស​​​សុទ្ធ​មាន​​​ទំហំ​​​១,៣​​​ពាន់​លាន​​​​ដុល្លារ ក៏​​​ប៉ុន្តែ​​​តួលេខ​​​នោះ​បង្ហាញ​ការ​​​ធ្លាក់​ចុះ​​​ពី​​​ឆ្នាំ​​​មុន មួយ​​​ផ្នែក​​​ដោយ​​សារ​​​ភាព​​​តានតឹង​​​នយោបាយ ក្រោយពី​​​ការ​​​បោះឆ្នោត​ជាតិ​​​​​​ខែ​​​កក្កដា​ឆ្នាំ​​២០១៣”។

លោក ហ្គ្រែន ណាក់ឃី (Grant Knuckey) នាយក​​​ប្រតិបត្តិ​ធនាគារ ANZ Royal បាន​​​មាន​​​ប្រសាសន៍​​​ថា ដំណោះស្រាយ​​​នេះ​​​នឹង​​​ជំរុញ​ឲ្យ​មាន​ការ​​​បណ្តាក់​​​​ទុន​​​ពី​សំណាក់​វិនិយោគិន និង​បង្កើន​កំណើន​សេដ្ឋកិច្ច​​​របស់​​​ប្រទេស​នេះ។ លោក​បាន​​​ឲ្យ​​​ដឹង​​​តាម​​​អុីម៉េល​​​​ថា​ “ភាព​​​ទាល់​​ច្រក​​​នេះ​មាន​​​ផល​​​ប៉ះពាល់​​​មួយ​​​ផ្នែក​​​លើ​​​សេចក្តី​​​​សម្រេច​វិនិយោគទុន​​​ ការ​សម្រេច​ចិត្ត​​​​ចូល​​​ទីផ្សារ​ ​​និង​​​ការ​​​បង្កើត​ការ​ងារ​មួយ​ចំនួន។ ​​​

សំខាន់​​​បំផុត គឺ​​​ សេដ្ឋ​​​កិច្ច​​​មិន​​​ដើរ​​​អស់​​​សក្តានុ​​ពល ប៉ុន្តែ​​​វា​​​នៅ​​​តែ​​​ដំណើរ​​​ការ​​​ល្អ​​​សម​ល្មម”។ លោក​បាន​មានប្រសាសន៍​បន្ត​ថា “ដូច្នេះ ផល​​ប៉ះពាល់​ខ្លាំង​នៃ​​​ដំណោះស្រាយ​​​​េនះ គឺ​​​​​​ផ្អែក​​​លើ​​​ការ​​​​​​ជឿ​​​ទុក​​​ចិត្ត ហើយ​​​បន្ទាប់​​​មក​​​ ការ​សម្រេចចិត្ត​​​វិនិយោគ​​​និង​​​ការ​​​​ជួល​បុគ្គលិក​។ ការ​​​នេះ​​​នឹង​​​កើត​​​ឡើង​​​ទៅ​​​តាម​​​ការ​​​ប្រើប្រាស់​​​និង​​​សេដ្ឋកិច្ច​​​ទូលំទូលាយ”។

លោក ច័ន្ទ វាសនា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វិជ្ជាជីវៈ​គណនេយ្យ APV ក្នុង​ស្រុក បាន​មាន​ប្រសាសន៍​ថា ការ​បញ្ចប់​ភាព​​ទាល់ច្រក​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​ទាក់ទាញ​ការ​វិនិយោគ​បាន​ច្រើន​ជាង​មុន ធៀប​ទៅ​នឹង​ប្រទេស​ថៃ​ជា​គូ​ប្រជែង​ក្នុង​តំបន់ ដែល​សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្រោម​រដ្ឋាភិបាល​​យោធា និង​ប្រទេស​វៀតណាម ហើយ​នឹង​ឈាន​ទៅ​រក​កំណើន​ផ្នែក​វិនិយោគទុន​ផ្ទាល់​ពី​បរទេស ក្នុង​ពេល​បី​ឆ្នាំ​បន្ទាប់។

លោក វាសនា​ មាន​ប្រសាសន៍​ថា “ពិត​ណាស់ វា​ទាក់ទាញ​ការ​​វិនិយោគ​ផ្ទាល់​ពី​បរទេស បន្ទាប់ពី​ការ​​ទាល់​ច្រក​នយោបាយ​ត្រូវ​បាន​ដោះ​ស្រាយ ដែល​ធ្វើ​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ប្រសើរ​ជាង​ប្រទេស​ជិត​ខាង”។​ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស