38.8 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ចង់​បាន​សេចក្ដី​លម្អិតនៃកិច្ចព្រម​​​ព្រៀង ​មុន​​ទទួល​យក​អាសនៈ​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំងដែល​បាន​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន កាលពី​ថ្ងៃ​អង្គារដើម្បី​បញ្ចប់​​​ការ​​​ធ្វើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​មិនចូល​សភាបាន​មាន​​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថាតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​លោក​នឹង​ស្បថ​ចូល​កាន់មុខ​​​​តំណែង​នៅ​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​លុះ​ត្រា​តែ​មាន​​​ការ​​​សម្រេច​​​លើ​​​សេចក្ដី​លម្អិត​ស្ដីពី​ផែន​ការ​កែ​ប្រែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ជាមុន​សិន​។

លោកហ៊ុន សែន និ​ង​លោក សម រង្ស៊ីបាន​ចូល​​​​បង្គំ​​​គាល់​ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី កាលពី​ថ្ងៃ​អង្គារដើម្បី​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ពិធី​ស្បថ​ចូល​កាន់​មុខ​តំណែង​។លោក​ សម រង្ស៊ីបាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថាគណបក្ស​សង្គ្រោះ​ជាតិ​​មាន​គម្រោង​ទទួល​យក​​អាសនៈរបស់​ខ្លួន​នៅ​ថ្ងៃ​អង្គារប៉ុន្តែ​បានលើក​​​ឡើង​​​ថាគណបក្ស​ទាំង​ពីរ​ត្រូវ​ដោះ​ស្រាយបញ្ហា​​​​សេចក្ដី​លម្អិត​​ក្នុងកិច្ច​ព្រម​ព្រៀង​​​​​​នា​​​សប្ដាហ៍​នេះ​សិន​។

លោកសម រង្ស៊ី មាន​ប្រសាសន៍​ទៀត​ថា ” ប្រសិន​បើ​អ្វីៗ​​ដំណើរការ​រលូន​ទៅ​មុខ​សភា​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​អង្គារ។ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៩យើង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​សមាជិក​ទី​​​៩ ​នៃ​គ.ជ.ប.​នាពេល​អនាគត​​​​​​​សិន​។ដោយ​សារយើង​ត្រូវព្រមព្រៀង​គ្នា​ប៉ុន្តែ​វា​ [កិច្ច​ព្រម​ព្រៀង​កាលពី​ថ្ងៃ​អង្គារ] មិន​បាន​បញ្ជាក់​ថាពេល​ណា​មុន​ ឬ​​​ក្រោយ​​​ការ​កោះ​ប្រជុំ​ឡើង​វិញ ដូច្នេះខ្ញុំ​​​ក៏​​​​បាន​​ស្នើ​ឲ្យ​ធ្វើ​មុន​”។

លោកសម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ត​ថាលោក​បាន​​​ពិភាក្សា​​​ជាមួយ​លោកស ខេងរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​អំពី​សំណើនេះ​​​រួច​​​ហើយ​​​​កាលពី​រសៀល​ថ្ងៃ​សុក្រហើយ​គេ​ប្រាប់​លោក​ថាមេដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​យក​វា​ទៅ​ពិចារណា​។

ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​អង្គារ​​​នេះគឺ​​​​​​ត្រូវ​​​​ធ្វើ​ឲ្យ​ គ.ជ.ប. ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​​​ដែល​​​​មាន​សមា​ជិក​ប្រាំបួនរូប​​​ក្នុង​​​នោះ​​​បួន​រូប​ជ្រើស​តាំង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​និង​​​បួនរូប​ជ្រើស​តាំង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។ការជ្រើស​​​តាំង​សមាជិក​ទី​៩​ដែល​ជា​សមាជិក​ចុង​ក្រោយ​ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​។ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​មិន​អាចឈាន​​​ដល់​​​ការ​​​ព្រម​ព្រៀង​គ្នា​​​​ទេនោះ​គ.ជ.ប.​ នឹង​​រក្សា​ទុក​​​​ឲ្យ​​​នៅ​​​ដដែល។

លោកសម រង្ស៊ី​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថាការ​ជ្រើស​​​​តាំង​សមាជិក​ទី​៩គឺ​ជា​បញ្ហា​បន្ទាន់​។លោកមាន​ប្រសាសន៍ទៀត​ថា ” [យើង​] ទទូចសុំ​​​ឲ្យ​​​​ដោះ​ស្រាយ​បញ្ហា​នេះ​​​នៅពេល​​​នេះ យើង​ដឹង​ពី​ផល​វិបាក។ ​ប្រសិន​បើ​ក្រោយ​ពី​ការ​ប្រជុំ​សភា​ឡើង​វិញ ហើយ​​​គ្មាន​ការ​ព្រម​ព្រៀង​គ្នា​ ពេល​នោះ​នឹង​ត្រូវ​អនុវត្ត​រូប​មន្ត​ចាស់​ដដែល​។​សម្រាប់​ពួក​យើង​ ការ​ដោះ​ស្រាយ​បញ្ហា​នេះ​​​ជា​​​រឿង​​​បន្ទាន់”​។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​​​​បន្ត​​​​ថា លោក​មាន​ជំនឿ​ថាលោក ហ៊ុន សែននឹង​ធ្វើ​តាម​ការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។លោក​ថ្លែង​​​​ថា ” លោក​ហ៊ុន សែន ជា​មនុស្ស​ឆ្លាតហើយ​គាត់​មិន​មើល​ស្រាល​សត្រូវ​របស់​គាត់ទេ​។គាត់​យល់​ថាគាត់​ត្រូវ​ធ្វើ​ឲ្យពួកយើង​សប្បាយ​ចិត្តគាត់​មិនត្រូវ​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្ត​​ទេពីព្រោះ​បើ​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្តវា​អាច​​​មាន​​​ផល​​​ប៉ះ​​​ពាល់”។

ពេល​សាក​សួរ​ថាហេតុអ្វី​បានជា​ការ​ជ្រើស​រើស​សមាជិក​ទី​៩​របស់​គ.ជ.ប.​មិន​ត្រូវ​បាន​លើក​ឡើង​អំឡុង​ការ​ចរចា​រយៈ​ពេល​៥ម៉ោង​កាល​ពី​ថ្ងៃ​អង្គាររវាង​មេដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជានិង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថាគណៈ​ប្រតិភូ​របស់​លោក​ទទួល​បាន​ “អនុសាសន៍ជាច្រើន”​។

លោក​​​​ថ្លែង​​​​ថា ” លោក​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថាវា​​​មិន​​​​ទំនង​​ទេដែល​ក្នុង​ចំណោម​ពល​រដ្ឋ​ខ្មែរ​១៤​លាន​នាក់​យើង​រកម្នាក់​​​​មិន​បាន​តាម​រយៈ​ការ​ព្រមព្រៀង​គ្នា​​​​​​នោះ​”។

​លោកញ៉ែម ថាវី តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជាដែល​ស្ថិត​ក្នុង​ជួរ​គណៈ​កម្មការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា ការ​​​ដាក់​​​ចេញ​​​សេចក្ដី​​​​លម្អិត​​​​​​ចុង​​​ក្រោយ​​​លើ​​​កិច្ច​​ព្រម​ព្រៀង​នេះ ​ត្រូវ​ធ្វើ​ឡើង​​​នៅ​​​ក្នុង​រដ្ឋសភាបន្ទាប់ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ស្បថ​ចូល​កាន់​មុខ​តំណែង​​​រួច។

លោក​មាន​ប្រសាសន៍​ថា ” គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នានិង​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​​​​ហើយ​​​ថាគណបក្ស​ទាំង​ពីរ​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​រដ្ឋសភា​ដើម្បី​សម្រេច​ជ្រើសរើស​សមាសភាព​សមាជិក​ទាំង​៩​របស់​គ.ជ.ប.។និយាយ​​​ពីករណី​នេះ​ មាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ដូច្នេះ​គ្មាន​អ្វី​ដែល​ត្រូវ​កែ​ប្រែ​ទេ។វា​មាន​ន័យ​ថាគណបក្ស​ទាំង​ពីរ​ចាំបាច់​ត្រូវអង្គុយ​ចុះ​​​​ធ្វើ​​​ការ​​​ជាមួយគ្នា​នៅ​រដ្ឋសភា ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​សមាជិក​ទាំង​៩នៃ ​គ.ជ.ប.។ដូច្នេះ​​​​វា​​​ត្រូវ​​​ការ​​​ឲ្យ​​​តំណាង​​​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ស្បថ​​​​ចូល​​​កាន់​មុខ​តំណែង​​​នៅ​​​​រដ្ឋសភា”។

កិច្ច​ព្រម​ព្រៀង​ដែល​​​សម្រេច​​​បាន​​​​​អំឡុងពេល​​​​ចរចា​កាលពី​ថ្ងៃ​អង្គារ​​​​​​​នេះ ទទួល​បាន​ការ​កោត​សរសើរ​ថាជាការ​បញ្ចប់​​​ស្ថាន​​​ភាព​​​​ជាប់​គាំង​ផ្នែក​នយោបាយ​ ដែល​បាន​អូស​បន្លាយអស់​រយៈ​ពេល​ជិត​១ឆ្នាំ​ក្រោយពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ថ្ងៃ​ទី​២៨ខែ​កក្កដា ឆ្នាំ​២០១៣​។គណបក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថាគ.ជ.ប.​ បាន​រៀបចំ​លទ្ធផល​ផ្លូវ​ការ​ទុក​ជាមុន​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​​​​​​បាន​​​​ជ័យជម្នះ​និង​​៦៨​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

លោកកឹម សុខាអនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថាក្រុម​ការ​ងារ​ចំនួន​បី ​​ដែល​ធ្វើការផ្នែក​​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញវិធាន​ផ្ទៃ​ក្នុង​របស់​រដ្ឋសភានិង​ច្បាប់​បោះ​ឆ្នោត​​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សេចក្ដី​លម្អិត​នៃ​កិច្ច​ព្រមព្រៀង​នេះ​។ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នឹង​ត្រូវ​ការ​ការ​បោះ​ឆ្នោត​ដោយ​សំឡេង​២ភាគ៣​នៃ​រដ្ឋសភាមាន​ន័យ​ថាតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ស្បថ​ចូល​កាន់តំណែង​ជាមុន​សិន​។

លោកកឹម សុខា បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​យើង​បញ្ចប់​កិច្ច​ការ​​​​ទាំង​​​បី​នេះ​រួច​​​ហើយទើប​​​យើង​អាច​ចូល​រដ្ឋសភា​បាន​។អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដោត​ជា​សំខាន់​បំផុត​គឺ​លើ​ការ​បោះ​ឆ្នោត​។ប្រសិន​បើ​យើង​គ្មាន​កំណែ​ទម្រង់​ល្អ​​លើ​ដំណើរ​ការ​បោះ​ឆ្នោត​ទេ​ ប្រទេស​របស់​យើង​នឹង​គ្មាន​ស្ថិរភាពហើយ​​ក្រោយ​ពីការ​បោះ​ឆ្នោត​ នឹង​កើត​មាន​ជម្លោះ​ទៀត​”។

លោកស្រីឡូរ៉ា ថនតុន (Laura Thornton) នាយក​​​​ប្រចាំ​ប្រ​​​ទេស​​​កម្ពុជា ​​​នៃ​​​​វិទ្យាស្ថាន​ជាតិ​​​ប្រជាធិបតេយ្យ(NDI) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​លើក​ឡើង​តាម​អុីម៉េល​​​​មួយ​​​ថាលោកស្រី​រីក​រាយ​ដែល​មើល​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​​​ព្យាយាម​​​​សម្រេច​​​លើ​​​សេចក្ដី​​លម្អិត​​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ​មុន​​ទទួល​យក​អាសនៈ​របស​់​ខ្លួន​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ” ខ្ញុំ​រីក​រាយ​ដែល​ឮថាចំណុច​​​​បន្ថែម​នៃ​កិច្ច​​ព្រម​ព្រៀង​នេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ ​មុនពេល​ចូល​អង្គុយ​ក្នុង​រដ្ឋសភាពីព្រោះ​​​​នៅ​​​ក្នុង​​​​​​​​​បញ្ហា​​​សំខាន់ៗ​​​មួយ​​​ចំនួន ​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ ‘ចូល​​​អង្គុយ​​​ជា​​​មុន រួច​​​ចាំ​​​និយាយ​​​គ្នា​​​​​ជា​​​ក្រោយ​​​’​ គឺ​ជា​ការ​ប្រថុយ​ប្រថានដោយសារ​​ធ្លាប់​មាន​បទ​ពិសោធន៍រួច​​​មក​​​ហើយ​​​​”៕សុខុម​

(រាយការណ៍​បន្ថែម​ដោយឃី សុវុឌ្ឍី)​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស