27 C
Phnom Penh

អ្នក​ភូមិ​ស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​លោក លី យ៉ុងផាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រអ្នក​ភូមិ​​ជាច្រើន​នាក់​មកពី​ខេត្ត​កោះ​កុងបាន​ដាក់​ញត្តិ​​នៅ​រាជ​ធានី​ភ្នំពេញ​​​​​​​ដោយ​ស្វែង​រក​អន្តរាគមន៍​ពី​អន្តរ​ជាតិ​ក្នុង​ជម្លោះ​ដីធ្លី​របស់​ខ្លួន​ជាមួយ​លោកលី យ៉ុងផាត់ អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​និង​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជា​ជន​កម្ពុជាដោយ​បាន​ចោទ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​របស់​លោក លី យ៉ុងផាត់បាន​រំលោភ​យក​ដី​ចម្ការ​របស់​ពួកគេ​។

តំណាង​ប្រាំ​រូប​របស់​​ប្រជាជន​​១៣៥​​គ្រួសារ​ដែល​និយាយ​ថាពួកគេ​បាន​បាត់​បង់​ដី​ចម្ការ​របស់​ខ្លួន​ដោយ​សារ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដ៏​ធំ​នេះ​ដែល​បាន​សង់​របង​ថ្ម​សម្គាល់​ព្រំ​ដី​​កាលពី​ខែ​មករា​នោះបាន​ដាក់​ញត្តិ​នៅ​ការិយាល័យ​ឧត្តម​​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​សហភាព​អឺរ៉ុប និង​ធនាគារ​ពិភព​លោក​។

លោក រួត សុផល ជា​តំណាង​សហគមន៍​បាន​មាន​ប្រសាសន៍​ថា ” ឥឡូវ​ក្រុម​ហ៊ុន​នេះ​កំពុង​​ហាម​យើង​មិន​ឲ្យ​ដាំដំណាំ​លើ​ដី​ចម្ការ​របស់​យើង​ទេ​។យើង​បាន​សម្រេច​ចិត្ត​ស្វែង​រក​ជំនួយ​ពី​​សហគមន៍​អន្តរ​ជាតិ​ពីព្រោះ​អាជ្ញាធរ​ខេត្ត​មិន​អើ​ពើ​នឹង​បញ្ហា​របស់​យើង​ឡើយ​”។ លោក សុផល បាន​បន្ថែម​ថា “យើង​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ផ្ដល់​សំណង​សមរម្យ​​ហើយ​យើង​សង្ឃឹមថាសហគមន៍​អន្តរជាតិ​នឹង​ដាក់​ការ​គាប​សង្កត់​លើ​អាជ្ញាធរ​”។

លោក ​លី យ៉ុង​ផាត់បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថាលោក​មិន​បាន​ជំពាក់​​​អ្វី​នឹង​អ្នក​ភូមិ​ទេ​ពីព្រោះ​ពួកគេ​មិន​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដីចម្ការ​​ដែល​លើក​ឡើង​នេះ​ឡើយ​។

លោក​ លី យ៉ុងផាត់ បាន​បន្ថែម​ថា ” ខ្ញុំ​នឹង​មិន​ផ្ដល់​សំណង​ណាមួយ​ឡើយ​ពីព្រោះ​ប្រជា​ជន​១៣៥​គ្រួសារ​នេះ​មិន​មែន​ជា​ម្ចាស់​ដី​ចម្ការ​ដែល​យើង​បាន​ធ្វើ​របង​ឡើយ​”។

លោក​បាន​បន្ថែម​ថា ” ខ្ញុំ​បាន​ទិញ​ដី​​២.២០០​​ហិកតា​​​ពី​អ្នក​​ភូមិ​ផ្សេង​ៗ​ទៀត​ដែល​ជា​ម្ចាស់​ដី​នេះ​”។ លោក​ លី យ៉ុងផាត់ បាន​មាន​ប្រសាសន៍​ថាតំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ដី​ប្រហែល​៩.៩៧៧​ហិកតា​ជា​ដី​សម្បទាន​ដែល​រដ្ឋាភិបាល​​ផ្ដល់​ឲ្យ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​និង​ឧស្សាហកម្ម​។ លោក ប៊ុន​ឡឺត អភិបាល​ខេត្ត​កោះ​កុងបាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ជម្លោះ​នេះ​ទេ។

យោង​តាម​លោក​សេក សំអុលប្រធានផ្នែក​​ផែន​ការ​និង​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​កោះកុង​បាន​​ឲ្យ​ដឹង​ថារោងចក្រ​ចំនួន​បី​របស់​ជប៉ុន​និង​​អ្នក​វិនិយោគទុន​ថៃ​បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​​ដោយ​រោងចក្រ​មួយ​ផ្សេង​ទៀត​កំពុង​សាង​សង់​។

ក្នុង​ពេល​ការ​រំលោភ​យក​ដី​ធ្លី​បាន​ក្លាយ​ជា​កង្វល់​ធំមួយ​ផ្នែក​សិទិ្ធ​​មនុស្ស​​នៅ​ក្នុង​ប្រទេស​នេះ​សហគមន៍​អន្តរជាតិ​មិន​ចង់​ពាក់ព័ន្ធ​ទេ។

សហភាព​អឺរ៉ុប​​បាន​រង​ការ​​រិះគន់​​​ចំពោះ​ការ​ជួយ​ជំរុញ​​ឲ្យ​មានការ​រំលោភ​យក​ដីធ្លីនិង​ការ​រំលោភ​សិទ្ធិ​ជាច្រើន​ផ្សេង​ទៀត​ក្នុង​ឧស្សាហកម្ម​ស្ករ​ស​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​គម្រោង​ពាណិជ្ជកម្ម​ដែល​មិន​​ជាប់​​ពន្ធ​នៅ​​ប្លុក​អឺរ៉ុប​។

ចម្ការ​អំពៅ​​របស់​លោកលី យ៉ុងផាត់​បាន​ក្លាយ​ជា​ចំណុច​ផ្ដោត​នៃ​យុទ្ធនាការ​ ” ស្ករ​ឈាម​” ដើម្បី​ដាក់​សម្ពាធ​លើ​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ស្ដារ​ឧស្សាហ​កម្ម​នេះ​៕មានិត​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស