31.8 C
Phnom Penh

នៅ​ពេល​ធ្វើ​មហាសន្និបាត​ជាតិ​លើក​ទី​១ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​អ្នក​គាំ​ទ្រ​អត់​ធ្មត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី និង​​​លោក កឹម សុខា មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​ប្រើ​មហា​​​សន្និបាត​​​ជាតិ​​​លើក​​​ទី​​​១​​​របស់​គណបក្ស​​​ប្រឆាំ​​​ង ដែល​​​រួប​​​រួម​​​គ្នា​​​នេះ​​​​​​ដើម្បី​​​អំពាវ​​​នាវ​​​ទៅ​អ្នក​​​គំា​​​ទ្រ​​​កំុ​​​ឲ្យ​​​បោះ​​​បង់​​​ចោល​​​គណបក្ស បន្ទាប់​​​ពី​​​ខ្លួន​​​បាន​​​ធ្វើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​សប្តាហ៍​​​មុន ជាមួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​ចូល​​​រដ្ឋ​​​សភា។

ដោយ​​​មិន​មាន​ឱកាស​​ធ្វើ​​​បាតុកម្ម​​​ និង​​​​​​​​ការ​​​ចូល​​​រួម​​​ច្រើន​​​ចាប​​​់​​​តាំង​​​ពី​​​មាន​​​ការ​​​ហែ​​​ក្បួន​​​តវ៉ា​យ៉ាង​ធំកាល​ពី​ចុង​ឆ្នាំ​មុន​​ដើម្បី​​​បណ្តេញ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ចេញ​​​ពី​​​អំណាច​នោះ មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​របស់​​​ខ្លួន​​​គិត​​​អំពី​​​ការ​​​រីក​​​ចម្រើន​​​ដ៏​​​លឿន​​​របស់​​​គណបក្ស​​​​​ចាប់​​​តាំង​​​ពី​​​គណបក្ស​​​នេះ​​​បាន​​​បង្កើត​​​​​​ដំបូង​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១២​​​។

លោក សម រង្ស៊ី បាន​​​ស្រែក​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​លោក​​​ ដែល​​​អង្គុយ​ជា​ជួរ​​​​​​ក្រោម​​​​​​ដំបូល​​​តង់​​​នៅ​​លើ​សួន​​​មុខ​​​វត្ត​​​បទុម​​​ថា “ដំណាក់​​​កាល​​​ទី​​​១​​​របស់​​​យើង​​​គឺ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ទាម​​​ទារ​​​យុត្តិធម៌​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​ឈាន​​​ដល់​​​ដំណាក់​​​កាល​​​ទី​​​២ គឺ​​​ស្វែង​​​រក​​​ដំណោះស្រាយ​​​តាម​​​រយៈ​​​ការ​​​ចរចា និង​​​សន្តិភាព​​​”។

មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ព្រម​​​ព្រៀង​​​ជាមួយ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដើម្បី​​ធ្វើ​​​ឲ្យ​​​សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចូល​​​ទៅ​ក្នុង​​​រចនា​​​សម្ព័ន្ធ​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) ជាស្ថាប័ន​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​គ្រប់​​​គ្រង​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​នោះ​​​ គឺ​​​ជា​​​ជំហាន​​​ដ៏​​​សំខាន់​​​នៅ​​​ក្នុង​​​ការ​​​វិវឌ្ឍ​​​របស់​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​ដឹក​​​នាំ​​​រដ្ឋាភិបាល​​​។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “ឲ្យ​​​តែ​​​មា​​​ន​​​ គ.ជ.ប.ថ្មី​​​ ឯករាជ្យ​​​ និង​​​មាន​​​អព្យាក្រឹត​​​ធ្វើ​​​ការ​​​ដើម្បី​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ​​​ និង​​​យុត្តិធម៌​​​នោះ យើង​​​នឹង​​​ឈ្នះ​មិនខាន ហើយ​​​នេះ​​​គឺ​​​ជា​​​អ្វី​​​ដែល​​​យើង​​​កំពុង​​​ដោះស្រាយ​​​។ បន្ទាប់​​​ពី​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ គ.ជ.ប. និង​​​សមាសភាព គ.ជ.ប.​ហើយ យើង​​​នឹង​ឈ្នះ​​​ ហើយ​​​​​​ដឹក​​​នាំ​​​ប្រទេស​​​ ហើយ​​​យើង​​​នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​ដើម្បី​​​សង្គ្រោះ​​​ជាតិ​​​។

​​​យោង​​​តាម​​​លទ្ធ​​​ផល​​​ផ្លូវ​​​ការ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ឆ្នាំ​​​មុន គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​ច្របាច់​បញ្ចូល​​​គ្នា​​​នេះ​​​បាន​​​ទទួល​​​៥៥​​​អាសនៈ រីឯ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​៦៨​​​អាសនៈ​​​។ លទ្ធផល​​​នេះ​បាន​​ធ្វើ​ឲ្យ​បាត់​បង់​ក្តី​សង្ឃឹម​​របស់​លោក ហ៊ុន សែន​​ដែល​ថា មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​​​​​​​គណបក្ស​លោក​ស្ទើរ​​​តែ​​​ទាំង​​​អស់​ ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​តវ៉ា​​​រាប់​​​ខែ​​​ប្រឆាំង​​​រូប​​​លោក​​​។

នៅ​​​ឯ​​​សន្និបាត​​​កាល​​​ពី​​​ម្សិលមិញ ដែល​​​ជា​​​សន្និបាត​​​លើក​​​ដំបូង​​​ក្នុង​​​ប្រវត្តិសាស្ត្រ​​​របស់​​​គណបក្ស​​​នេះ​​​ អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រហែល​​​២.០០០នាក់​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ជាតិ​​​ និង​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រហែល​​​៥.០០០នាក់​​​។

នៅ​​​ពិធី​​​មហា​​​សន្និបាត​​​នេះ​​​ គេ​​​បាន​​​ដាក់​​​អេក្រង់​​​អិល​​​ស៊ីឌី​​​ធំៗ​​​នៅ​​​តាម​ផ្លូវ​ដើរ​នៅ​ចន្លោះ​​​តង់​​​កៅស៊ូ ដើម្បី​​​ឲ្យ​​​អ្នក​​​នៅ​​​ឆ្ងាយ​​​ពី​​​វេទិកា​​​ ដែល​​​មិន​​​អាច​​​មើល​​​ឃើញ​​​​​អាច​​​មើល​​​ឃើញ​​​បាន ហើយ​អ្នក​ថត​រូប​​​ភាព​ម្តង​ចាប់​យក​​វាគ្មិន​​​នៅ​​​លើ​​​វេទិកា ម្តង​ចាប់​យក​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​នៅ​​​ក្បែរ​​​នោះ និ​​​ងអ្នក​​​ចូល​​​រួម​​​ជាច្រើន​ទៀត។

លោក កឹម សុខា ដែល​​​ជា​​​អតីត​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ធិបតេយ្យ​សេរី​​​​​និយម​​​ព្រះ​​​ពុទ្ធ​​​សាសនា បន្ទាប់ពី​​​ការ​​​បោះ​​​ឆ្នោត​​​១៩៩៣ និង​​​ជា​​​សមាជិក​​​ព្រឹទ្ធ​​​​​សភា​​​មក​​​ពី​​​គណបក្ស​​​ហ្វុ៊ន​​​សិុន​​​បិុច​​​ក្រោយ​​​ឆ្នាំ​​​១៩៩៨​​ ​បាន​​​ប្រាប់​​​អ្នក​​​ចូល​​​រួម​​​ថា លោក​​​ដឹង​​​ច្បាស់​​​ពី​​​គ្រោះ​​​ថ្នាក់​ក្នុង​ការ​សហ​ការ​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា។

ប៉ុន្តែ អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​ បាន​​​បញ្ជាក់​​​ថា គណបក្ស​​​មិន​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក្នុង​​​រដ្ឋាភិបាល​​​ចម្រុះ​​​ទេ​​​ ហើយ​​​នៅ​​​តែ​​​ធ្វើ​​​ជា​​​គណបក្ស​​​ប្រឆាំ​​​ងដដែល​​​។

លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “ដើម្បី​​​ពង្រឹ​​​ង​​​ប្រជា​​​ប្រិយ​​​ភាព​​​របស់​​​យើង និង​​​ដើម្បី​​​ឈ្នះ​​​ឆ្នោត​​​នាពេល​​​ឆាប់​​​ៗ​​​នេះ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មិន​​​ចូល​​​​ក្នុង​​​រដ្ឋាភិបាល​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​ក្នុង​​​អាណត្តិ​​​ទី​​​៥​​​នេះ​​​ឡើយ។ ប្រសិន​​​បើ​​​យើង​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​រដ្ឋាភិបាល​​​ យើង​​​នឹង​​​ស្អុយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ លោក កឹម សុខា ក៏​​​បាន​​​ទទួល​​​ស្គាល់​​​ដែរ​​​ថា ជោគ​​​ជ័យ​​​នៃ​​​កិច្ច​ព្រម​​​ព្រៀង​​​ជាមួយ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​មាន​​​ប្រវត្តិ​​​ជា​យូរ​មក​ហើយ​មិន​​​​​​គោរ​​​ព​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​គូ​​​ប្រជែង​នោះ អាស្រ័យ​​​លើ​​​ការ​​​សហការ​​​ពី​​​គណបក្ស​​​កាន់​​​អំណាច។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​ថា ល្អ​​​ឬ​​​អាក្រក់​​​ទេ វា​​​អាស្រ័យ​​​លើ​​​ឆន្ទៈ​​​របស់​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​ និង​​​ភាព​​​ស្មោះ​​​ត្រង់​​​ជាមួយ​​​គ្នា។ ប្រសិន​​​បើ​​​យើង​​​ស្មោះ​​​ត្រង់​​​ជាមួយគ្នា ប្រទេស​​​របស់​​​យើង​​​នឹង​​​មាន​​​សំណាង​​​ល្អ សប្បាយ​​​រីក​​​រាយ​​​ និង​​​មាន​​​ការ​​​រីក​​​ចម្រើន​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ប៉ុន្តែ ប្រសិន​​​បើ​​​គណបក្ស​​​មួយ​​​ក្បត់​​​គណបក្ស​​​មួយទៀត ប្រជា​​​ពល​​​រដ្ឋ​​​នឹង​​​វិនិច្ឆ័យ”។

​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ជាតិ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​បាន​​​មក​​​ចូល​​​រួម​​​សន្និបាត​​​នេះ ក៏​​​បាន​​​លើកឡើង​​​លើ​​​វេទិកា​​​ដែរ​​​ថា ​​​ពួកគេ​​ត្រៀម​ខ្លួន​គាំទ្រ​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ថ្វី​​​បើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​មិន​​​សូវ​​​មាន​​​សង្ឃឹម​​​ក៏​​​ដោយ​​​។

លោក សួន ចំរើន សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ជាតិ​​​មក​​​ពី​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​និយាយ​​​ថា មន្ត្រី​​​គណបក្ស​​​ជាច្រើន​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ចំពោះ​​​ការ​​​ប្រកាស​​​អំពី​​​កិច្ច​​​ព្រម​​ព្រៀង​​​នេះ​​​ ប៉ុន្តែបាន​ទទួល​​​យក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​។

លោក ចំរើន បាន​​​និយាយ​​​ថា “ទោះ​​​បី​​​ជា​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​មិន​​​ត្រូវ​​​គោល​​​បំណង​​​របស់​​​យើង​​​ក៏​​​ដោយ​ ​​ក៏​​​យើង​​​យល់​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ជា​​​ជម្រើស​​​ល្អ និង​​​សម​​​ហេតុផល​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ស្ថាន​​​ភាព​​​បែប​​​នេះ​​​”។

លោក​​​បាន​​​និយាយ​​​ថា “សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ខេត្ត​​​បាត់​​​ដំបង​​​ទាម​​​ទារ​​​ឲ្យ​​​មេដឹកនាំ​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធានា​​​ចំពោះ​​​មុខ​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ទី​​​នេះ​​​ថា ពួកគាត់​​​នឹង​​​មិន​​​ចូល​​​រដ្ឋ​​​សភា​​​រហូតដល់​​​មាន​​​ការ​​​អនុវត្ត​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​សិន​​​ ព្រោះ​​​យើង​​​ដឹង​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ឆបោក​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​”។

នៅ​​​លើ​​​វេទិកា​​​នោះ លោក​​​ សម រង្ស៊ី បាន​​​រំឭក​​​ដល់​​​អ្នក​​​ចូល​​​រួម​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​បើក​​​ស្ថានីយ​​​ទូរទស្សន៍​​​មួយ ហើយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណ​​​បក្ស​មាន​​​ហេតុផល​​​ក្នុង​​​ការ​​​ទទួល​​​យក​​​អ្វី​​​ដែល​​​ខ្លួន​​អាច​​​ទទួល​​​យក​​​បាន ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​ផ្ទេ​​​រ​​​អំណាច​​​ដោយ​​​​​​សន្តិវិធី​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក សម រង្ស៊ី បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “សូម​​​បង​​​ប្អូន​​​គិត​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា ត្រូវ​​​ធ្វើ​​​អ្វី​​​ដែល​​​យើង​​​អាច​​​ធ្វើ​​​បាន​​​នៅ​​​ពេល​​​នេះ ដើម្បីជៀសវា​​​ងការ​​​បង្ហូរ​​​ឈាម។ យើង​​​កំពុង​​​ជៀស​​​វាង​​​ហានិភ័យ និង​​​ចំណាយ​​​ពេល​​​តិច ប៉ុន្តែ ត្រូវ​​​ចាត់​​​វិធានការ​​​ឲ្យ​​​បាន​​​ច្បាស់​​​លាស់​​​ និង​​​ប្រាកដ​​​ប្រជា​​​ដើម្បី​​សម្រេច​គោល​​​បំណង​​​របស់​​​យើង”។

ក្រុម​​​ការងារ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ជួប​​​គ្នា​​​នៅ​​​ថ្ងៃ​​​នេះ​​​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ដំណោះ​​​ស្រាយ​ចុង​​​ក្រោយ​​​នៃ​​​ការ​​​កែ​​​ទម្រង់​​​នយោបាយ​​​ ដែល​​​មាន​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

កង្វល់​​​ពិសេស​​​មួយ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​គឺ​​​ការ​​​ជ្រើស​​​រើស​​​សមាជិក​​​ទី៩​​​របស់​​​​​​ គ.ជ.ប.​​​ដែល​​​ត្រូ​​​វ​​​ជ្រើស​​​រើស​​​​ដោយ​មាន​ការ​ព្រម​​​ព្រៀង​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ។ ប៉ុន្តែ យោង​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​សប្តាហ៍​​​មុន ប្រសិន​​​បើ​​​មិន​​​មាន​​​​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​សមាជិក​​​ទី​​​៩​​​ទេ នឹង​​​រក្សាទុក​ គ.ជ.ប.បច្ចុប្បន្ន​​​ដដែល​​​។

លោក សម រង្ស៊ី បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ប្រសិន​​​បើ​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​ព្រម​​​ព្រៀង​​​គ្នា​​​តាម​​​អ្វី​​​ដែល​​​មាន​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​នៅ​​​ថ្ងៃ​​​អង្គារ៕គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស