ក្រុមហ៊ុនមួយដែលអ្នកភូមិលើកឡើងថា ជាម្ចាស់ដីដែលត្រូវបានរំលោភយកពីពួកគាត់នៅក្នុងខេត្តកណ្ដាលនោះបានស្នើឲ្យអ្នកភូមិជាង១០០គ្រួសារក្នុងឃុំពញាឮ កុំភ្ជាប់ក្រុមហ៊ុននេះជាមួយវិវាទដីធ្លីរបស់ពួកគាត់ ហើយត្រូវបញ្ចេញកំហឹងទៅលើក្រុមហ៊ុនផានអីុមិុច ដែលកាន់កាប់ដោយអ្នកស្រី ស៊ុយ សុផាន ជាពាណិជ្ជករដ៏មានអំណាចវិញ។
អ្នកភូមិជាង១០០នាក់មកពីភូមិទួលអំពិល ដែលពួកគាត់មួយចំនួនត្រូវបានសាកសួរនៅតុលាការកាលពីសប្តាហ៍មុន ជុំវិញដី ដែលមានជម្លោះនេះ បានធ្វើការតវ៉ាកាលពីម្សិលមិញ អំពីដី ដែលមានបញ្ហាចំនួន៦៣ហិកតានេះ។ ពួកគាត់បានទាមទារឲ្យអ្នកស្រី ឡៃ ហ៊ាង ម្ចាស់ក្រុមហ៊ុន ឡៃ ងី ប្រគល់ដីស្រែចម្ការឲ្យពួកគាត់វិញ។
ប៉ុន្តែ លោក ឆាយ សុខហួ តំណាងអ្នកស្រី ឡៃ ហ៊ាង បាននិយាយថា ក្រុមហ៊ុននេះលែងកាន់កាប់ដីនេះទៀតហើយ ហើយបានស្នើឲ្យពួកគាត់បញ្ចេញកំហឹងដាក់ក្រុមហ៊ុន ផានអីុមិុចវិញ។
ដោយសំដៅដល់ម្ចាស់ក្រុមហ៊ុនផានអីុមិុច លោកបាននិយាយកាលពីម្សិលមិញថា “អ្នកស្រី ឡៃ ហ៊ាង លែងពាក់ព័ន្ធនឹងករណីដីធ្លីនេះទៀតហើយ ហើយយើងបានប្រាប់អ្នកភូមិឲ្យស្វែងរកដំណោះស្រាយជាមួយអ្នកស្រី ស៊ុយ សុផាន វិញ”។
លោក សុខហួ បាននិយាយថា អ្នកស្រី ឡៃ ហ៊ាង បានទិញដីចំនួន៦៣ហិកតារនេះពីអ្នកស្រី ស៊ុយ សុផាន ក្នុងតម្លៃ២០០.០០០ដុល្លារកាលពីឆ្នាំ២០១៣ ប៉ុន្តែ បានទទួលប្រាក់ទាំងនោះវិញហើយបន្ទាប់ពីមានវិវាទអំពីទំហំដី។
ប៉ុន្តែ បើទោះណាជាលោក សុខហួ អះអាងថា កិច្ចព្រមព្រៀងទិញលក់ដីនេះត្រូវបានដកក៏វិញក៏ដោយ ក៏ឈ្មោះអ្នកស្រី ឡៃ ហ៊ាង នៅតែមាននៅក្នុងឯកសារទិញលក់ដដែល នេះបើយោងតាមលោក យូ ផាត មេឃុំពញាឮ ដែលបានមានប្រសាសន៍ថា អ្នកស្រី ស៊ុយ សុផាន បានប្រគល់ច្បាប់ចម្លងនៃឯកសារដែលបង្ហាញថា អ្នកស្រី ឡៃ ហ៊ាង ជាម្ចាស់ដីមានវិវាទនេះ។
លោក យូ ផាត បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋបានទាមទារឲ្យអ្នកស្រី ឡៃ ហ៊ាង ប្រគល់ដីស្រែចម្ការឲ្យពួកគាត់វិញ ពីព្រោះពួកគាត់មានការច្របូកច្របល់នៅពេលអ្នកស្រី ស៊ុយ សុផាន និយាយថា អ្នកស្រី ឡៃ ហ៊ាង នៅតែជាម្ចាស់ដីនេះ”។
គេមិនអាចទាក់ទងអ្នកស្រី ស៊ុយ សុផាន ដើម្បីសុំអត្ថាធិប្បាយបានទេ។ អ្នកភូមិជាច្រើនអ្នកទៀតមកពីឃុំពញាឮ បានធ្វើការតវ៉ាខាងក្រៅសាលាដំបូងខេត្តកណ្ដាលកាលពីសប្ដាហ៍មុន ខណៈដែលអ្នកភូមិមួយចំនួនរួមទាំងលោក យូ ផាត ជាមេឃុំផងត្រូវបានសាកសួរតាមពាក្យបណ្ដឹងដែលក្រុមហ៊ុនផានអីុមិុចបានប្តឹងថា អ្នកភូមិ១២គ្រួសារបានបិទផ្លូវដោយខុសច្បាប់និងដកបង្គោលព្រំដីជាផ្នែកមួយនៃការតវ៉ារបស់ពួកគាត់ប្រឆាំងនឹងការចោទថា មានការរំលោភយកដីនេះ៕សារុន