ក្រុមមន្ត្រីបានជូនដំណឹងកាលពីម្សិលមិញថា ការបាក់ច្រាំងទន្លេមេគង្គក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាម បានបណ្តាលឲ្យប្រជាពលរដ្ឋ១៨គ្រួសាររុះរើផ្ទះសំបែងរបស់ខ្លួន និងកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋរាប់រយគ្រួសារផ្សេងទៀត។
លោក យ៉ាន យ៉េត មេឃុំកោះអណ្តែតបានមានប្រសាសន៍ថា យ៉ាងហោចណាស់ផ្ទះចំនួន១៦ខ្នងត្រូវបានរុះរើ និងរំកិលចាប់តាំងពីដើមខែកក្កដាមកដោយសារការបាក់ច្រាំងទន្លេ។ លោកបានមានប្រសាសន៍ថា “ផ្ទះ១០០ខ្នងទៀតនៅក្នុងភូមិគគីរ ប្រហែលត្រូវរុះរើប្រសិនបើនៅតែបន្តបាក់ច្រាំងទន្លេដូច្នេះ។ ឥឡូវនេះមានការបាក់ច្រាំងទន្លេកាន់តែខ្លាំងឡើងៗពីព្រោះទឹកកំពុងឡើង ហើយខ្យល់ខ្លាំងបណ្តាលឲ្យទឹករលកបោកបំបាក់ច្រាំងទន្លេ”។
លោក យ៉េត បានមានប្រសាសន៍ថា ការបាក់ច្រាំងទន្លេមានប្រវែងរហូតដល់១គីឡូមែ៉ត្រ ហើយនៅក្នុងកន្លែងមួយចំនួនទៀតបានបាក់ចូលរហូតដល់១០ម៉ែត្រឯណោះ។ លោកបានមានប្រសាសន៍ថា អាជ្ញាធរបានជួយអ្នកភូមិក្នុងការរុះរើ និងរំកិលផ្ទះសំបែងពួកគាត់ ហើយបានចាប់ផ្តើមដឹកសម្ភារផ្គត់ផ្គង់ទៅកាន់ដីផ្សេងទៀតនៅក្នុងតំបន់នោះ។ លោកបានមានប្រសាសន៍ថា “យើងមិនដឹងថា តើត្រូវរកវិធីទប់ស្កាត់ដូចម្តេចឡើយ ពីព្រោះវាជាគ្រោះមហន្តរាយធម្មជាតិ”។
លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្រិតទឹកកម្ពស់ដល់១៣,៣៦ម៉ែត្រ បើប្រៀបធៀបទៅនឹងខែកក្កដាឆ្នាំមុន ដែលមានកម្ពស់តែ១១,២៧ម៉ែត្រ។
លោក វិបុល បានមានប្រសាសន៍ថា កម្រិតទឹកកើនឡើងនិងការផ្លាស់ប្តូរចរន្តទឹកជាហេតុនាំឲ្យមានការបាក់ច្រាំងទន្លេដ៏លឿននៅឆ្នាំនេះ។
លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ការរុះរើផ្ទះរបស់អ្នកភូមិស្ថិតនៅតាមដងទន្លេដោយសារការបាក់ច្រាំងនោះមិនមែនជារឿងថ្មីទេ។ លោកបានមានប្រសាសន៍ថា “ពួកគាត់តែងតែជួបប្រទះការបាក់ច្រាំងទន្លេ។ វាតែងតែកើតមានគ្រាន់តែធំ ឬតូចប៉ុណ្ណោះ”។
លោក លន់ លឹមថៃ បានទទួលស្គាល់ថា កម្រិតទឹកនៅឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ប៉ុន្តែ វាមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើងទេ។ លោកបានមានប្រសាសន៍ថា “អាជ្ញាធរបានត្រៀមជួយនិងជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព”។
លោក ចិន ធឿន ប្រធានភូមិគគីរ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងភូមិរបស់លោក ប្រហែលជាត្រូវផ្លាស់ទីលំនៅ ប្រសិនបើការបាក់ច្រាំងនៅតែបន្តកើតមានលឿនៗបែបនេះ។
លោកបានមានប្រសាសន៍ថា “តំបន់ដែលរងផលប៉ះពាល់ធំបំផុត គឺភូមិរបស់ខ្ញុំ។ ខ្ញុំមានការព្រួយបារម្ភណាស់ ពីព្រោះច្រាំងទន្លេបាក់រៀងរាល់ឆ្នាំ។ យើងមិនដឹងរកវិធីទប់ស្កាត់ដូចម្តេចឡើយ”៕សារុន