38 C
Phnom Penh

សាលារាជ​ធានី​មាន​គម្រោង​បង្កើត​កន្លែង​ចាក់​សំរាម​ថ្មី​ និង​ស្ថាបនា​​ផ្លូវ​ថ្មើរ​ជើង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា សាលារាជ​ធានី​កំពុង​ជីក​កន្លែង​ចាក់​សំរាម​ថ្មី​មួយ​ ដែល​មាន​ទំហំ​៨ហិកតា នៅ​ជិត​ពន្ធនា​គារ​ព្រៃស​ ​ពេល​ដែល​កន្លែង​ចាក់​សំរាម​សព្វថ្ងៃ​ ដែល​ទទួល​សំរាម​ប្រហែល​១.៥០០​តោន​ក្នុង​មួយ​ថ្ងៃ​ នឹង​ត្រូវ​ពេញ​នៅ​ខែ​ធ្នូ។

លោក​ ងូ ចំរើន ប្រធាន​ការិយាល័យ​គ្រប់​គ្រង​សំរាម​ខណ្ឌ​ដង្កោ​បាន​មាន​ប្រសាសន៍​ថា ” ឥឡូវ​នេះ យើង​កំពុង​ជីក​កន្លែង​ចាក់​សំរាម​ថ្មី​មួយ​នៅ​ចម្ងាយ​ប្រហែល​៦០០​ម៉ែត្រ​ពី​កន្លែង​ចាក់​សំរាម​ចាស់ ដែល​នឹង​ពេញ​នៅ​ខែ​ធ្នូ ដូច្នេះ​ហើយ​យើង​កំពុង​រៀបចំ​សម្រាប់​ឆ្នាំ​២០១៥”។

លោក ចំរើន បាន​ឲ្យ​ដឹង​ទៀត​ថា កន្លែង​ចាក់​សំរាម​ថ្មី​នេះ​នឹង​ត្រូវ​ប្រើ​សម្រាប់​រយៈ​ពេល​៥ឆ្នាំ​បន្ទាប់​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា មិន​មាន​គម្រោង​ដោះ​ស្រាយ​ក្លិន​ស្អុយ​នៅ​ក្នុង​តំបន់​ជុំវិញ​កន្លែង​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​បំបាត់​ក្លិន​នោះ​បាន ​​ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​បំបាត់​ក្លិន​ ប៉ុន្តែ​យើង​មិន​មាន​ [ប្រព័ន្ធ​ណាមួយ​]ទេ​ ពីព្រោះ​​គ្មាន​អ្នក​វិនិយោគ ហើយ​សាលា​រាជ​ធានី​គ្មាន​លទ្ធភាព​​ធ្វើ​ដោយ​ខ្លួន​ឯង​ទេ​​ ពីព្រោះ​ខ្វះ​ថវិកា​”។

អំឡុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវថ្មី​មួយ​ខ្សែ​ទៅ​ពន្ធនាគារ​ព្រៃស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក បា៉ សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ បាន​សម្ដែង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​ក្លិន​ស្អុយ​ ដែល​សាយ​ភាយ​នៅ​តំបន់​នោះ ហើយ​បាន​ផ្ដល់​យោបល់​ឲ្យ​ដាំ​ដើម​ឈើ​ជុំវិញ​កន្លែង​ចាក់​សំរាម​ ដើម្បី​ទប់​ក្លិន​ស្អុយ​។

លោក​ក៏​បាន​ឆ្លៀត​ឱកាស​នេះ​រិះគន់​ក្រុម​ហ៊ុន​ស៊ីនទ្រី ជា​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ក្រុង​តែ​មួយ​គត់​ ដែល​បាន​ធ្វើ​ឲ្យ​លោក​ ប៉ា សុជាតិវង្ស មិន​សប្បាយ​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត​ ដោយ​សារ​​ការ​ខក​ខាន​សម្អាត​ផ្លូវ​ក្នុង​ក្រុង​​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំពិត​ជា​សោក​ស្ដាយ​ដែល​ក្រុម​ហ៊ុន​ស៊ីនទ្រី ហាក់​ដូច​ជា​មិន​សូវ​សហ​ការ​​ជាមួយ​សាលា​រាជ​ធានី​លើ​បញ្ហា​ប្រមូល​សំរាម​ ហើយ​ពួកគេ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​សប្បាយ​​​ចិត្ត​ ដោយ​សារ​ការ​ងារ​យឺត​យ៉ាវ​របស់​ពួកគេ​”។

នៅ​លើ​គេហទំព័រ​របស់​ខ្លួន សាលា​រាជ​ធានី​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​បង្កើត​ផ្លូវ​ថ្មើរ​ជើង​មួយ​ខ្សែ​ប្រវែង​​ជាង​៤.០០០​ម៉ែត្រ​ត​ពី​ផ្លូវ​ដែល​មាន​ស្រាប់​តាម​បណ្ដោយ​មាត់​ទន្លេ​ទៅ​ស្ពាន​មុនីវង្ស។

យោង​តាម​សាលា​រាជធានី​បាន​ឲ្យ​ដឹង​ថា ជំហាន​ដំបូង​នឹង​ធ្វើ​ផ្លូវ​ថ្មើរជើង​មួយ​ខ្សែ​ប្រវែង​៩៥០​ម៉ែត្រ​ពី​សាល​សន្និសីទ​ចតុមុខ​ទៅ​ដល់​ស្ពាន​កោះ​ពេជ្រ។ ជំហាន​ទី២ នឹងមាន​ប្រវែង​៣.២០០​ម៉ែត្រ​ពី​ស្ពាន​កោះ​ពេជ្រ​ទៅ​ដល់​ស្ពានមុនីវង្ស។

លោក​ ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា គម្រោង​ទំាង​នេះ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​ ពេលណា​​នឹង​ត្រូវ​ស្ថាបនា ឬ​ក្រុម​ហ៊ុន​ណាខ្លះ​នឹង​ចូល​រួម​ក្នុង​ការ​​​ធ្វើ​ផ្លូវ​នេះ​ទេ​៕ មានិត​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស