26 C
Phnom Penh

តុលាការ​បញ្ចប់​រឿងក្តី​លួច​ប្រាក់​២,៣​លាន​ដុល្លារ​ពី​ធនាគារ​កាណាឌីយ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ការ​ជំនុំ​ជម្រះ​ទោស​អតីត​បុគ្គលិក​ធនាគារ​​កាណាឌីយ៉ា​​ពីរ​នាក់ និង​អ្នក​រួម​គំនិត​ពីរ​នាក់​ដែលត្រូវ​ជាប់​ចោទ​កាលពី​ខែ​តុលា​ ពី​បទ​លួច​យក​ប្រាក់​ជាង​២​លាន​ដុល្លារ​ពី​គណនី​កាត​ឥណ​ទានក្លែង​បន្លំ​។

លោក កោ វណ្ឌី ចៅក្រម​ជំនុំ​ជម្រះ បាន​ស្តាប់ ទឡ្ហីករណ៍​បិទ​សំណុំ​រឿង​​​ប្តឹង ឈ្មោះ យ៉េត សុភ័ក្ត្រា អាយុ៣០​ឆ្នាំ និង ឡេង ស៊ុនទ្រី ជា​អ្នក​គ្រប់គ្រង​ធនាគារ​កាណាឌីយ៉ា រួម​ទាំង​មិត្ត​ប្រុស​របស់​អ្នក​ស្រី សុភ័ក្ត្រា ឈ្មោះ ស៊ុន សៅនីន អាយុ​​៣៣​ឆ្នាំ និង​​ម្តាយ​​របស់​នាង ឈ្មោះ ចក់ គឹមហេង អាយុ​៥៩​ឆ្នាំ។

ជូ ចាន់ធារ៉ា មេធាវី​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​ដែល​​តំណាង​ឲ្យ​ធនាគារ​កាណាឌីយ៉ា បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ធនាគារ​​ស្វែង​រក​ប្រាក់​១,៧​លាន​ដុល្លារ​​បន្ថែម​លើ​ប្រាក់​២,៣​លាន​ដុល្លារ ដែល​តាម​ចោទ​ថា​​ត្រូវ​បាន​លួច​ពី​ធនាគារ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “សំណើ​របស់​យើង​មិន​ផ្លាស់​ប្តូរ​ទេ គឺ​ស្នើ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​ជន​សង្ស័យ​ទៅ​តាម​ច្បាប់ ហើយ​ថា​​យើង​ទាមទារ​ឲ្យ​ប្រគល់​[ប្រាក់]ដែល​បាត់​​រួម​នឹង​​ប្រាក់​១,៧​លាន​បន្ថែម​ ជា​សំណង”។

អ្នក​ស្រី សុភ័ក្ត្រា ដែល​ជា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​​ផ្នែក​កាត​ឥណ​ទានធនាគារ​កាណាឌីយ៉ា បាន​សារភាព​អំឡុង​ពេល​សវនាការ​ ដោយ​បាន​អះអាង​ថា​ ខ្លួនជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​គត់​ចំពោះ​ការ​លួច​ប្រាក់​ធនាគារ ដោយ​ប្រើ​កាត​ឥណទាន​ក្លែងបន្លំ​​ប្រាំ​ដើម្បី​ដក​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​ ATM ​​ពី​គណនី​ចំនួន​ពីរ រវាង​ខែ​មីនា​និង​ខែ​តុលា ឆ្នាំ​២០១៣។

ធនាគារ​កា​ណា​ឌីយ៉ា​​បាន​បញ្ជាក់​ក្នុង​សវ​នា​ការ​នេះ​ថា អ្នក​ស្រី សុភ័ក្ត្រា មិន​អាច​ប្រព្រឹត្ត​តែ​ម្នាក់​ឯង​បាន​ទេ ហើយ​ថា លោក ស៊ុនទ្រី អតីត​ប្រធាន​ផ្នែក​កាត​ឥណទាន មាន​តួនាទី​ដ៏​សំខាន់ក្នុងគ្រោង​ការណ៍​លួច​ប្រាក់​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី កាលពី​ដើម​ខែ​នេះ ព្រះ​រាជ​អាជ្ញា​បាន​​ស្នើ​ឲ្យ​​តុលាការ​​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក និង​​ម្តាយ​​របស់​​អ្នក​ស្រី សុភ័ក្ត្រា ដោយសារ​ការ​ខ្វះ​ភ័ស្តុតាង។

នាង ហៃ មេធាវី​របស់​អ្នក​ស្រី សុភ័ក្ត្រា ក៏​បានស្នើ​​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ចំពោះ​លោក សៅនីន ពីព្រោះ បើ​ទោះ​ជា​ពួកគេ​រស់​នៅ​ជាមួយ​គ្នា​ពេល​បទ​ល្មើស​បាន​កើត​ឡើង​ក៏​ដោយ ក៏​មិន​មាន​ភ័ស្តុតាង​បញ្ជាក់​ថា​ គាត់​ជា​អ្នក​រួម​គំនិត​ដែរ។

​មេធាវី​រូបនេះ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​អស់ប្រឆាំង​​លោក សៅនីន និង​បាន​ស្នើឲ្យ​តុលាការ​ដោះលែង​រូប​គាត់”។ លោក​បាន​បន្ថែម​ថា​ លោក​ក៏​បាន​ស្នើ​ឲ្យ​តុលាការ​បន្ធូរបន្ថយទោសដល់អ្នក​ស្រី សុភ័ក្ត្រា ផង​ដែរ ដោយ​សារ​អ្នក​ស្រី​សារភាព​។

កាលពី​ម្សិលមិញ ចៅក្រម វណ្ឌី បាន​បញ្ជាក់​ថា ការ​ជំនុំ​ជម្រះ​ក្តី​នេះ​បាន​បញ្ចប់​ហើយ។ លោក ចាន់ធារ៉ា មេធាវី​របស់​ធនាគារ​កាណាឌីយ៉ា បាន​មាន​ប្រសាសន៍​ថា សាលក្រម​រឿង​ក្តី​នេះ​​នឹង​ត្រូវ​​ប្រកាស​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា៕ មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស