37 C
Phnom Penh

កម្មករ​បញ្ចប់ការ​ធ្វើ​កូដកម្ម​បន្ទាប់ពីរោង​ចក្រ​ធ្វើសម្បទាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ជាង​១.០០០​នាក់​នៅ​រោងចក្រ​ស្បែក​ជើង​ ស៊ុនវែល នឹង​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​នេះបន្ទាប់ពីរោងចក្រ​បាន​យល់​ព្រម​តាម​ការ​ទាម​ទារ​មួយ​ចំនួន​របស់​កម្មករដែល​ធ្វើ​កូដ​កម្ម​សុំ​ដំឡើង​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​។

លោក សៀង សម្បត្តិ ប្រធាន​សហ​ព័ន្ធសហជីព​មិត្តភាព​កម្មករ ដែល​តំណាង​ឲ្យ​កម្មករ​បាន​​មាន​​ប្រសាសន៍​ថា​ ពួកគេ​បាន​ទទួល​យក​​ការ​ផ្តល់​ឲ្យ​របស់​រោង​ចក្រ​ គឺ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ​ចំនួន​៥០​ដុល្លារ ប្រាក់​គាំពារ​​សុខភាព​​៥ដុល្លារ​ក្នុង​មួយ​ខែ និង​បំពាក់ឧបករណ៍​ការ​ពារ​សុវត្ថិភាព​ឲ្យ​បានប្រសើរ​ជាង​មុន​ ដូច​ជា​សម្លៀក​បំពាក់​ការ​ពារ​ជាដើម។

លោក សម្បត្តិ បាន​មាន​ប្រសាសន៍​ថា “កម្មករ​បាន​យល់​ព្រម​ចូល​ធ្វើការ​វិញ ពីព្រោះ​ពួក​គេ​ត្រូវ​ការ​ប្រាក់សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ ហើយពួកគេ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​​តំណាង​រោងចក្រ​”។

ការ​បញ្ចប់​កូដកម្ម​ដែល​សម្រប​សម្រួល​ដោយ​អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​ក្រសួង​ការ​ងារ​​​កើត​ឡើង​រយៈពេល​ជិត​ពីរ​សប្ដាហ៍ បន្ទាប់ពី​បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ខាង​ក្រៅ​រោង​ចក្រ​នេះ​នៅ​តាម​ផ្លូវ​វេង​ស្រេង ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។

កម្មករ​ដែល​ទទួល​បាន​ប្រាក់​ខែ​១០៥​ដុល្លារ​ក្នុងមួយ​ខែ បាន​ចាប់​ផ្ដើម​ទាមទារប្រាំពីរ​ចំណុច​ រួម​ទាំង​ប្រាក់សម្រាប់​ធ្វើ​ដំណើរ និង​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​​ឈ្នួល​ផ្ទះ​ចំនួន​១៥​ដុល្លារ​ក្នុងមួយ​ខែ ដែល​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​។

មន្ត្រី​រោងចក្រ​បាន​យល់​ព្រម​ពិចារណា​រ៉ាប់​រង​ការ​បង់ពន្ធ​ប្រាក់​ខែ​ឲ្យ​កម្មករ​នៅ​ពេល​អនាគត​ ជា​ការ​ទាម​ទារ​ដំបូងមួយទៀត​របស់​កម្មករ​។

កម្មករ​ឈ្មោះ រស់ សាវ៉ាត អាយុ​៣៤​ឆ្នាំ​បាន​និយាយ​ថា គាត់​រីករាយ​ណាស់​ដែល​សហ​ជីព​និង​តំណាង​រោងចក្រ​បានចរចា​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង ប៉ុន្តែ​បានព្រមាន​ធ្វើ​កូដ​កម្ម​ទៀត​ ប្រសិន​បើ​រោងកច្រ​មិនគោរព​ពាក្យ​សន្យា​របស់​ខ្លួន​។

គាត់​បាន​និយាយ​ថា ” យើង​នឹង​ធ្វើ​កូដកម្ម​ម្ដង​​ទៀត ប្រសិន​បើ​រោងចក្រ​មិនគោរព​កិច្ច​ព្រមព្រៀង​រវាង​តំណាង​កម្មករ និង​រោងចក្រ​”។

អ្នកស្រី លីវ ឈីវម៉ី ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​នេះ​បាន​មាន​ប្រសាសន៍​ថា កូដកម្ម​បាន​បណ្ដាល​ឲ្យ​​ក្រុម​ហ៊ុន​ខាត​បង់​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន។ អ្នកស្រី ម៉ី បាន​មាន​​ប្រសាសន៍​ថា បើ​ទោះ​ជា​ការ​​ខាត​បង់​នេះ​មិន​ទាន់​ត្រូវ​បាន​គណនា​ក៏ដោយ ក៏វា​​មាន​ចំនួន​ច្រើនដែរ​។

អ្នកស្រី​បាន​មាន​​ប្រសាសន៍​ថា “កូដកម្ម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រោងចក្រ ដូច្នេះ​រោងចក្រ​​ត្រូវ​កាត់​ប្រាក់​ប្រចាំថ្ងៃ​របស់​កម្មករ​៥០​ភាគរយ​អំឡុង​ការ​ធ្វើ​កូដកម្ម​។ ការទាម​ទារ​របស់​ពួកគេ​មិន​សម​ហេតុផល​ទេ ប៉ុន្តែ​ប្រធាន​របស់​យើង​យល់​ពី​តម្រូវ​ការ​សម្រាប់​ការ​រស់នៅ​​របស់​​កម្មករ”៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស