34 C
Phnom Penh

អ្នក​ភូមិ​ខេត្ត​កំពត​តវ៉ា​ប្រឆាំង​​ការ​រំលោភយកដីរបស់ពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ប្រហែល​១០០​នាក់​រួម​ទាំង​អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​ចំនួន​ផង​​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​កសិកម្ម​មួយ​ កាលពីថ្ងៃអាទិត្យ​​បាន​បង្ខំ​ឲ្យ​ក្រុម​ហ៊ុននេះ​ផ្អាក​ការ​ឈូស​ឆាយ​ដី​ដែល​មាន​វិវាទ​នៅ​ក្នុង​ខេត្ត​កំពត​នេះ​ជា​បណ្ដោះ​អាសន្ន​សិន។

គ្រួសារ​ទាំង​នោះ​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​ First Biotech Agricultural ដែល​ពួក​គាត់​​និយាយ​​ថា បាន​រំលោភ​យក​ដី​ជាង​១០០​ហិកតា​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក។

អ្នក​ភូមិមួយ​ចំនួន​មកពី​ឃុំ​តេជោ​អភិវឌ្ឍន៍​ក្បែរ​នោះ ដែល​ចោទ​ក្រុម​ហ៊ុន​ First Biotech ថា បាន​រាន​ដី​ប្រហែល​៨០​ហិកតា​របស់​អ្នក​ភូមិ​៧០​គ្រួសារ​​ដោយ​ខុស​ច្បាប់​នោះ​ក៏​បាន​ចូល​រួម​ធ្វើការ​តវា៉​ដែរ។

​យោងតាម​ក្រុម​ហុ៊ន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ First Biotech ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១០.០០​០ហិកតា​ពី​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០០៥​ដើម្បី​អភិវឌ្ឍ​ដី​នៅ​ក្នុង​ស្រុក​នេះ។

ប៉ុន្តែ​អ្នកភូមិ​និង​មេឃុំ​និយាយ​ថា ឥឡូវនេះក្រុម​ហ៊ុន​កំពុង​ព្យាយាម​ចាប់​យក​ដី​បន្ថែម​ទៀត​ដោយ​ខុស​ច្បាប់​នៅ​ក្រៅ​ដី​សម្បទាន​។

លោក ចាន់ ណារិទ្ធ អាយុ​៥៦​ឆ្នាំ​ជាអតីត​ទាហាន​ខ្មែរ​ក្រហម​ និង​ជា​តំណាងអ្នកភូមិ​មកពី​ឃុំ​ត្រពាំង​ភ្លាំងបាន​និយាយ​ថា ក្រុម​ហ៊ុន​នេះ​អះ​អាង​ថា បាន​គ្រប់​គ្រង​ដី​នេះ​មុន​​ពេល​ខ្មែរ​​ក្រហម​ធ្វើ​សមាហរណកម្ម​ក្នុង​ឆ្នាំ​១៩៩៨ទៅទៀត​។

លោក​បាននិយាយ​ថា “យើង​មិន​ខ្លាច​តវ៉ា​ទេ ពីព្រោះ​ចោរ​មិន​ខ្លាច​រំលោភ​យក​ដី​របស់​យើង​ផង ដូច្នេះ​យើងក៏​មិន​ខ្លាច​ទាម​ទារ​ដី​របស់​យើង​មក​វិញ​ដែរ”។

អ្នកស្រី មាស សុផេន ប្រធាន​ភូមិ​ជ្រៃបាក់ ក្នុង​ឃុំ​តេជោអភិវឌ្ឍ​ម៍បាន​ដឹក​នាំ​ការ​តវ៉ា​កាលពី​ថ្ងៃ​អាទិត្យ។ អ្នកស្រី​បាន​និយាយ​ថា ” ខ្ញុំ​​មិនខ្លាច​បាត់​បង់​ការ​ងារ​​របស់ខ្ញុំទេ ពីព្រោះ​ថ្នាក់​លើ​មិន​បាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​មិន​ឲ្យ​រាន​ដីរបស់​អ្នក​ភូមិ​ឡើយ​”។

អ្នកស្រី ចាន់ សុធា ប្រធាន​ក្រុម​ហ៊ុន First Biotech Agricultural បាន​និយាយ​ថា ក្រុម​ហ៊ុន​មាន​សិទ្ធិ​កាន់​កាប់​ដី​នេះស្របច្បាប់​។ អ្នកស្រី​បាន​និយាយ​ថា ” វា​មិន​យុត្តិធម៌​សម្រាប់​ក្រុម​ហ៊ុន​ទេ ពីព្រោះ​យើង​ទទួល​​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ស្រប​ច្បាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ប៉ុន្តែ​ជន​អនាធិបតេយ្យ​ទាំង​នេះ​​បាន​មក​ចាប់​យក​ដី​របស់យើង​”។

ទោះជាយ៉ាង​ណា លោក​ ជឹម សៀន មេឃុំ​តេជោ​អភិវឌ្ឍន៍​បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ធ្វើ​ត្រូវ​ ហើយ​ថា វិវាទ​នេះ​បាន​ចាប់ផ្ដើម​កាលពី​ដើម​ខែ​នេះ​ បន្ទាប់ពី​កម្មករ​ក្រុមហ៊ុន First Biotech បាន​ជីក​ប្រឡាយ​​នៅ​ជុំវិញ​ដី​ដែ​ល​មាន​វិវាទ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “អ្នកភូមិ​មិន​បាន​ចាប់​យ​ក​ដី​របស់​ក្រុម​ហ៊ុន​​ដូច​ក្រុម​ហ៊ុន​បាន​ចោទ​ប្រកាន់​ពួកគាត់​ឡើយ ពីព្រោះ​ពួកគាត់​បាន​រស់​នៅ​ និងធ្វើ​ស្រែ​ចម្ការ​លើ​ដីនោះ​មុន​ពេល​ក្រុមហ៊ុនមក​ដល់​ទៅទៀត”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស