29 C
Phnom Penh

អគ្គិភ័យ​បំផ្លាញ​រោង​ចក្រ​កាត់​ដេរ​មួយ និង​ឆេះ​ស្លាប់​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជន​ជាតិ​ចិនម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គិភ័យមួយ​ដែល​បាន​កើត​ឡើង​នៅ​ពេល​ព្រឹក​ព្រលឹម​នៅ​ក្នុងខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ម្សិលមិញ​បាន​ឆេះ​រោងចក្រ​កាត់​ដេរ​មួយ​ម៉ដ្ឋ ជា​រោងចក្រ​​ដែល​ផលិត​សម្លៀក​បំពាក់​ខូវប៊យ​សម្រាប់​ក្រុម​ហ៊ុន​ Kmart ដែ​ជា​ក្រុម​ហ៊ុន​លក់​រាយ​របស់​អាមេរិក​ ហើយ​បាន​បណ្ដាល​ឲ្យអ្នក​គ្រប់​គ្រង​ជនជាតិ​ចិន​ម្នាក់​ស្លាប់​​នៅ​ក្នុង​ភ្លើង និងធ្វើ​ឲ្យ​មនុស្ស​បីនាក់​ទៀត​រង​របួស។ នគរ​បាល​បាន​និយាយ​កាលពី​រសៀល​ម្សិលមិញ​ថា ខ្លួន​កំពុង​សើុប​អង្កេត​រក​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​។photo-front

សន្តិសុខ​​យាម​វេន​យប់​នៅ​រោងចក្រ​ ចាងសេង របស់ចិន​ បាន​និយាយ​ថា ពួកគេ​បាន​ឃើញ​ផ្សែង​ខ្មៅ​ក្រាស់​ហុយ​ឡើង​លើ​នៅ​ខាង​ក្រោយ​រោងចក្រនៅ​ម៉ោង​ប្រហែល​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ ហើយ​បាន​ប្រកាស​អាសន្ន​។ ពួកគេ​បាន​និយាយ​ថា អ្នក​គ្រប់​គ្រង​ជន​ជាតិ​ចិន​ប្រហែល​១០​នាក់ និង​ចុង​ភៅ​ខ្មែរ​ម្នាក់​តែង​តែ​ដេក​ជា​ប្រចាំ​នៅ​ក្នុង​រោងចក្រ​នេះ​នៅ​ពេល​យប់​។ សន្តិសុខ​ម្នាក់​ឈ្មោះ សុន វ៉ាន់ធី បាននិយាយ​ថា “បួន​ប្រាំ​នាទី​ក្រោយ​មក​ខ្ញុំ​បាន​ឃើញ​ភ្លើង​រាល​ដាល​យ៉ាង​លឿន”។

គាត់​បាន​និយាយ​ថា នៅ​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់​នៅ​ម៉ោង​ប្រហែល​៥​និង​៣០​នាទី ភ្លើង​បាន​ឆេះ​រោងចក្រ​អស់​ប្រហែល​ពាក់​កណ្ដាល​ទៅ​ហើយ។

អ្នកស្រី​ េហល ផល្លា ជា​ប្រធាន​រដ្ឋបាល​រោងចក្រ​នេះ​បាន​និយាយ​ថា បុរស​បីនាក់​នៅ​ក្នុង​រោងចក្រ​​នេះ​បាន​រង​ការ​រលាក​ស្រាល​នៅ​ពេល​ពួកគេ​រត់​ចេញ។ លោក យ៉ាងស៊ី សុង អាយុ​៤២​ឆ្នាំ​​ជា​​ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​គុណភាព​នៅ​រោងចក្រ​នេះ​មិន​អាច​រត់ចេញ​រួច​ទេ។ អ្នកស្រី ផល្លា ដែល​បាន​ជួយ​ផ្ដល់​ព័ត៌មាន​ពេល​នគរ​បាល​ធ្វើ​របាយការណ៍​នៅ​វត្ត​ស្ទឹង​មាន​ជ័យ កន្លែង​តម្កល់​សាក​សព​នេះ​​ បាន​និយាយ​ថា “គាត់​បាន​ស្លាប់​ ព្រោះ​គាត់​មិន​អាច​រត់​ចេញ​រួច ហើយ​គេ​បាន​ប្រទះឃើញ​សាក​សព​គាត់​នៅ​មុខ​បន្ទប់​ទឹក​”។

នៅ​ម៉ោង​ប្រហែល​១០ព្រឹក​ នៅ​រោងចក្រ​នេះ​ ផ្សែង​ និង​ផេះនៅ​ហុយ​នៅ​​ជំុវិញ​អគារ​ដែល​ឆេះ​នេះ​នៅ​ឡើយ​។ នៅ​ខាង​ក្នុង​គឺ​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ដែក​ឆេះ​រួញ​ប៉ុណ្ណោះ។ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់​គំនរ​បាក់​បែក​ចុង​ក្រោយ​ចំនួន​ពីរ​បី ដែល​​នៅ​កំពុង​ឆេះ​ឆាប​នៅ​ឡើយ​។

លោក នេត វ៉ាន់ថា ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ទៅ​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​បាននិយាយ​ថា អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​​ទាំង​ស្រុង​នៅ​ម៉ោង​ប្រហែល​៩ព្រឹក​។ លោក​បាន​បដិសេធ​មិន​និយាយអំពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ទេ​។ លោក​បាន​និយាយ​ថា “យើង​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ចំពោះ​ការ​បង្ក​អគ្គិភ័យ​នេះ​នៅ​ឡើយ ប៉ុន្តែ​ចុងភៅ​នៅ​រោងចក្រ​នេះ​បាន​និយាយ​ថា គាត់​បាន​ឃើញ​ផ្សែង​ចេញ​មក​ពី​បន្ទប់​មួយ​នៅ​ក្បែរ​នោះ”។

លោក វ៉ាន់ថា បាន​និយាយ​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​​មាន​ការ​លំបាក​ចូល​ទៅ​រោងចក្រ​នេះ ពីព្រោះ​ផ្លូវ​នៅ​ជុំវិញ​​រោងចក្រ​ធ្វើ​ឲ្យ​រថយន្ត​ធំៗ​ចូល​ទៅ​មិន​រួច ដោយ​សារ​បង្គោល​ភ្លើង។ នៅ​ពេល​ដែលក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បានទៅ​ដល់​កន្លែង​កើត​ហេតុ​ ការ​ពន្លត់​អគ្គិភ័យ​របស់​ពួក​គេ​មាន​ការ​យឺត​យ៉ាវ​ដោយ​សារ​ខ្វះ​ប្រភព​ទឹក​នៅ​ក្បែរ​នោះ។ លោក​ក៏បាន​និយាយ​ដែរ​ថា អ្នក​នៅ​រោងចក្រ​នេះ​គួរ​តែ​ហ្វឹក​ហាត់អំពី​របៀប​ទប់​ទល់​នឹង​អគ្គិភ័យ​ដោយ​ខ្លួន​ឯង​។

គាត់​បាន​និយាយ​ថា “គេ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ដឹង​ពី​របៀប​ចាត់​វិធាន​ការ​ដោយ​ខ្លួន​ឯង​នៅ​ពេល​មាន​អគ្គិភ័យ​ ពីព្រោះ​យើង​មិន​អាច​ផ្ដល់​សេវា​១០០​ភាគរយ​បានទេ គឺ​បានតែ​៤០​ឬ​៥០ភាគរយ​ប៉ុណ្ណោះ។ ប្រសិន​បើ​គេ​ដឹង​របៀប​ចាត់​វិធាន​ការ គេ​អាច​ទប់​ស្កាត់​អគ្គិភ័យ​បាន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ជាច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ឲ្យ​រោងចក្រ​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដោយ​ខ្លួន​ឯង ប្រសើរ​ជាង​ពឹង​ផ្អែក​លើ​កម្លាំង​ពន្លត់​អគ្គិភ័យ​របស់​ក្រុង​ ដែល​មាន​ឧបករណ៍​មិន​ល្អ។

អ្នក​គ្រប់​គ្រង​ជនជាតិ​ចិនមួយ​ចំនួន​នៅ​រោងចក្រ​នេះ​មិន​ព្រម​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៅ​​ឯ​រោងចក្រ​ចាងសេង​ទេ​កាលពី​ម្សិលមិញ​។ អ្នកស្រី ផល្លា ដែល​ជា​ប្រធាន​រដ្ឋបាលបាន​និយាយ​ថា ម្ចាស់​រោងចក្រ​ស្ថិត​នៅ​ក្នុង​ទីក្រុង​សៀងហៃ ហើយ​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​នេះ​។ អ្នកស្រី​បាន​និយាយ​ថា រោងចក្រ​មាន​ការ​ធានា​រ៉ាប់​រង ប៉ុន្តែ​មិន​ចាំ​ឈ្មោះ​ក្រុម​ហ៊ុន​ធានា​រា៉ប់​រង​ទេ និង​មិន​បាន​ដឹង​ថា ម្ចាស់​រោងចក្រ​នេះ​នឹង​ដោះ​ស្រាយ​ប្រាក់​ខែឲ្យ​កម្មករ​របស់​ខ្លួន​ប្រហែល​៨៥០​នាក់​ដោយរបៀប​ណា​​ទេ។

កម្មករ​ជា​ច្រើន​នាក់​នៅ​រោងចក្រ​នេះ​បាន​ជួប​ជុំ​គ្នា​​ដោយ​ស្ងៀម​ស្ងាត់​នៅ​ច្រក​ទ្វារ​ចូល​ខាង​មុខ និង​ខាង​ក្រោយ​រោងចក្រ​ មើល​ក្រុម​ពន្លត់​អគ្គិភ័យ​ពន្លត់​អណ្ដាត​ភ្លើង​នៅ​សល់​ចុង​ក្រោយ​តិច​តួច​។

អ្នកស្រី ជា ហ៊ាង បាន​និយាយ​ថា គាត់​បាន​ដេរ​សម្លៀក​បំពាក់​ខូវប៊យ​នៅ​រោងចក្រ​នេះ​តាំង​ពី​ឆ្នាំ​២០០៩​។ អ្នក​ស្រី​បាន​និយាយ​ថា បុគ្គលិក​ទើប​តែ​បាន​ហាត់​សម​ឆ្លើយ​តប​ចំពោះ​អគ្គិភ័យ​កាលពី​សប្ដាហ៍​មុន ហើយ​អ្នក​ស្រី​មាន​ការ​ពេញ​ចិត្ត​ចំពោះ​លក្ខខណ្ឌ​ការ​ងារ​។ គាត់​ព្រួយ​បារម្ភ​ចំពោះ​ការ​រក​ការ​ងារ​ផ្សេង​ទៀត​។

អ្នកស្រី ហា៊ង ដែល​រំពឹង​ថា នឹង​បាន​បើ​ក​ប្រាក់​ខែ​នៅ​ថ្ងៃទី១០ ខែ​ក្រោយ​នេះ ​បាន​និយាយ​ថា ” ខ្ញុំ​មាន​ការ​សោក​​ស្ដាយ​។ ខ្ញុំ​បាត់​បង់​ការ​ងារ​ ហើយ​ខ្ញុំ​មិន​ដឹងថា​ត្រូវ​ធ្វើ​អ្វី​ទេ។ ឥឡូវ​នេះ​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​មិន​ដឹង​ថា រោងចក្រ​អាច​បើក​ប្រាក់​ឲ្យ​យើង​បាន​ឬអត់ទេ”។

អ្នក​ស្រី ឆន ណៃនី ដែល​ធ្វើការ​នៅ​រោងចក្រ​នេះ​អស​់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​នោះ បាន​និយាយ​ថា ” ពិបាក​រក​ការ​ងារ​ធ្វើ​ណាស់​ឥឡូវ​នេះ ពីព្រោះ​ខ្ញុំ​មិន​ដឹង​ទៅ​ទីណា​ទេ”។ អ្នកស្រី​ ណៃនី ក៏មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បើក​ប្រាក់​ខែ​​សម្រាប់​​​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​ចុង​ក្រោយ​នេះ​ដែរ ប៉ុន្តែ​គាត់​អាណិត​ម្ចាស់​រោងចក្រ​។

អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​សោក​ស្ដាយ​ចំពោះ​អគ្គិភ័យនេះ ពីព្រោះ​កម្មករ និង​ថៅកែ​មាន​ទំនាក់​ទំនង​ល្អ។ ប្រសិន​បើ​រោងចក្រ​បើក​ប្រាក់​ឲ្យ​យើង ខ្ញុំ​មាន​ការ​រីក​រាយ​។ ប្រសិន​បើ​មិន​បើក​ទេ​ ខ្ញុំ​ក៏​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្ដេច​ដែរ​។ ខ្ញុំ​មើល​ឃើញ​ហើយ​ថា រោងចក្រ​នេះ​ឆេះ​ខ្ទេច​ហើយ​”។

សម័្ពន្ធ​សហជីព​​​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​តំណាង​ឲ្យ​កម្មករ​មួយ​ចំនួននៅ​រោងចក្រ​នេះ​។ លោក គង់ អាទិត្យ ជា​អនុប្រធាន​សហជីព​នេះ​បាន​និយាយ​ថា មិន​ថា​អគ្គិភ័យ​នេះ​កើត​ឡើ់ង​ដោយ​របៀប​ណា​ទេ រោងចក្រ​ត្រូវ​តែ​បើក​ប្រាក់​ឲ្យ​កម្មករ​។

លោក​បាន​និយាយ​ថា ប្រសិន​បើ​រោងចក្រ​មាន​ផែន​ការ​បើក​ឡើង​វិញ រោងចក្រ​និង​កម្មករ​ត្រូវ​ចរចា​​អំពី​ភាគ​រយ​នៃ​ប្រាក់​ខែ​​ដែល​ត្រូវ​ទទួល​បាន​អំឡុង​ពេល​ផ្អាក​ពីការ​ងារ​នេះ​។ លោក​បាន​និយាយ​ថា ប្រសិន​បើ​រោងចក្រ​សម្រេច​បិទ​ទ្វារ​ រោងចក្រ​ត្រូវ​បើក​ប្រាក់​ខែ​ឲ្យកម្មករ​សម្រាប់​ខែ​នេះ​រហូត​មក​ដល់​ថ្ងៃ​កើត​មាន​អគ្គិភ័យ​ រួម​ទាំង​​ប្រាក់​បំណាច​់​ការ​ងារ​ផង​។ ប៉ុន្តែ​លោក​ អាទិត្យ បាននិយាយ​ថា បទពិសោធន៍​ពី​មុន​មិន​មែន​ជា​ប្រផ្នូល​ល្អ​សម្រាប់​កម្មករ​ទេ​។ លោក​បាន​និយាយ​ថា “ខ្ញុំ​ព្រួយបារម្ភ​ពីព្រោះ​ជា​ធម្មតា​រោងចក្រ​មិន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ទេ។ អគ្គិភ័យ​កាលពី​ម្សិលមិញ​នេះ ស្រដៀង​គ្នា​នឹង​បញ្ហា​នៅ​រោងចក្រ​មិថុនា”។

កាលពី​ខែ​មីនា ឆ្នាំ​២០១១​ អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​រោងចក្រ​មិថុនា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មាន​កម្មករ​ធ្វើការ​ប្រហែល​៤.០០០​នាក់​។ ម្ចាស់​រោងចក្រ​មិន​ព្រម​បើក​ប្រាក់​បំណាច់​ឲ្យ​កម្មករ​ទេ ព្រម​ទាំង​មិន​ធ្វើ​តាម​សេចក្ដី​សម្រេច​ដែល​គ្មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ទៀង​ផង។ ជាចុង​ក្រោយ ​​ម្ចាស់​រោងចក្រ​បាន​យល់​ព្រម​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ជាច្រើន​ខែ​៕ គឹមហឿន​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស