26 C
Phnom Penh

អ្នកភូមិ​អំពាវ​នាវ​ឲ្យ​ទាហាន​ប្រគល់ដី​ឲ្យ​ពួកគាត់​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ប្រហែល​​៥០​​នាក់​មកពីភូមិ​ព្រៃ​ទា ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សា​លា​រាជ​ធានី​កាល​ពី​ម្សិល​មិញ ទាម​ទារ​ឲ្យមន្ត្រី​សាលា​រាជ​ធានី​ធ្វើ​អន្តរា​គមន៍​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​មន្ត្រី​យោធា និង​គ្រួសារ​របស់​ពួកគាត់​។

អ្នក​ភូមិ​លើក​ឡើង​ថា កង​វរសេនាតូច​ទ័ព​ថ្មើរ​ជើង​លេខ​៩១​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ពួក​គាត់​កាលពី​ឆ្នាំ​១៩៨៧​ ដើម្បី​ជួល​ដីនេះ តែ​បាន​លក់​ដី​នេះ​មួយ​ផ្នែក​កាល​ពី​ឆ្នាំ​២០០០​។

សុខ រ៉ាវី អាយុ​៥០​ឆ្នាំ​ជា​តំណាង​​អ្នកភូមិ​បាននិយាយ​ថា “ទាហាន​ទាំង​នោះ​បាន​សុំ​ខ្ចី​ដី​របស់​យើង​តាំង​ពី​ឆ្នាំ​១៩៨៧​ ហើយកាលពី​ឆ្នាំ​២០០០​ពួកគេ​បាន​ចាក​ចេញ។​យើង​បាន​រង់ចាំ​ដោះ​ស្រាយតាំង​ពី​ឆ្នាំ​២០០៦ ​ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​សម្រាប់​ពួក​យើង​ឡើយ​។

តំណាង​អ្នកភូមិ​រូប​នេះ​បាន​និយាយ​ថា “យើង​បាន​ស្នើ​ឲ្យ​សាលា​រាជធានី​ជួយ​រក​ដំណោះ​ស្រាយ​ដើម្បី​ប្រគល់​ដី​ចំនួន​៩​ហិកតា​ដែល​កង​វរសេនាតូច​នេះ​បាន​កាន់​កាប់ឲ្យពួក​យើង​វិញ ប៉ុន្តែ​ឥឡូវ​នេះពួកគេ​បាន​កំណត់ព្រំដី​នេះ​ ហើយ​បាន​លក់​ដី​ប្រហែល​៤ហិកតា​។ ពួកគេ​បាន​សាង​សង់​អគារ​ ហើយ​បានលក់ទៅ​ឲ្យអ្នក​ផ្សេង​”។

ឯកសារ​ចុះ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០០៥ និង​ចុះ​ហត្ថ​លេខា​ដោយ​លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួងការ​ពារ​ជាតិ​គាំទ្រ​ករណី​របស់​ពួកគេ។ ឯកសារ​នេះ​បញ្ជា​ឲ្យលោក ប្រាក់ ពីផយ មេបញ្ជាការ​កង​វរសេនាតូច​នេះ​ “ប្រគល់​ដី​ទៅ​ឲ្យ​អ្នក​ភូមិ​៣៥​គ្រួសារ​ជា​បន្ទាន់​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​”។

នៅ​ពេល​ក្រោយ​មក កាលពី​ឆ្នាំ​២០០៦ ​​លោក ប្រាក់ សុគន្ធ ដែល​ពេល​នោះ​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​អំពាវ​នាវ​ឲ្យ​ទាហាន​ប្រគល់​ដីនេះ​វិញ។

អ្នក​ភូមិ​ឈ្មោះ ម៉ែន គឹម បាន​សួរ​កាលពី​ម្សិលមិញ​ថា ” ហេតុអ្វី​បានជា​កង​វរសេនាតូច​នេះ​មិនអនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការ​ពារ​ជាតិ​ និង​រដ្ឋាភិបាល​? រឿងនេះ​អយុត្តិ​ធម៌​សម្រាប់​អ្នក​ភូមិ​របស់​យើង បើទោះ​ជាយើង​មាន​សេចក្ដីជូន​ដំណឹងពី​រដ្ឋាភិបាល​ក៏​ដោយ​ ក៏ពួកគេ​បាន​យកដី​របស់​យើង​ដែរ​”។

លោក ពីផយ មេបញ្ជាការ​អង្គភាព​នេះ​​បានទទួល​ស្គាល់ថា បាន​ទទួល​សេចក្ដីជូន​ដំណឹង​នេះ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​បាន​​ចាត់ទុក​ថា រឿននេះ​បាន​ចប់​ហើយ។

លោក​បានមាន​ប្រសាសន៍​ថា លោក ជា សុផារ៉ា ដែល​ពេល​នោះ​ជា​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​ដី​ចំនួន​១៥ហិកតា​ដល់​គ្រួសារ​អ្នកភូមិ​អន្លង់​ក្ងាន ក្នុង​ខណ្ឌ​សែន​សុខ ជា​ថ្នូរ​នឹង​ដី​នៅ​ក្នុង​ភូមិ​ព្រៃទា។ លោក​បានមាន​ប្រសាសន៍​ថា ” ប៉ុន្តែ​ពួក​គាត់​មិន​បាន​ទទួល​យក​ទេ ហើយ​ឥឡូវ​នេះ​ពួកគាត់​កំពុង​ធ្វើ​ការ​តវ៉ា។ នៅ​ខាងក្រៅ​​សាលា​រាជធានី​កាលពី​ម្សិលមិញ​ អ្នក​ភូមិ​មក​ពី​សហគមន៍​បឹង​កក់ និង​បុរី​កីឡា បាន​ប្រមូល​ផ្ដុំគ្នា​សុំ​អន្តរាគមន៍​ក្នុង​វិវាទ​ដីធ្លី​របស់​ពួកគាត់៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស