28 C
Phnom Penh

បុរស​ម្នាក់​សារភាព​ថា​បាន​ផ្ញើ​គ្រាប់បែក​ខ្ចប់​ជា​អំណោយ​ទៅ​ហាង​កាហ្វេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំង​រាជ​អាវុធហត្ថ​បាន​និយាយ​ថា អ្នក​ក្រុង​ភ្នំពេញ​ម្នាក់ អាយុ​២២​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ម្សិលមិញ បន្ទាប់ពី​ជននេះ​បាន​សារភាព​ថា​បាន​ផ្ញើ​គ្រាប់បែក​ខ្ចប់​ជា​អំណោយ​ទៅ​ហាង​កាហ្វេ​មួយ​កន្លែង ដើម្បី​គំរាម​យក​ប្រាក់​ពី​ម្ចាស់​ហាង​កាហ្វេ​នោះ។

យោងតាម​លោក ថេន សុវ៉ាន់ មេបញ្ជាការ​រង​កង​រាជអាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ ថៃ សុភាព ជា​និស្សិតឆ្នាំ​ទី​៣នៅ​សាកល​វិទ្យាល័យ​អន្តរ​ជាតិ​ភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សាខា​វីង​មួយ​កន្លែង ក្នុង​ខណ្ឌ​សែន​សុខ ខណៈដែល​ជន​នេះ​ព្យាយាមបើក​យក​ប្រាក់​ដ៏​ច្រើន​ពី​​​​​​​ម្ចាស់​ហាង​កាហ្វេ។

វរសេនីយ៍​ឯក សុវ៉ាន់ មាន​ប្រសាសន៍​ថា លោក សុភាព បាន​និង​ប៉ុនប៉ង​គំរាម​ទារ​ប្រាក់​ពី​លោក យ៉េន យ៉ុនថយ អាយុ២៣​ឆ្នាំ ម្ចាស់​ហាង​កាហ្វេ Prime Cafe នៅ​ខណ្ឌ​ទួលគោក ហើយ​បាន​ផ្ញើ​គ្រាប់បែក​ជា​ការ​គំរាម។ បើទោះ​ជា​កាលពី​ថ្ងៃ​អាទិត្យ នគរបាល​បាន​ចាប់​ខ្លួន ឈ្មោះ សុខ កក្កដា អតីត​បុគ្គលិក​ម្នាក់​នៅហាង​កាហ្វេ​នេះ​ក្តី ក៏​លោក សុវ៉ាន់ មាន​ប្រសាសន៍​ថា លោក កក្កដា ត្រូវ​បាន​បញ្ជាក់​ថា​មិន​ពាក់ព័ន្ធ ហើយ​នឹង​ត្រូវ​ដោះលែង។

លោក​បាន​ឲ្យ​ដឹង​ថា “ជន​សង្ស័យ​បាន​គំរាមជំរិត​ទារ៥.០០០​ដុល្លារជា​ថ្នូរ។ ប្រសិនបើ​ម្ចាស់​ហាង​មិន​ព្រម​បង់​ទេ ជន​សង្ស័យ​នេះ​នឹង​បំផ្ទុះ​គ្រាប់បែក​នោះ”។

វរសេនីយ៍ សុវ៉ាន់ មាន​ប្រសាសន៍​ថា លោក យ៉ុនថយ បាន​ទទួល​ការ​គំរាម​តាម​ទូរស័ព្ទ​ពីរ​លើក​​កាលពី​ថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ម្សិល​មិញ​​នេះ ហើយ​បាន​យល់​ព្រម​ផ្ញើ​ប្រាក់៥.០០០​ដុល្លារ​តាម​វីង។ ពេល​នោះ នគរបាល​បាន​ដាក់​កម្លាំងនៅ​តាម​សាខា​វីង​ប្រហែល​២០​កន្លែង​ក្នុង​ខណ្ឌ​ទួលគោក​និង​ខណ្ឌ​សែនសុខ។

លោក​បាន​ឲ្យ​ដឹង​ថា “យើងបាន​ដាក់​កម្លាំងកងរាជអាវុធហត្ថ​សម្ងាត់​ឃ្លាំ​មើល​ជន​ជំរិត​ទារ​ប្រាក់​នេះទទួល​យក​ប្រាក់​របស់​ជន​រងគ្រោះ​ពី​សាខា​វីង។ នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​នេះ យើង​បាន​ឃើញ​ជន​សង្ស័យ​មក​ដល់​សាខា​វីង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ កម្លាំង​របស់​យើង​បាន​ចាប់​គាត់​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​តែ​ម្តង”។

វរសេនីយ៍ សុវ៉ាន់ បាន​មាន​ប្រសាសន៍​ថា លោក សុភាព មិន​បាន​ធ្វើ​ការ​នៅ​ហាង​កាហ្វេ​នេះ​ទេ និងបាន​បដិសេធ​មិន​ផ្តល់​ព័ម៌មាន​បន្ថែម។

កាលពី​ថ្ងៃ​អាទិត្យ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​មក​ហាង​កាហ្វេ​នេះ និង​បាន​ប្រគល់​គ្រាប់បែក​ធ្វើ​នៅ​សូវៀត ​នៅ​ជាប់​កន្លាស់​នៅ​ឡើយ លាក់​ក្នុង​ប្រអប់​ខ្ចប់​ជិត​មួយ ទៅ​ឲ្យ​អ្នក​យាម​ម្នាក់។ ភ្លាម​នោះ នគរបាល​បាន​ចាប់​លោក កក្កាដា អតីត​អ្នក​គ្រប់គ្រង​ហាង​កាហ្វេ​នេះ ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​លោក យ៉ុនថយ បាន​និយាយ​ថា គាត់​សង្ស័យថា កក្កដា ជាប់​ពាក់ព័ន្ធក្នុង​ហេតុការណ៍​នេះ។ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស