34 C
Phnom Penh

ប្រទេស​ថៃ​រឹប​អូស​ភ្លុក​ដំរី​តម្លៃ​បី​សែន​ដុល្លារ​ដែល​គេ​នាំ​យក​មក​ខេត្ត​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព័ត៌មាន​ថៃ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា កាលពី​ថ្ងៃ​សៅរ៍ មន្ត្រី​គយ​ថៃចាប់​បាន​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ និង​បុរស​ជនជាតិ​វៀតណាម​ម្នាក់ នៅ​អាកាស​យានដ្ឋានសុវណ្ណ​ភូមិ​ក្រុង​បាងកក ដែល​បាន​ធ្វើ​ដំណើរ​សំដៅ​មក​អាកាស​យាន​ដ្ឋានអន្តរជាតិ​សៀមរាប ដោយ​នាំ​មកជាមួយ​នូវ​ភ្លុក​ដំរី​អាហ្វ្រិក​ខុស​ច្បាប់​តម្លៃ​៣០០.០០០​ដុល្លារ។

កាសែត បាងកក ប៉ុស្តិ៍ បាន​រាយការណ៍​ថា នៅ​សន្និសិទ​ព័ត៌មាន​កាល​ពី​ម្សិលមិញ ជនជាតិ​វៀតណាម​នោះ​ឈ្មោះ លួង ថេន ផុង អាយុ​៦២​ឆ្នាំ និង​ជនជាតិ​ចិនឈ្មោះ ចេន ឈីយូ អាយុ​២៣​ឆ្នាំ។

បាងកក ប៉ុស្តិ៍ សរសេរ​ថា “ជន​សង្ស័យ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ កូស្តារីកា ហើយ​បាន​ឡើង​ជិះ​យន្តហោះ​ក្រុមហ៊ុន បាងកក អ៊ែរវេ ជើងហោះហើរ PG 909 ទៅខេត្ត​សៀមរាប ពេល​ពួកគេ​ត្រូវ​ចាប់​ខ្លួន”។ កាសែត​បាន​បន្ថែម​ទៀត​ថា ម៉ាស៊ីន​កាំ​រស្មី​អិុចបាន​បង្ហាញ​ឲ្យ​ឃើញ​ភ្លុក​១៨​ដុំ និង​ខ្សែដៃ​ភ្លុក​៥៨៧​ខ្សែ ដែល​លាក់​ទុក​ខាង​ក្នុង​វ៉ាលី​ចំនួន​បួន។

អាង សុគេនហោ មន្ត្រី​គយ​ម្នាក់​នៅ​អាកាស​យាន​ដ្ឋានអន្តរជាតិ​សៀមរាប បាន​និយាយ​ថា ការ​ចាប់​បាន​នៅ​ថៃជា​ព័ត៌មានគួរ​ឲ្យ​​ស្វាគមន៍។ លោក​បាន​និយាយ​ថា “យើង​រីករាយ​ណាស់​នឹង​ព័ត៌មាន ដែល​ថា​ថៃ​បាន​ចាប់​ជន​សង្ស័យ និង​រឹបអូស​បាន​ភ្លុក​ដំរី”។

រីឯ​ប្រទេស​កម្ពុជា​មិន​មាន​ទី​ផ្សារ​ក្នុង​ស្រុក​សម្រាប់​លក់​ភ្លុក​ទេ តែ​អាកាស​យានដ្ឋាន កំពង់ផែ និង​ផ្លូវ​ផ្នល់​របស់​ប្រទេស​នេះ បាន​ក្លាយ​ជា​កន្លែង​ឆ្លង​កាត់​សម្រាប់​ពួក​​រត់ពន្ធ​ដែល​ចង់​ទៅ​ឲ្យ​ដល់​ទីផ្សារ​ងងឹត​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន៕​ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស