33 C
Phnom Penh

គណបក្ស​​​ទាំង​​​ពីរ​​​ចោទ​​​គ្នា​​​ទៅវិញ​​​ទៅមក​​​ចំពោះ​​​ការ​​​ពន្យារពេល​​​ស្បថ​​​ចូល​​​​​​សភា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចេញ​​​ពី​​​កិច្ច​​​ចរចា ដែល​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​សភារបស់​​​គណបក្ស​​​ប្រឆាំង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាងរាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​លោក​​​ នឹង​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​។

កាល​​​ពីពីរ​​​ថ្ងៃ​​​មុន លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាងរាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​។

ពេល​​​នេះ​​​វា​​​ហាក់​​​ដូច​​​ជា​​​ថា កាល​​​បរិច្ឆេទ​​​​​​សម្រាប់​​​ការ​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​​​​នឹង​​​មិន​​​ត្រូ​​​វ​​​បាន​​​ជ្រើស​​​រើស​​​ទេ យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​រហូត​​​ដល់​​​សប្តាហ៍​​​ក្រោយ​​​ដែរ​​​ ហើយ​​​ការ​​​​​ពិភាក្សា​​​​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​ដើម្បី​​​ដាក់​​​បញ្ចូល​​​​​​ខ្លឹម​​​សារ​​​លម្អិត​​​ នៃ​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ឲ្យ​​​ទៅ​​​ជា​​​លាយ​​​លក្ខ​​​ណ៍​​​​​​អក្សរ​​​ បាន​​​ផ្អាក​​​​​រហូត​​​ដល់​​ថ្ងៃ​​​ច័ន្ទ។

កាល​​​ពី​​​ម្សិលមិញ លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ព័ត៌មាន​​​ដែល​​​លើក​​​ឡើង​​​ថា ការ​​​ចរចា​​​ត្រូវ​​​បាន​​​ពន្យារ​​​ពេល​​​មួយ​​​សប្តាហ៍​​​នេះ​​​ថា “ខ្ញុំ​​​ជា​​​អ្នក​​​ដំបូង​​​គេ​​​ដែល​​​ភ្ញាក់​​​ផ្អើល​​​ចំពោះ​​​រឿង​​​នោះ​​​”។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ជ្រើស​​​រើស​​​លោក​​​ស្រី ពុង​​​ ឈីវ​​​កេក ​​​ឲ្យ​​​ធ្វើ​​​ជា​​​សមាជិក​​​ទី​​​៩​​​ដែល​​​មាន​​​អព្យាក្រឹត​​​ភាព ​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) ថ្មី។ ក្រុម​​​ការ​​​ងារ​​​ទ្វេ​​​ភាគី​​​​​​ចំនួន​​​បី​​​ ទទួល​​​បន្ទុក​​​​​​​​​ផ្នែក​​ពិភាក្សា​​​សម្រេច​​​លើ​​​​​ខ្លឹមសារ​​​លម្អិត​​​នៅ​​​ក្នុង​​​ការ​​​អនុវត្ត​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ បាន​​​ជួប​​​ពិភាក្សា​​​​​​គ្នា​​​​​​ជា​​​លើក​​​ដំបូង​​​​​នៅ​​​សប្តាហ៍​​​នេះ​​​។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រុម​​​ការ​​​ងារទី១​​​ ទទួល​​​បន្ទុក​​​ផ្នែក​​​​​បទ​​​បញ្ជា​​​​​​ផ្ទៃ​​​ក្នុង​​​នៃ​​​រដ្ឋ​​​សភា​​​ ការងារ​​​​​​ចប់​​​រួច​​​រាល់​​​ហើយ​​ វា​​​គួរ​​​ឲ្យ​​​ពេញ​​​ចិត្ត​​​ជា​​​ខ្លាំង​​​។ សម្រាប់​​​ក្រុម​​​ការងារ​​​ពីរ​​​ទៀត​​​ វាខុស​​​គ្នា​​​ឆ្ងាយ​​​ណាស់​​​ ហើយ​​​យើង​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​។ អ្នក​​​ចរចា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​ជំនួប​​​លើក​​​ក្រោយ​​​ធ្វើ​​​ឡើង​​​នៅ​​​ដំណាច់​​​សប្តាហ៍​​​នេះ សម្រាប់​​​ក្រុម​​​ការងារ​​​ទទួល​​​បន្ទុក​​​ផ្នែក​​​រដ្ឋធម្មនុញ្ញ ហើយ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ សម្រាប់​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​បោះ​​​ឆ្នោត​​​។ យើង​​​សូម​​​ស្នើ​​​ឲ្យ​​​ធ្វើ​​​ការ​​​ទាំង​​​យប់​​​ទាំង​​​ថ្ងៃ​​​ ទោះ​​​បី​​​ជា​​​ចុង​​​សប្តាហ៍​​​ក៏​​​ដោយ ប្រសិន​​​បើ​​​យើង​​​ចង់​​​ឈាន​​​ដល់​​​ការ​​​ព្រមព្រៀង​​​ឆាប់​​​រហ័ស​​​ ហេតុ​​​អ្វី​​​ត្រូវ​​​រង់​​​ចាំ​​​រហូត​​​ដល់​​​ដំណាច់​​​​​​សប្ដាហ៍​​​នេះ ឬ​​​សប្ដាហ៍​​​ក្រោយ?”។

លោក ជាម យៀប អ្នក​​​​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​មន្ត្រី​​​ប្រាំ​​​រូប​​​របស​​​់គណបក្ស​​​កាន់​​​អំណាច​​​ នៅ​​​ក្នុង​​​ក្រុម​​​ការងារ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​បោះ​​​ឆ្នោត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​របស់​​​លោក​​​នឹង​​​ទទួល​​​យកការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​មិន​​​អាច​​​ធ្វើ​​​វិសោធនកម្ម​​​អ្វីមួយ​​​ដោយ​​​គ្មាន​​​ការ​​​សិក្សា​​​លម្អិត​​​បាន​​​ទេ​​​ ពី​​​ព្រោះ​​​យើង​​​មិន​​​ចង់​​​ឃើញ​​​គណបក្ស​​​នយោបាយ​​​ដទៃ​​​ទៀត​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រដ្ឋ​​​សភា​​​ ឬ​​​ប្រើ​​​ប្រាស់​​​លេស​​​ផ្សេង​​ដើម្បី​​​ចោទ​​​ប្រកាន់​​​ថា មាន​​​​​​ការ​​​លួច​​​បន្លំ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​ឡើយ​​​។ តាម​​​ពិត ​​​ពិធី​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​អាច​​​ធ្វើ​​​​​​នៅ​​​ពេល​​​ណា​​​ក៏​​​បាន​​​ សូម្បី​​​ថ្ងៃ​​​នេះ​​​ក៏​​​បាន​​​ ហើយ​​​ពេល​​​នោះ​​​យើង​​​អាច​​​បន្ត​​​ការ​​​ចរចា​​​អំពី​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​ និង​​​ការ​​​ធ្វើ​​​វិសោធន​​​កម្ម​​​ច្បាប់​​​ និង​​​រដ្ឋធម្មនុញ្ញ​​​ក្នុង​​​ពេល​​​​​​តែ​​​មួយ​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​តែ​​​ពន្យារ​​​ពេល​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​”។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​ជា​​​ប្រតិភូ​​​មួយ​​​រូប​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា នៅ​​​ក្នុង​​​ក្រុម​​​ការ​​​ងារ​​​កំណែទម្រង់​​​បោះ​​​ឆ្នោត​​​ដែរ​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចរចា​​​កាល​​​ពី​​​ម្សិល​​​មិញ មាន​​​រយៈ​​​ពេល​​​ពីរ​​​ម៉ោង ហើយ​​​ថា គណបក្ស​​​ទាំ​​​ង​​​ពីរ​​​បាន​​​សម្រេច​​​ផ្អាក​​​រហូត​​​ដល់​​​ថ្ងៃ​​​ច័ន្ទ។

លោក សក់ សេដ្ឋា បាន​​​លើក​​​ឡើង​​​ថា ​​​​​​​​​​​​​​​​​​​​​វា​​​មិន​​​សម​​​ហេតុផល​​​ទេ ដែល​​​ទាម​​​ទារ​​​ឲ្យ​​​លាត​​​ត្រដាង​​​ការ​​​ចរចា​​​ ដើម្បីពន្លឿន​​​ការ​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​របស់​​​​​​តំណាង​​​រាស្ត្រ​​​ទាំង​​​៥៥​​​រូប​​​​​​​​​មក​​​ពី​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក​​​ថ្លែង​​​ថា “សម្រាប់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ យើង​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ វា​​​មិន​​​មែន​​​​​ត្រូវ​​​ការ​​​​​​ពេល​​​តែ​​​​​​ពីរ​​​បី​​​ថ្ងៃ​​​នោះ​​​ទេ​​​។ ដោយ​​​មាន​​​ដំណោះ​​​ស្រាយ​​​ខាង​​​នយោបាយ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ យើង​​​​​​នឹងនៅ​​​តែ​​​ត្រូវ​​​ការ​​​ពិភាក្សា​​​អំពី​​​បញ្ហា​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​ដូច​​​ជា គ.ជ.ប. បញ្ជី​​​ឈ្មោះ​​​បោះ​​​​​​ឆ្នោត និង​​​ស្វ័យ​​​ភាព​​​ថវិកា​​​របស់​​​ គ.ជ.ប. ជា​​​ដើម​​​”។

លោក សក់ សេដ្ឋា បាន​​​បដិសេធ​​​ថា ការ​​​ពន្យារ​​​ពេល​​​នេះ​​​មិន​​​បាន​​​បង្ហាញ​​​ថា​​​មាន​​​បញ្ហា​​​ទេ។ លោក​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​រឿង​​​វិជ្ជមាន។ នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យើង​​​បាន​​​ព្រមព្រៀង​​​​​​ពិភាក្សា​​គ្នា​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ក្រោយ”។

ក្រោម​​​កិច្ច​​​ព្រមព្រៀង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា លោក ហ៊ុន សែន បាន​​​យល់​​​ព្រម​​​តាម​​​សំណើ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​ជា​​​ច្រើន​​​ដើម្បី​​​សម្រួល​​​​​​ឲ្យ​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​អនាគត​​​មាន​​​ភាព​​​ត្រឹម​​​ត្រូវ​​​​​​និង​​​យុត្តិ​​​ធម៌​​​ ជា​​​ថ្នូរ​​​នឹង​​​ការ​​​ទទួល​​​ស្គាល់​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំពោះ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ឆ្នាំ​​​មុន ​​​តាម​​​រយៈ​​​ការ​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា។

ជាសញ្ញា​​​បង្ហាញ​​​ពី​​​សុច្ឆន្ទៈ​​​ភ្លាម​​​ៗ​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ លោក​​​ស្រី ពុង​​​ ឈីវ​​​កេក ត្រូវ​​​បាន​​​គណបក្ស​​​ទាំង​​​ពីរ​​​សម្រេច​​​ជ្រើស​​​រើស​​​នៅ​​​សប្ដាហ៍​​​នេះ​​​ឲ្យ​​​ធ្វើ​​​ជា​​​សមាជិក​​​ គ.ជ.ប.​​ ទ្វេ​​​ភាគី​​​ថ្មី​​​មួយ​​​ ​​​ជំនួស​​​ គ.ជ.ប. បច្ចុប្បន្ន​​​​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។

ប៉ុន្តែ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ចង់​​​បង្ហើយ និង​​​ចេញផ្សាយ​​​ជា​​​សាធារណៈ​​​នូវ​​​សេចក្តី​​​ព្រាង​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋ​​​ធម្មនុញ្ញ បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​​​​​​​​​​​​​​​​​​​នៃ​​​រដ្ឋ​​​សភា និង​​​ច្បាប់​​​បោះ​​​ឆ្នោត មុន​​​ពេល​​​តំណាង​​​រាស្ត្រ​​​របស់​​​ខ្លួន​​​​​​​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង។

លោក គួយ​​​ ប៊ុន​​​រឿន សមាជិក​​​មួយ​​​រូប​​​នៃ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជំនួប​​​កាល​​​ពី​​​ម្សិលមិញ ត្រូវ​​​ផ្អាក​​​​​​យ៉ាង​​​ហោច​​​ណាស់​​​មួយ​​​ថ្ងៃ​​​ដើម្បី​​​ឲ្យ​​​គណបក្ស​​​ទាំង​​​ពីរ​​​ពិចារណាអំពី​​​​​​គោល​​​ជំហរ​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ដោយសារ​​​តែ​​​ទំហំ​​​ការ​​​ងារ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ទូលំ​​​ទូលាយ​​​ខ្លាំង​​​ ក្រុម​​​ការងារ​​​ទាំង​​​ពីរ​​​ចាំបាច់​​​ត្រូវ​​​ធ្វើ​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​ និង​​​ស្វែង​​​រក​​​សំអាង​​ផ្សេង​​​ៗ​​​ដើម្បី​​​យក​​​ទៅ​​​ជជែក​​​គ្នា​​​លើក​​​ក្រោយ​​​ទៀត”។

លោក​​​ គួយ ប៊ុន​​​រឿន មាន​​​ប្រសាសន៍​​​បន្ត​​​ថា ការ​​​ងារ​​​ដែល​​​នៅ​​​សេស​​​សល់​​​​​​របស់​​​​​​ក្រុម​​​ការ​​​ងារ​​​នេះ ​​​គឺ​​​ការ​​​សម្រេច​​​​​លើ​​​យន្ត​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​រាប់​​​បញ្ចូល​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​សែន​​​នាក់ ដែល​​​មិន​​​អាច​​​បោះ​​​ឆ្នោត​​​បាន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ និង​​​​​​​​​​​​មិន​​​ទាន់​​​បាន​​​សម្រេច​​​ពីរបៀប​​​ជ្រើស​​​រើស​​សមា​​​សភាព​​​នៃ​​​គណៈ​​​កម្មការ​​​បោះឆ្នោត​​​ថ្នាក់​​​ខេត្ត​​​ និង​​​ឃុំ​​​សង្កាត់​​​។

លោក​​​ ម៉ៅ មុនីវណ្ណ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ពិភាក្សា​​​អំពី​​​កំណែទម្រង់​​​រដ្ឋសភា​​​រវាង​​​លោក​​​ ឈាង វុន តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណ​​​កប្ស​​​ប្រជា​​​ជន​​​កម្ពុជា និ​​​ងលោក យ៉ែម បុញ្ញប្ញទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​ ពេ​​ល​​​ខ្លះ​​​មាន​​​សភាព​​​ក្ដៅ​​​គគុក ប៉ុន្តែ​​​​​បាន​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​យន្តការ​​​អនុវត្ត​​​​​​ន៍​​​ដើម្បី​​​ធានា​​​​ថា ​​រដ្ឋមន្ត្រី​​​បង្ហាញ​​​មុខ​​​នៅ​​​ចំពោះ​​​មុខ​​​រដ្ឋសភា​​​នៅ​​​ពេល​​​ត្រូវ​​​កោះ​​​ហៅ។

លោក​​​​​​​​​​​​​មាន​​​​​​ប្រសាសន៍​​​ទៀត​​​ថា “វា​​​មាន​​​ន័យ​​​ថា សមាជិក​​​រដ្ឋសភា​​​ត្រូវ​​​មាន​​​សិទ្ធិ​​​កោះ​​​ហៅ​​​នាយក​​​រដ្ឋមន្ត្រី និង​​​រដ្ឋមន្ត្រី​​​ផ្សេង​​​ទៀត​​​ឲ្យ​​​​​​ចូល​​​មក​​​​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​រដ្ឋសភា​​​។ ប្រសិន​​​បើ​​​ពួកគាត់​​​មិន​​​បង្ហាញ​​​មុខ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំពីរ​​​ថ្ងៃ​​​ដូច​​​មាន​​​ចែង​​​នៅ​​​​​​ក្នុង​​​រដ្ឋ​​​ធម្មនុញ្ញទេ​​​នោះ សមាជិក​​​ជាង​​​៣០​​​រូ​​​ប​​​នៃ​​​រដ្ឋសភា​​​អាច​​​សរសេរ​​​ញត្តិ​​​ស្ដី​​​បន្ទោស​​​ទៅ​​​រដ្ឋាភិបាល​​​បាន​​​”។

លោក គួយ ប៊ុនរឿន បាន​​​ទទួល​​​ស្គាល់​​​ថា ក្រុម​​​ការ​​​ងារ​​​របស់​​​លោក​​​ទទួល​​​បន្ទុក​​​ផ្នែក​​​កំណែ​​​ទម្រង់​​​ច្បាប់​​​បោះ​​​ឆ្នោត ​​​កំពុង​​​​ពន្យារ​​​ពេល​​​ដំណើរ​​​ការ​​​នេះ ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​បំណង​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ការ​​​បោះ​​​ឆ្នោត​​​លើក​​​ក្រោយ​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​យុត្តិធម៌។  លោក​​​មាន​​​ប្រសាសន៍​​​ថា ” ក្រុម​​​ការ​​​ងារ​​​ពីរ​​​ទៀត​​​នឹង​​​មិន​​​​​​ចំណាយ​​​ពេល​​​វេលា​​​ច្រើន​​​ដូច​​​កិច្ច​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​បោះ​​ឆ្នោត​​​ទេ”៕ សុខុម​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស