29.3 C
Phnom Penh

នាយក​ផ្នែក​ព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​យក​កាំ​ភ្លើង​ភ្ជង់​សហការី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មេធាវី​របស់​ដើម​បណ្ដឹង​បាន​ឲ្យ​ដឹង​ថា នាយក​ផ្នែក​ព័ត៌មាន​នៅ​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍​​ព័ត៌មាន​ដែល​ផ្សាយ​២៤​ម៉ោង​នៅ​កម្ពុជា​ នឹង​ត្រូវ​សាក​សួរ​នៅ​តុលាការ​នៅ​ថ្ងៃ​នេះ​ បន្ទាប់ពី​មាន​ការ​ប្ដឹង​ចោទ​ថា បាន​យក​កាំភ្លើង​ភ្ជង់​សហការី​ម្នាក់​។

លោក ហ៊ុយ វណ្ណៈ ដែល​ជា​ប្រធាន​ក្រុម​ផ្នែក​វិចារណកថា​នៅ​ស្ថានីយ​ទូរទស្សន៍ស៊ីអិន​ស៊ី​​​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​សម្លាប់​លោក រស់ ឌីណា ដែល​​ជា​អ្នក​រៀប​ចំ​ផែន​ការ និង​ចាត់​តាំង​ការងារ​ផ្នែក​យក​ព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍ស៊ីធីអិន និង​មា៉យធីវី។

បណ្ដាញ​ទូរទស្សន៍​ទាំងបី​នេះ​​ស្ថិត​នៅ​ក្រោម​ក្រុម​ហ៊ុន​សាជីវកម្ម​ផ្សព្វ​ផ្សាយ​កម្ពុជា​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប។

លោក គា អ៊ាវ​ មេធាវី​របស់​លោក ឌីណា បាន​និយាយ​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​គ្រោង​សាក​សួរ​លោក​ វណ្ណៈ នៅ​ថ្ងៃ​នេះ​ពាក់​ព័ន្ធ​ពាក្យ​បណ្ដឹង​របស់​កូនក្ដី​លោក​។ លោក​បាន​និយាយ​ថា ” វា​ជា​ជម្លោះ​ផ្ទៃ​ក្នុង​តូច​តាច ដែល​នៅ​ក្នុង​នោះ​លោក ហ៊ុយ វណ្ណៈ បាន​យក​កាំភ្លើង​ភ្ជង់​លោក​ រស់​ ឌីណា”។លោក​បាន​និយាយ​ថា លោក​មិន​អាច​និយាយ​លម្អិត​ថា តើ​រឿង​នេះ​បាន​កើត​ឡើង​នៅ​ពេល​ណា ឬនៅ​ទីណាទេ។

លោក ឌីណា បាន​និយាយ​ថា លោក កែវ សុជាតិ ព្រះ​រាជ​អាជ្ញារង​បាន​កោះ​ហៅ​គាត់​ឲ្យ​ទៅ​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក វណ្ណៈ។ គាត់​បាន​បដិសេធ​មិន​ប្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ហេតុការណ៍​ដែល​ត្រូវ​បាន​គេ​ចោទ​ឡើង​នេះ​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​មេធាវី​របស់​លោក។

លោក សុជាតិ បាន​និយាយ​ថា លោក​មាន​រឿង​ក្ដី​ជា​ច្រើន​ ហើយ​មិន​ចាំ​ព័ត៌មាន​លម្អិត​អំពី​រឿង​ក្ដី​នេះ​ទេ​។

លោក រ៉ាម៉ាឌី មួន អគ្គនាយក​ទូរទស្សន៍​ស៊ីអិន​ស៊ី បាន​និយាយ​កាលពី​ម្សិលមិញ​ថា លោក​មិន​បាន​ដឹង​អំពី​រឿង​ក្ដី​នេះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​កំពុង​ស៊ើប​អង្កេត​ពីការ​ចោទ​ប្រកាន់​នេះ​។

លោក​បាន​និយាយ​ថា ” ខ្ញុំ​បាន​ដឹង​អំពី​ហេតុការណ៍​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ព័ត៌មាន​លម្អិត​ទេ។មានការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​ជាមួយ​ផ្នែក​ធនធាន​មនុស្ស។ វាជា​បញ្ហា​ផ្ទៃ​ក្នុង​ ដូច្នេះ​វា​ស្ថិត​នៅ​ក្រោម​ផ្នែក​ធនធាន​មនុស្ស​”។​លោក មួន បាន​និយាយ​ថា ទាំង​លោក ឌីណា និង​លោក វណ្ណៈ កំពុង​ធ្វើការ​ឲ្យ​ក្រុម​ហ៊ុន​នៅ​ឡើយ។

នៅពេល​សួរ​ថា តើ​ទូរទស្សន៍​ស៊ីអិនស៊ី មាន​គម្រោង​ចាត់​វិធានការ​ណាមួយ​លើ​លោក​ វណ្ណៈ ដែរ​ឬយ៉ាង​ណា​នោះ គាត់​បាន​ឆ្លើយ​ថា “​វា​ពាក់​ព័ន្ធ​នឹង​នីតិវិធី​។ ខ្ញុំ​ទុក​រឿង​នេះ​ឲ្យ​អ្នក​ទទួល​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង”។

លោក វណ្ណៈ ធ្លាប់​ធ្វើការ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុអាស៊ីសេរី និង​ជា​មន្ត្រី​កិច្ច​ការ​សាធារណៈ​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។

លោក គិត ម៉េង ជា​ប្រធាន​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​សាជីវកម្ម​ផ្សព្វ​ផ្សាយ​កម្ពុជា​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​។ គេ​មិន​អាច​ទាក់​ទង​លោក វណ្ណៈ បាន​ទេ​៕ គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ គុច ណារ៉េន​)​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស