35 C
Phnom Penh

កសិករ​ថៃ​មក​ភ្ជួរដីធ្វើស្រែនៅក្នុង​ទឹក​ដី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យដឹង​ថា នគរ​បាល​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​មិន​អាច​រារាំង​កសិករ​ថៃ​៣០​នាក់​មិន​ឲ្យ​ភ្ជួរ​ដី​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​បាន​ឡើយ​ និងត្រូវ​រង់​ចាំ​មន្ត្រី​ថៃ​​មក​ដល់​ ហើយ​ប្រាប់ឲ្យ​កសិករ​ទាំង​នោះ​ត្រឡប់​ទៅ​វិញតាម​ព្រំដែន។

លោក ប្រាក់ សារ៉ាត់ មេបញ្ជាការរង​អង្គភាព​នគរ​បាល​ការ​ពារ​ព្រំដែន​លេខ​៩១១​​បានមាន​ប្រសា​សន៍​ថា កសិករ​ទាំង​នោះ​បាន​បើក​ត្រាក់ទ័រ​ប្រាំ​គ្រឿង​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ។

លោក​ សារ៉ាត់ បាន​មាន​ប្រសាសន៍​ថា “ពួកគេ​ភ្ជួរ​ដី​បាន​ប្រហែល​១ហិកតា​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​ណា​ជា​មន្ត្រីនគរបាល​ព្រំដែន​របស់​យើង​រារាំង​ពួកគេ​យ៉ាង​ណា​ក៏ដោយ”។ លោក​បាន​បន្ថែម​ថា ” មិន​មាន​អំពើ​ហិង្សា​ទេ។ នាយ​នគ​រ​បាល​ព្រំ​ដែន​ថៃ​ម្នាក់​បាន​មក​ធ្វើការ​ចរចា​ ហើយ​បាន​ប្រាប់​ឲ្យ​កសិករ​ទាំង​នោះ​ត្រឡប់​ទៅ​វិញ​។ កសិករ​ទាំង​នោះ​ក៏បាន​ត្រឡប់​ទៅ​វិញ​កាលពី​ដើម​ខែ​មិថុនា បន្ទាប់​ពី​ពួកគេ​បានបើក​ត្រាក់ទ័រ១០គ្រឿង​ឆ្លង​ព្រំដែន​ មក​ភ្ជួរដី​។

លោក​ សារ៉ាត់ បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គិត​ថា មាន​គេ​ញុះ​ញង់​កសិករថៃ​ឲ្យ​មក​ភ្ជួរ​ដី​​ក្នុង​ប្រទេស​កម្ពុជា​ ពីព្រោះ​ដី​នេះត្រូវ​បាន​​ដាក់​សញ្ញា​សម្គាល់យ៉ាងច្បាស់​ថាជា​ដី​ខ្មែរ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​”។

កសិករ​ថៃ​បាន​​ចេញ​ចូល​មក​ធ្វើ​ស្រែលើ​ដីនេះ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក​។ ប៉ុន្តែ​ការ​វាស់​វែងតំបន់​នោះ​កាលពី​ឆ្នាំ​២០១១​ ដោយ​គណៈកម្មាធិការ​ព្រំដែន​រួម​កម្ពុជា​-ថៃ​ ​បាន​កំណត់​ថា វា​ជា​ដី​របស់​​ប្រទេស​កម្ពុជា​។

ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​កាលពី​ឆ្នាំ​២០០៧ ដើម្បី​អនុញ្ញាត​ឲ្យ​កសិករ​ថៃ​ប្រើ​ប្រាស់​ដី​ប្រហែល​២០០​ហិកតា​​នៅ​ក្នុង​ស្រុក​នេះ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នោះ​​ត្រូវ​បាន​លុប​ចោល​វិញ​កាលពី​ឆ្នាំ​២០១១​។

លោក គោស៊ុំ សារឿត អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ថៃបាន​ស្នើ​សុំ​ការ​អនុញ្ញាត​ម្ដង​ទៀត​ពី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កសិករ​របស់​ខ្លួន​បន្ត​ប្រើ​ប្រាស់​ដី​នេះ​ ប៉ុន្តែ​រដ្ឋា​ភិបាល​មិន​ទាន់​សម្រេច​នៅឡើយ​ទេ​។

ដោយបដិសេធ​មិន​បញ្ជាក់​ថា តើ​ភាគី​ទាំងពីរ​អាច​ជួប​គ្នា​នៅ​ពេល​ណានោះ ​លោក សារឿត បាន​មាន​ប្រសាសន៍​ថា “អភិបាលខេត្ត​​មិន​​បាន​ជួប​ពិភាក្សា​អំពី​លក្ខខណ្ឌ​ទេ​។

លោក ស៊ុម ចាន់គា អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា កសិករ​ថៃ​គួរ​គោរព​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១១​ រវាង​គណៈកម្មាធិការ​​ព្រំដែន​រួម​កម្ពុជា​-ថៃ ដែល​បាន​សម្រេចថា​តំបន់​នេះពិតជា​ទឹក​ដី​របស់​ប្រទេសកម្ពុជា​។

លោក ចាន់គា បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ថៃ​បាន​បណ្តោយ​ឲ្យ​កសិករ​របស់​ខ្លួន​ភ្ជួរ​ដី​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ដោយ​ចេត​នាតែម្តង។ វា​ជា​ការ​រំលោភ​បូរណភាព​ទឹក​ដី​ និង​អធិបតេយ្យភាព​កម្ពុជា​។ កសិករ​ថៃ​មិន​គួរ​មក​ភ្ជួរ​​ដី​ ហើយ​ធ្វើ​ស្រែ​នៅ​លើ​ដី​ខ្មែរ​ឡើយ​”៕ សារុន​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស