41.3 C
Phnom Penh

ចោទប្រកាន់​ទាហានម្នាក់​ពី​បទបាញ់សម្លាប់​យុវជន​ម្នាក់​ជុំវិញវិវាទដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​រាជ​អាជ្ញា​រង​ម្នាក់​បាន​និយាយ​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​បាន​ចោទ​ប្រកាន់​ទាហាន​ម្នាក់​ពី​បទ​មនុស្ស​ឃាត​ និង​ប្រើប្រាស់អាវុធ​ខុស​ច្បាប់​បន្ទាប់​ពី​ជន​នេះបាន​បាញ់​សម្លាប់​យុវជនអាយុ​១៨​ឆ្នាំ​ម្នាក់ ដោយ​កាំភ្លើង​ អាកា-៤៧ កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ស្រុក​គូលែន។

យោង​តាម​លោក​ ស្រេង វុទ្ធា ព្រះ​រាជ​អាជ្ញារង​បាន​ឲ្យ​ដឹង​ថា ទាហាន​រូប​នេះ​ឈ្មោះ ពឿន បាស់ អាយុ​៣០​ឆ្នាំ​នៅ​កង​ពលតូច​លេខ​៤១​​បាន​សារភាព​ប្រាប់​មន្ត្រី​តុលាការ​ថា ខ្លួន​បាន​បាញ់​យុវជន​ម្នាក់​ឈ្មោះ ទ្រី ចំរើន អំឡុង​ការ​ប៉ះទង្គិចពាក្យ​សម្ដី​គ្នា​ជាមួយ​អ្នកភូមិ​មូលដ្ឋាន​ជុំវិញ​ព្រំ​ប្រទល់​ដី​នៅ​ក្នុង​តំបន់នេះ​។

លោក​ វុទ្ធា បាន​មាន​ប្រសាសន៍​ថា ” ចុង​ចោទ​រូប​នេះ​បាន​សារភាព​ថា គាត់​បាន​បាញ់​គំរាម​អ្នក​ភូមិមែន​ ពីព្រោះពួកគាត់​មិន​ព្រម​ឈប់​ធ្វើ​ស្រែ​លើ​ដី​ដែល​គាត់​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​គាត់”។

ឪពុក​របស់​ ទ្រី ចំរើន បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា យុវជន​រូប​នេះ​ត្រូវ​បាន​បាញ់​ខណៈ​ពេល​កំពុង​ថត​រូប​ឈ្មោះ បាស់ នៅ​ពេល​ដែលទាហាន​រូប​នេះ​បាន​ព្យាយាម​ប្រាប់​ឲ្យ​អ្្នកភូមិ​មូល​ដ្ឋាន​១០​គ្រួសារ​ចាក​ចេញពីដី​របស់​ខ្លួន​​ តាង​នាម​ឲ្យ​វរសេនីយ៍ត្រី​កងយោពល​ខេមរ​ភូមិន្ទ​​ម្នាក់​។

លោក វុទ្ធា បាន​មាន​ប្រសាសន៍​ថា តុលាការ​ក៏​បាន​ចោទ​ប្រកាន់​ឈ្មោះ បាស់ នេះ​ពីបទ​ប្រើប្រាស់អាវុធខុសច្បាប់ផង​ដែរ ពីព្រោះ​កាំភ្លើង​អាកា-៤៧​ ដែល​ជន​នេះ​បានប្រើ​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្លួនឡើយ ប៉ុន្តែ​ជន​​​នេះ​បាន​​ខ្ចី​ពី​ទាហាន​ម្នាក់​ទៀត​។

លោក ស៊ី គិរី ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា បុរសឈ្មោះ​ បាស់ នេះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាប់​ពីធ្វើ​ការ​ចោទ​ប្រកាន់​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស