38.1 C
Phnom Penh

អតីត​ម្ចាស់​រោង​ចក្រ​ភ្លើងឆេះ​​យល់​ព្រម​ឲ្យ​កម្ម​ករ​ខ្ចី​លុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​ម្ចាស់​​​រោងចក្រ​​​កាត់​​​ដេរ​​​ ដែល​​​ត្រូវ​​​បាន​​​ភ្លើង​​​ឆាប​​​ឆេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​យល់​ព្រម​ឲ្យ​កម្មករ​​​ប្រហែល​​​៩០០នាក់​​ខ្ចី​លុយ​រហូត​​​ដល់​​​ម្ចាស់​​​រោង​​​ចក្រ​​​បច្ចុប្បន្ន​​​សម្រេច​​​ថា តើ​​​ត្រូវ​​​បើក​​​ប្រាក់​​​ខែ​​​ និង​​​ប្រាក់​​​បំណាច់​​​ការ​​​ងារ​​​ឲ្យ​​​ពួក​​​គេ​​​ដោយ​​​របៀប​​​ណា​​​នោះ​​​សិន។

ទន្ទឹម​​​នឹង​​​នេះ​​​ដែរ​​​ អាជ្ញាធរ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​មិន​​​ទាន់​​​បាន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ដែល​​​បង្ក​​​ឲ្យ​​​មាន​​​អគ្គិភ័យ​​​នៅ​​​រោង​ចក្រ ចាង​​​សេង របស់​​​ចិន ដែល​បាន​បណ្ដាល​​​ឲ្យ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ជន​​​ជាតិ​​​ចិន​​​ម្នាក​​​់​​​ស្លាប់​​​នេះ​​​ទេ​​​។

អ្នក​​​ស្រី ហេល ផល្លា ប្រធាន​​​រដ្ឋ​​​បាល​​​នៅ​​​រោង​​​ចក្រ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​នេះ បាន​​​និយាយ​​​ថា ម្ចាស់​​​រោង​​​ចក្រ​​​បច្ចុប្បន្ន​​​បាន​​​សុំ​​​ឲ្យ​​​ម្ចាស់​​​រោង​​​ចក្រ​​​មុន​​​ ដែល​​​ជា​​​មិត្ត​​​ភក្តិ​​​ជិត​​​ស្និទ្ធ​​​ជួយ​​​កម្ម​ករ​សម្រាប់​ការ​ចំណាយ​​​បន្ទាន់ៗ ខណៈ​​​ដែល​​​រោង​​​ចក្រ​​​ដោះ​​​ស្រាយ​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​ធានា​​​រ៉ាប់​​​រង​​​របស់​​​ខ្លួន​​​ និង​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ធ្វើ​​​អ្វី​​​ទៀត​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​ថា “គាត់​​​គឺ​ជា​អតីត​​​ម្ចាស់​​​រោង​​​ចក្រ​​​នេះ និង​​​ជា​​​មិត្ត​​​ភក្តិ​​​យូរ​​​អង្វែង​​​របស់​​​ម្ចាស់​​​រោង​ចក្រ​​​បច្ចុប្បន្ន​​​ ហើយ​​​​​​គាត់​​​បាន​​​យល់​​​ព្រម​​​ឲ្យ​​​កម្មករ​​​ខ្ចី​លុយ ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​មាន​​​លុយ​​​បង់​​​ថ្លៃ​​​ឈ្នួល​​​ផ្ទះ និង​​​ថ្លៃ​​​ចំណាយ​​​ក្នុង​​​ការ​​​រស់​​​នៅ​​​ផ្សេង​​​ៗ​​​ទៀត​​​”។

អ្នក​​​ស្រី ផល្លា បាន​និយាយ​ថា ការ​​​ឲ្យ​​​ខ្ចី​​​លុយ​​​នេះ​​​នឹង​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​កម្មករ​​​ម្នាក់​អាច​​​ទទួល​​​បាន​​​រហូតដល់​​​១០០​​​ដុល្លារ​​​ អាស្រ័យ​​​លើ​​​រយៈ​​​ពេល​​​ដែល​​​ពួក​​​​​​គេ​​​បាន​​​​​​ធ្វើ​​​ការ​​​។ ថ្ងៃ​​​បើក​​​ប្រាក់​​​លើក​​​ក្រោយ​​​គ្រោង​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​ទី​​​១០​​​ ខែ​​​សីហា។

ហុង​​​ ចិន្តា ជា​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​ និង​​​ជា​​​តំណាង​​​សម្ព័ន្ធ​​​​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​​​​បាន​​ស្វាគមន៍​​​​​​ផែនការ​​​នេះ​​​។

ចិន្តា បាន​​​និយាយ​​​ថា “យើង​​​​​​​​​​​​​​​​​​រីក​​​រាយ​​​ដែល​​​អតីត​​​ម្ចាស់​​​រោង​​​ចក្រ​​​នឹង​​​ឲ្យ​​​លុយ​​​យើង​​​ខ្ចី។ គាត់​​​ចិត្ត​​​ល្អ​​​ណាស់​​​ ពីព្រោះ​​​យើង​​​បារម្ភ​​​ខ្លាច​​​អត់​​​មាន​​​លុយ​​​បង់​​​ថ្លៃ​​​ឈ្នួល​​​ផ្ទះ​​​ និង​​​ការ​ចំណាយ​​​ផ្សេង​​​ៗ”។

សហជីព​​​នេះ​​​និយាយ​​​ថា រោង​​​ចក្រ​​​ក៏​​​ត្រូ​​​វបើក​​​​​​ប្រាក់​​​បំណាច់​​​ការងារ​​​ឲ្យ​​​កម្មករ​​​ផង​​​ដែរ​​​ ប្រសិន​​​បើ​​​រោង​​​ចក្រ​​​នេះ​​​មិន​​​បើក​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​ទេ​​​នោះ​​​។ អ្នក​​​ស្រី ផល្លា មិន​​​បាន​​​និយាយ​​​ថា តើ​​​រោង​​​ចក្រ​​​នឹង​​​បើក​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​ ឬ​​​បើក​​​ប្រាក់​​​បំណាច់​​​ការ​​​ងារ​​​ឲ្យ​​​កម្មករ​ឬ​អត់​​​នោះ​​​ទេ​​​។

ចំណែក​​​ឯ​​​មូល​​​ហេតុ​​​នៃ​​​អគ្គិ​​​ភ័យ​​​នេះ លោក នេត វ៉ាន់​​​ថា ប្រធាន​​​អង្គភាព​​​ពន្លត់​​​អគ្គិ​​​ភ័យ​​​ក្រុង​​​បាន​​​និយាយ​​​ថា អាជ្ញាធរ​​​នៅ​​​មិន​​​ទាន់​​​បាន​​​​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ណា​​​មួយ​​​ទេ ហើយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​ជាតិ​​​កំពុង​​​ដឹក​​​នាំ​​​ក្រុម​​​ការ​​​ងារ​​​អន្តរ​​​ក្រសួង​​​មួយ​​​ ដើម្បី​​​ត្រួត​​​ពិនិត្យ​​​​​​លើ​​​ការ​​​សើុប​​​អង្កេត​នេះ។

លោក​បាន​និយាយ​​​ថា “យើង​​​នៅ​​​មិនទាន់​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ដែល​​​បង្ក​​​ឲ្យ​​​មាន​​​អគ្គិភ័យ​​​នេះ​​​ទេ ហើយ​​​យើង​​​កំពុង​​​រង់​​​ចាំ​​​ម្ចាស់​​​រោង​​​ចក្រ​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​ចិន​​​ និង​​​រង​​​់​​​ចាំ​​​ក្រុម​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​ ដើម្បី​​​សហ​​​ការ​​​ជាមួយ​​​យើង​​​”។

លោក​​​បាន​​​និយាយ​​​ថា ស្ថាន​​​ទូត​​​ចិន​​​បាន​​​ធ្វើ​​​ពាក្យ​​​បណ្ដឹង​​​ជា​​​ផ្លូវ​​​ការ​​​អំពី​​​អគ្គិ​​​ភ័យ​​​នេះ​​​ ហើយ​​​ថា ខ្លួន​​​ប្រហែល​​​ជា​​​បញ្ជូន​​​អ្នក​​​ជំនាញ​​​របស់​​​ខ្លួន​​​ឲ្យទៅ​​​ចូល​​​រួម​​​ការ​​​សើុប​​​អង្កេត​​​នេះ​​​ដែរ។

លោក វ៉ាន់ថា បាន​​​បន្ថែម​​​ថា សាក្សី​​​ដែល​​​អ្នក​​​សើុប​​​អង្កេត​​​បាន​​​សាក​​​សួរ​​​បាន​​​អះអាង​​​ថា អគ្គិភ័យ​​​នេះ​​​បាន​​​​​​ចាប់​​​ផ្ដើម​​​នៅ​​​ម៉ោង​​​២​​​រំលង​​​អធ្រាត្រ គឺ​​​ជាង​​​២​​​ម៉ោង​​​កន្លះ​​​មុន​​​ពេល​​​សន្តិសុខ​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​​​​មាន​​​ថា ​​​ដំបូង​​​ពួក​​​គេ​​​បាន​​​ឃើញ​​​ផ្សែង​​​ហុយ​​​​​​ចេញ​​​​​​​​​​​​ពី​​​រោង​​​ចក្រ​​​នេះ​​​។ គាត់​​​បាន​​​បន្ទោស​​​មនុស្ស​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ ចំពោះ​​​ការ​​​ព្យាយាម​​​ពន្លត់​​​អគ្គិភ័យ​​​ដោយ​​​​​​ខ្លួន​​​ឯង​​​ និង​​​អះ​​​អាង​​​ថា អាជ្ញាធរ​​​គ្រាន់​​​តែ​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​អណ្ដាត​​​ភ្លើង​​​បាន​​​ឆាប​​​ឆេះ​​​មួយ​​​ផ្នែក​​​ធំ​​​នៃ​​​អគារ​​​នោះ​​​រួច​​​ទៅ​​​ហើយ​​​។

លោក​​​ឧត្ដម​​​សេនីយ៍​​​ឯក ម៉ក់​​​ ជីតូ ដែល​​​ជា​​​ប្រធាន​​​នាយកដ្ឋាន​​​កណ្ដាល​​​សន្តិសុខ​​​នៃ​​​អគ្គ​​​ស្នង​​​ការដ្ឋាន​​​នគរបាល​​​ជាតិ​​​ បាន​​​និយាយ​​​ថា មន្ត្រី​​​កោសល្យ​​​វិច័យ​​​បាន​​​ទៅដល់​​​កន្លែង​​​នោះ​​​ហើយ។

លោក​​​បាន​​​និយាយ​​​ថា “សម្រាប់​​​ករណីធំ​​​បែប​​​នេះ​​​ យើង​​​ត្រូវ​​​សើុប​​​អង្កេត​​​រក​​​ឲ្យ​​​ឃើញ​​​ថា តើ​​​វា​​​ជា​​​ឧប្បត្តិហេតុ ឬ​មាន​​​ជន​​​ណា​​​លួច​​​បង្ក​​​ឬ​​​អត់​​​ ដូច្នេះ​​​អ្នក​​​ជំនាញ​​​របស់​​​យើង​​​បាន​​ទៅ​​​សើុប​​​អង្កេត​​​ហើយ ប៉ុន្តែ ពួក​​​គេ​​​មិនទាន់​​​មាន​​​ចម្លើយ​​​ណា​​​មួយ​​​ទេ”៕គឹមហឿន​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស