28 C
Phnom Penh

សេវា​រថយន្ត​ក្រុងសាធារណៈ​​​​ក្នុង​រាជ​ធានី​ភ្នំពេញ​​នឹង​បង្កើន​ផ្លូវ​រត់​ដល់ទៅ​៣ខ្សែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សាលា​រាជ​ធានី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា នៅ​ខែ​កញ្ញា​ខាង​មុខ​​នេះ​ សាលា​រាជ​ធានី​ភ្នំពេញ​នឹង​បង្កើត​ផ្លូវ​រថយន្ត​ក្រុង​ថ្មី​ចំនួន​ពីរ​ខ្សែ​ទៀត​​ បន្ទាប់​ពី​រថយន្ត​ក្រុង​ប្រើ​​រួច​មួយ​ទឹក​ចំនួន​៤០គ្រឿង​ដែល​ត្រូវ​​បញ្ជា​ទិញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​មក​ដល់​កំពង់​ផែ​ក្រុង​ព្រះសីហនុ​កាលពី​សប្ដាហ៍​មុន។

ប្រព័ន្ធ​រថយន្ត​ក្រុង​សាធារណៈថ្មីថ្មោង​នេះ​ កំពុង​បម្រើ​សេវា​​រួច​ទៅ​ហើយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​បច្ចុប្បន្ន​សេវា​រថយន្ត​​ក្រុង​នេះ​​មាន​តែ​មួយ​ខ្សែ​ប៉ុណ្ណោះ ដែល​​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ចំណត​ចំនួន​៣៦​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​។

លោក អ៊ូ គឹមសាន​ អនុ​ប្រធាន​ការិយាល័យ​ដឹក​ជញ្ជូន​​ នៃ​មន្ទីរសាធារណការ​ និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ បានមាន​ប្រសាសន៍​ថា រថយន្ត​​ក្រុង​ប្រើ​រួច​មួយ​ទឹក​ចំនួន​៤០​គ្រឿង​នេះ​មាន​តម្លៃ​សរុប​៦០០.០០០​ដុល្លារ ហើយ​នឹង​បម្រើ​សេវា​ថ្មី​ពីរ​ខ្សែទៀត​។

លោក​​មាន​ប្រសាសន៍ថា “យើង​នឹង​ចាប់​ផ្ដើម​រៀប​ចំ​ចំណត​រថយន្ត​ក្រុង​នៅ​ខែ​សីហា ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្ដើម​ដំណើរ​ការ​បាន​​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា”។ លោក​បាន​បន្ត​ថា ខ្សែ​ទី២​នឹង​រត់ចាប់ពី​ចំណត​ស្តាត​ចាស់​ប៉ែក​ខាង​ជើង​ ឆ្ពោះ​ទៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៩ ក្នុង​ខណ្ឌ​ឫស្សីកែវ​ មុន​ពេល​បត់​ទៅ​ហាវិថី​ព្រះមុនីវង្ស​ប៉ែក​ខាង​ត្បូង​ឆ្ពោះទៅ​ក្រុង​តាខ្មៅ​។

ខ្សែទី៣ នឹង​រត់ពី​សង្កាត់​ចោម​ចៅ​ ខណ្ឌពោធិ៍សែន​ជ័យ កាត់​តាម​ផ្សារ​ទួល​ទំពូង ក្នុង​ខណ្ឌ​ចំការ​មន ហើយ​បន្ទាប់​មក​​បត់​ឆ្ពោះ​ទៅ​ផ្សារ​រាត្រី​តាម​បណ្ដោយ​មហាវិថី​សុធារស មុន​ពេល​បត់​ទៅ​មហាវិថី​គីមអុីលស៊ុង និង​មហាវិថី​ម៉ៅសេទុង​ ឆ្ពោះ​ទៅ​សង្កាត់​ចោម​ចៅ​វិញ។

ជា​ផ្នែក​នៃ​ការ​ពង្រីក​សេវា​​​នេះ ខ្សែ​រថយន្ត​ក្រុង​បច្ចុប្បន្ន​ដែល​រត់​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនីវង្ស​ ក៏​នឹង​បង្កើន​ចំណត​ផង​ដែរ​នៅ​ក្នុង​សង្កាត់​និរោធ​ក្នុង​​ខណ្ឌ​ច្បារ​អំពៅ ជំនួស​ឲ្យ​ចំណុច​បញ្ចប់​ត្រឹម​​ផ្សារ​ច្បារ​អំពៅ​នា​ពេល​នេះ​។

លោក​ អ៊ូ គឹមសាន បាន​មាន​ប្រសាសន៍​ថា សិស្សសាលា​ និង​ចាស់​ជរា​ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​៥០​ភាគរយ​លើ​ថ្លៃ​សំបុត្រ​។ លោក​បាន​បន្ត​ថា ” តម្លៃ​មាន​ចាប់​ពី​១.៥០០​រៀល​ដល់​១.៦០០​រៀល​សម្រាប់​សំបុត្រ​លក​់​រាយ​”។ លោក​បាន​បន្ត​​ថា ក៏មាន​ការ​បញ្ចុះ​តម្លៃ​ផង​ដែរ​​សម្រាប់​អ្នក​​ត្រូវ​ការ​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​ច្រើន​ខ្សែ​។

លោក​ ជា សម្បត្តិ​ ប្រធាន​ផ្នែក​ផែន​ការ​ និង​ស្ថិតិ​នៅ​កំពង់ផែ​​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​បញ្ជាក់​ថា រថយន្ត​ក្រុង​ប្រើ​រួច​មួយ​ទឹក​ទាំង​នេះ​បាន​មក​ដល់​កំពង់ផែ​របស់​លោក​ហើយ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​សាលា​រាជធានី​ត្រូវ​បង់​ពន្ធ​លើ​រថយន្ត​ទាំង​នេះសិន។

សូម​បញ្ជាក់​ថា សាលា​រាជ​ធានី​ភ្នំពេញ ​បាន​ដំណើរ​ការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​បច្ចុប្បន្ន​ចាប់​តាំង​ពី​ខែ​មេសា​មក ពោល​គឺ​ពីរ​ខែ​បន្ទាប់ពី​សេវា​​រថ​យន្ត​ក្រុង​​នេះ​បាន​ចាប់​ផ្ដើម​ នៅ​ពេល​ក្រុម​ហ៊ុន​ចិន​ ដែល​ទទួ​ល​បាន​កិច្ច​សន្យា​ធ្វើ​ប្រតិបត្តិ​ការ ​បាន​ដក​ខ្លួន​ចេញ​ ក្រោយ​​សំណើ​សុំ​មិន​បង់​ពន្ធ​លើ​​សេវា​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​​របស់​ខ្លួន​ត្រូវ​បាន​បដិសេធ​៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស