មន្ត្រីសាលារាជធានីមួយរូបបានឲ្យដឹងថា នៅខែកញ្ញាខាងមុខនេះ សាលារាជធានីភ្នំពេញនឹងបង្កើតផ្លូវរថយន្តក្រុងថ្មីចំនួនពីរខ្សែទៀត បន្ទាប់ពីរថយន្តក្រុងប្រើរួចមួយទឹកចំនួន៤០គ្រឿងដែលត្រូវបញ្ជាទិញពីប្រទេសកូរ៉េខាងត្បូង បានមកដល់កំពង់ផែក្រុងព្រះសីហនុកាលពីសប្ដាហ៍មុន។
ប្រព័ន្ធរថយន្តក្រុងសាធារណៈថ្មីថ្មោងនេះ កំពុងបម្រើសេវារួចទៅហើយនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែបច្ចុប្បន្នសេវារថយន្តក្រុងនេះមានតែមួយខ្សែប៉ុណ្ណោះ ដែលធ្វើដំណើរឆ្លងកាត់ចំណតចំនួន៣៦តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ចាប់តាំងពីខែកុម្ភៈមក។
លោក អ៊ូ គឹមសាន អនុប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រថយន្តក្រុងប្រើរួចមួយទឹកចំនួន៤០គ្រឿងនេះមានតម្លៃសរុប៦០០.០០០ដុល្លារ ហើយនឹងបម្រើសេវាថ្មីពីរខ្សែទៀត។
លោកមានប្រសាសន៍ថា “យើងនឹងចាប់ផ្ដើមរៀបចំចំណតរថយន្តក្រុងនៅខែសីហា ដើម្បីឲ្យយើងអាចចាប់ផ្ដើមដំណើរការបាននៅថ្ងៃទី១ ខែកញ្ញា”។ លោកបានបន្តថា ខ្សែទី២នឹងរត់ចាប់ពីចំណតស្តាតចាស់ប៉ែកខាងជើង ឆ្ពោះទៅសង្កាត់គីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ មុនពេលបត់ទៅហាវិថីព្រះមុនីវង្សប៉ែកខាងត្បូងឆ្ពោះទៅក្រុងតាខ្មៅ។
ខ្សែទី៣ នឹងរត់ពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាត់តាមផ្សារទួលទំពូង ក្នុងខណ្ឌចំការមន ហើយបន្ទាប់មកបត់ឆ្ពោះទៅផ្សាររាត្រីតាមបណ្ដោយមហាវិថីសុធារស មុនពេលបត់ទៅមហាវិថីគីមអុីលស៊ុង និងមហាវិថីម៉ៅសេទុង ឆ្ពោះទៅសង្កាត់ចោមចៅវិញ។
ជាផ្នែកនៃការពង្រីកសេវានេះ ខ្សែរថយន្តក្រុងបច្ចុប្បន្នដែលរត់តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក៏នឹងបង្កើនចំណតផងដែរនៅក្នុងសង្កាត់និរោធក្នុងខណ្ឌច្បារអំពៅ ជំនួសឲ្យចំណុចបញ្ចប់ត្រឹមផ្សារច្បារអំពៅនាពេលនេះ។
លោក អ៊ូ គឹមសាន បានមានប្រសាសន៍ថា សិស្សសាលា និងចាស់ជរា នឹងទទួលបានការបញ្ចុះតម្លៃ៥០ភាគរយលើថ្លៃសំបុត្រ។ លោកបានបន្តថា ” តម្លៃមានចាប់ពី១.៥០០រៀលដល់១.៦០០រៀលសម្រាប់សំបុត្រលក់រាយ”។ លោកបានបន្តថា ក៏មានការបញ្ចុះតម្លៃផងដែរសម្រាប់អ្នកត្រូវការប្រើប្រាស់សេវារថយន្តក្រុងច្រើនខ្សែ។
លោក ជា សម្បត្តិ ប្រធានផ្នែកផែនការ និងស្ថិតិនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា រថយន្តក្រុងប្រើរួចមួយទឹកទាំងនេះបានមកដល់កំពង់ផែរបស់លោកហើយ ប៉ុន្តែលោកបានមានប្រសាសន៍ថា មន្ត្រីសាលារាជធានីត្រូវបង់ពន្ធលើរថយន្តទាំងនេះសិន។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានដំណើរការសេវារថយន្តក្រុងសាធារណៈបច្ចុប្បន្នចាប់តាំងពីខែមេសាមក ពោលគឺពីរខែបន្ទាប់ពីសេវារថយន្តក្រុងនេះបានចាប់ផ្ដើម នៅពេលក្រុមហ៊ុនចិន ដែលទទួលបានកិច្ចសន្យាធ្វើប្រតិបត្តិការ បានដកខ្លួនចេញ ក្រោយសំណើសុំមិនបង់ពន្ធលើសេវារថយន្តតាក់ស៊ីម៉ែត្ររបស់ខ្លួនត្រូវបានបដិសេធ៕ សុខុម