38.8 C
Phnom Penh

ចាប់ខ្លួន​កូនប្រុស​មន្ត្រីពន្ធដារម្នាក់​ពីបទ​យករថយន្ត​មិត្តភក្តិុទៅ​បញ្ចាំលេងល្បែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​និង​ម្ចាស់​រថយន្ត​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កូន​ប្រុស​មន្ត្រី​ខេត្ត​កណ្ដាល​អាយុ​៣៥​ឆ្នាំ​ម្នាក់​ត្រូវ​បានចាប់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពីបុរសរូបនេះបាន​ខ្ចី​រថយន្ត​មិត្ត​ភក្ដិ​របស់​ខ្លួន​យក​ទៅ​បញ្ចាំ​នៅ​កាស៊ីណូ​ណាហ្គាវើលក្នុងតម្លៃ​១២.០០០​​ដុល្លារ។

លោក វ៉ន ដាវិន កូន​ប្រុស​លោក ទាវ សាវឿន ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្ត​កណ្ដាល​ ដែល​អះអាង​ថា ជា​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែរ​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ខ្ចី​រថយន្ត​លុច​ស៊ីសរបស់​មិត្ត​ភក្ដិ​ម្នាក់​ឈ្មោះ តាល់​ ឆន កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​ឧសភា។

យោងតាម​លោក តាល់ ឆន ដែល​ជា​អនុ​ប្រធាន​នាយកដ្ឋាន​តាំង​ទីលំនៅ​ថ្មី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា បន្ទាប់​មក​ជន​នេះ​បាន​យក​រថយន្ត​ទៅ​បញ្ចាំ​នៅ​កាស៊ីណូ​ណាហ្គាវើល​ភ្លាម ដើម្បី​យក​លុយ​លេង​ល្បែង។

លោក តាល់ ឆន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ជន​នេះរយៈ​ពេល​​ជាច្រើន​ថ្ងៃ ហើយនៅ​ពេល​ខ្ញុំ​បាន​ជួប​គាត់​ ខ្ញុំ​បាន​សួរ​គាត់​ថា ‘ឯណាឡាន​របស់​ខ្ញុំ​?’ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​យក​ទៅ​បញ្ចាំ​នៅ​កាស៊ីណាណាហ្គាវើល​ ក្នុង​តម្លៃ​១២.០០០​ដុល្លារ”។

លោក តាល់ ឆន បាន​ខ្ចី​ប្រាក់​គេ​យក​ទៅ​លោះ​រថយន្ត​របស់​លោក​ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​មិត្ត​ភក្ដិ​របស់​ខ្លួន​ទៅ​ក្រសួង​មហាផ្ទៃ​ និង​នគរ​បាល​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន ដែល​នៅ​ជិត​កាស៊ីណូណាហ្គាវើល ប៉ុន្តែ​គ្មាន​ប្រយោជន៍​ឡើយ​។

ទី​បំផុត​ កាលពី​ថ្ងៃ​ច័ន្ទ​គាត់​បាន​ឃើញ​ជន​ល្មើស​រូប​នេះ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃ​ស កន្លែង​ដែល​ ដាវិន បាន​ទៅ​សួរ​សុខទុក្ខ​មិត្ត​ភក្ដិ​ម្នាក់​ដែល​គាត់​បាន​ជួប​កាលពី​ឆ្នាំ​មុន ខណៈ​ពេល​កំពុង​អនុវត្ត​ទោសតាម​ការ​ចោទប្រកាន់ពី​បទ​ឆបោក​ពីមុន​។ ជាមួយ​នឹង​សាច់​ញាតិ​ពីរ​នាក់​ដែល​គាត់​បាន​នាំ​ទៅ​ជា​មួយ លោក តាល់ ឆន បាន​ចាប់​ វ៉ន ដាវិន ជាប់នៅ​ពេលដែល​ជន​នេះ​បានចេញ​ពី​ពន្ធនាគារ​ រុញ​ឡើង​ជិះ​ម៉ូតូភ្លាមៗ រួច​ដឹក​ទៅ​ប៉ុស្តិ៍នគរ​បាល​ទន្លេ​បាសាក់តែ​ម្ដង​។

លោក សុខ សំអ៊ុត នាយប៉ុសិ៍​សង្កាត់​បាន​បញ្ជាក់​ពីការ​ចាប់​ខ្លួននេះ ហើយ​បានមាន​ប្រសាសន៍​ថា ដាវិន ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន ហើយ​បញ្ជូន​ទៅ​នគរ​បាល​ខណ្ឌ​ដើម្បីធ្វើការ​​សាក​សួរ​។ លោក​បានមាន​ប្រសាសន៍​ថា “ម្ចាស់​រថយន្ត​បាន​ចាប់​ខ្លួន​ ដាវិន រួច​ប្រគល់​​​ទៅ​ឲ្យ​អាជ្ញាធរ​កាល​ពី​រសៀល​ម្សិលមិញ [ថ្ងៃ​ច័ន្ទ]”។

លោក ហ៊ាង ថារ៉េត អធិការរង​នគរ​បាល​ខណ្ឌ​ចំការ​មន បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ ដាវិន ត្រូវ​បាន​សាក​សួរ ជន​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក សាវឿន ដែល​ជា​មន្ត្រី​ពន្ធដារ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​កាត់​កាល​កូន​ប្រុស​របស់​លោក​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​ឥរិយាបថ​មិន​ល្អ​របស់​យុវជន​រូប​នេះ​។

លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​នឹង​មិន​អន្តរាគមន៍​ឲ្យ​ដោះ​លែង​កូន​ប្រុស​របស់​ខ្ញុំ​ឡើយ ពីព្រោះ​ខ្ញុំ​បាន​ព្យាយាម​អប់រំ​វា​ច្រើនលើក​ច្រើន​សា​មក​ហើយ តែ​វា​មិន​ស្ដាប់​ខ្ញុំ​ជា​ឪពុក​ទាល់​តែសោះ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​តុលាការ​ចាត់​ការ​ទៅ​តាម​ច្បាប់”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស