កាលពីម្សិលមិញ ក្រសួងកសិកម្មបានចេញសេចក្តីព្រាងគោលនយោបាយមួ ដើម្បីពង្រឹងវិស័យកសិកម្ម ដោយអប់រំកសិករអំពីរបៀប ចូលដល់ទីផ្សារប្រសើរឡើង និងបង្កើនផលិតភាពរបស់ខ្លួន ដោយប្រើវិធីធ្វើកសិកម្មប្រកបដោយចីរភាព។
គោលនយោបាយបង្កើតផលិតភាពកសិកម្មនេះ ដែលព្រាងដោយមានកិច្ចសហការជាមួយ USAID សំដៅដោះស្រាយផលិតភាពក្នុងគ្រួសារកសិករដែលមានដីតូចៗ ដែលជាមធ្យមប្រហែលពីរហិកតា តាមរយៈការផ្សព្វផ្សាយចំណេះដឹងតាមកម្មវិធីទូរទស្សន៍និងវិទ្យុ គួបផ្សំជាមួយការបង្ហាត់បង្ហាញដល់ទីកន្លែងផង។
ទិសដៅរបស់គោលនយោបាយនេះ គឺត្រូវបង្កើន”ប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការទទួលបានចំណេះដឹងកសិកម្ម ព័ត៌មាន និងបច្ចេកវិជ្ជាថ្មីរបស់កសិករនិងសហគមន៍កសិកម្ម ដើម្បីបង្កើនផលិតភាពកសិកម្ម ដោយជំរុញពិពិធកម្ម ពាណិជ្ជភាវូបនីយកម្ម និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព”។
យុទ្ធសាស្ត្រមួយនឹងត្រូវរៀបចំកម្មវិធីនិងធ្វើសកម្មភាពក្នុងស្រុកនីមួយៗ ក្នុងកិច្ចសហការជាមួយអ្នកស្រាវជ្រាវកសិកម្ម អង្គការNGO ធនាគារ និងវិស័យឯកជនផងដែរ។
លោក សូរខាន់ រិទ្ធីគុណ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៅក្រសួងកសិកម្ម បានមានប្រសាសន៍ថា លោកសង្ឃឹមថា គោលនយោបាយនេះនឹងជួយពង្រឹងកិច្ចប្រឹងប្រែងរបស់អង្គការនានាដែលធ្វើការក្នុងវិស័យកសិកម្មនេះ។
លោកបានមានប្រសាសន៍ថា “សេវាកម្មបង្កើនផលិតភាពកសិកម្ម ដែលផ្តល់ដោយបណ្តាទីភ្នាក់ងាររដ្ឋាភិបាលនៅមានកម្រិត ដោយសារខ្វះធនធានមនុស្សនិងសម្ភារកសិកម្មនៅគ្រប់កម្រិតទាំងអស់ ការវិនិយោគតិចតួចក្នុងផ្នែកកសិកម្ម និងការគ្មានបច្ចេកវិទ្យាគ្រប់គ្រាន់”។
ដោយមានចំនួន២៧,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប កសិកម្មជាប្រភពសំខាន់នៃចំណូលប្រមាណ៨០ភាគរយរបស់ពលរដ្ឋកម្ពុជា។ “យុទ្ធសាស្ត្រចតុកោណ”របស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ចូលកសិកម្មជាវិស័យមួយចំណោមវិស័យចម្បងបួន ដែលត្រូវការធ្វើឲ្យប្រសើរឡើង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យឯកជន និងកម្លាំងពលកម្មជំនាញ។
លោក ស្រី ចន្ធី អ្នកវិភាគកសិកម្មឯករាជ្យ បានមានប្រសាសន៍ថា គោលនយោបាយនេះ នឹងមានប្រយោជន៍ដល់កសិករ ដោយផ្តល់ឲ្យកសិករនូវការបណ្តុះបណ្តាលអនុវត្តផ្ទាល់នៅនឹងកន្លែង។ ប៉ុន្តែ លោកបានមានប្រសាសន៍ថា ការអនុវត្តគឺជាការសំខាន់។
អ្នកវិភាគកសិកម្មឯករាជ្យរូបនេះបានឲ្យដឹងថា “ជោគជ័យ ឬ បរាជ័យនៃគោលនយោបាយនេះ ផ្អែកលើធនធានមនុស្ស ដៃគូស្ថាប័ន និងលទ្ធភាពហិរញ្ញវត្ថុ ពីព្រោះបន្ទាប់ពីយើងមានគោលនយោបាយនេះ យើងត្រូវមានកម្មវិធីជាច្រើនដើម្បីអនុវត្ត”។ “ជាឧទាហរណ៍ ផ្នែកសាធារណៈបង្កើតគោលនយោបាយនិងបទប្បញ្ញត្តិ ដើម្បីគ្រប់គ្រងការអនុវត្តទាំងនេះ រីឯវិស័យឯកជនផ្តល់សេវានានា។ វិស័យទាំងពីរ ត្រូវធ្វើកិច្ចការផ្សេងគ្នា”៕ មានិត