នគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កាលពីម្សិលមិញ នគរបាលខេត្តស្ទឹងត្រែងបានចាប់ខ្លួនបុរសម្នាក់ ដែលបានរត់ពន្ធមេតំហ្វេតាមីនជាង៩០០ក្រាមឆ្លងព្រំដេនពីប្រទេសលាវមក។
ជនជាតិលាវឈ្មោះ សៀង ម៉ី អាយុ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅចម្ងាយប្រហែលពីរគីឡូម៉ែត្រក្នុងទឹកដីប្រទេសកម្ពុជា នៅឃុំថាឡាបរិវ៉ា់ត់ ស្រុកថាឡាបរិវ៉ាត់ បន្ទាប់ពីជននេះបានឆ្លងច្រករបៀងរវាងប្រទេសទាំងពីរ ដោយមានម៉ាទឹកកក៩៩៣ក្រាមមកជាមួយ។
លោក នូ ហួ នាយនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានមានប្រសាសន៍ថា “នេះជាការចាប់គ្រឿងញៀនធំបំផុតលើកទី៣នៅឆ្នាំនេះ”។ លោកបានបន្ថែមថា “ជនសង្ស័យរត់ពន្ធគ្រឿងញៀន សៀង មី បានសារភាពថា គ្រឿងញៀនទាំងនេះជារបស់គាត់ ហើយបានរត់ពន្ធឆ្លងដែន ពីព្រោះម៉ូយរបស់គាត់បានបញ្ជាទិញ ហើយឥឡូវេនះ នគរបាលប្រឆាំងគ្រឿងញៀនរបស់យើងកំពុងបន្តស្វែងរកម៉ូយរបស់គាត់តាមការសារភាពរបស់គាត់”។
នាយនគរបាលរូបនេះបានមានប្រសាសន៍ថា នគរបាលបានព្យាយាមតាមចាប់ លោក មី ជាអ្នករត់ពន្ធល្បីឈ្មោះម្នាក់ ជាងមួយខែមកហើយ។ គេគ្រោងបញ្ជូនលោក មី ទៅតុលាការខេត្តនៅថ្ងៃនេះ ពីបទចោទប្រកាន់រត់ពន្ធគ្រឿងញៀនឆ្លងដែន។
កាលពីដើមខែនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់មន្ត្រីនគរបាលមូលដ្ឋាននៅតាមបណ្តោយព្រំដែនលាវ ឲ្យខិតខំបង្ក្រាបពួករត់ពន្ធគ្រឿងញៀនដែលធ្វើសកម្មភាពនៅទីនោះ៕ មានិត