33 C
Phnom Penh

ម្ចាស់​រោង​ចក្រ​ជន​ជាតិ​ចិន​ចូល​មក​រក​លុយ​ម្នាក់​ឯង​នៅ​ក្នុង​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រាំ​​​បី​​​ឆ្នាំ​កន្លង​មក​ហើយ លោក ឡូ គូន ពឺ (Lo Koon Piu)​ បាន​ចាក​ចេញ​ពី​ទីក្រុង​ហុង​កុង​មក​បើក​រោងចក្រ​កាត់​ដេរ​មួយ​នៅ​ក្នុង​ខេត្ត​កណ្ដាល ដោយ​ត្រូវ​ចាក​ចេញ​ពី​គ្រួសារ​របស់​លោក​។

ពេល​រស់​នៅ​ឆ្ងាយពី​ផ្ទះ​​ចម្ងាយ​ជាង​១.០០០​គីឡូ​​ម៉ែត្រ​ ម្ចាស់​រោងចក្រ​ វីង យីង ​នេះ បាន​តស៊ូ​ស្នាក់​នៅ​​ទី​នេះ​ដោយ​ផ្ដោត​លើ​អាជីវកម្ម​របស់​លោក​។ លោក ឡូ បាន​និយាយ​អំពី​ប្រពន្ធ​ និង​សាច់​ញាតិ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ហុង​កុង​ថា “វា​ជាការ​ភូត​កុហក​​​ប្រសិន​បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​មិន​នឹកពួកគេ​។ ប៉ុន្តែ​ខ្ញុំ​ជា​បុរស​ ខ្ញុំ​ត្រូវ​ផ្គត់​ផ្គង់​គ្រួសារ​របស់​ខ្ញុំ​”។ លោក​បាន​និយាយ​អំពីការ​ងារ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា “យើង​ចាត់​ទុក​ថា នេះ​ជា​លុយ​ឯកោ។ យើង​កំពុង​រក​លុយ​ម្នាក់​ឯង”។

នៅ​ពេល​ដែល​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បិទ​ទ្វារ​អំឡុង​ពេល​មាន​ការ​តវ៉ា​ទូទាំង​ប្រទេស​នៅ​ក្នុង​វិស័យនេះ​កាលពី​ខែ​ធ្នូ និង​ខែ​មករា កម្មករ​ សហជីព ក្រុម​ហ៊ុន​យីហោ​ធំៗ និង​ឧស្សាហ​កម្ម​នានា​បាន​ព្យាយាម​ធ្វើ​ឲ្យ​គេ​ដឹង​ឮ​អំពី​ខ្លួន​។ ប៉ុន្តែ​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នោះ​ គឺ​ម្ចាស់​និង​អ្នក​គ្រប់​គ្រង​រោងចក្រ​ភាគ​ច្រើន​ស្ថិត​នៅ​ស្ងៀម​ស្ងាត់​។

រោងចក្រ​កាត់​ដេរ​ប្រហែល​៦៥​ភាគរយ​ គឺ​ជា​រោងចក្រ​របស់​វិនិយោគិន​មក​ពី​ចិន​ដីគោក ចិន​តៃវ៉ាន់​ និង​ហុងកុង។ ឈ្មួញ​កណ្ដាល​នៅ​ក្នុង​​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ទូទាំង​ពិភព​លោក​ទាំង​នេះ ចំណាយ​លើ​ប្រាក់​ខែ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រហែល​ជាង​កន្លះ​លាន​នាក់ និង​ចាត់​ទុក​ថា ឧស្សាហកម្ម​នេះ​រួម​ចំណែក​ប្រហែល​៨០​ភាគ​រយ​នៃ​ការ​នាំ​ចេញ​ពី​​ប្រទេស​នេះ។

លោក ឡូ ដែល​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​មាន​តម្លៃ​ខ្ពស់​ម៉ាក Calvin Klein និង Armani បាន​និយាយ​ថា មាន​តែ​អ្នក​គ្រប់​គ្រង​រោងចក្រ​ជន​ជាតិ​ចិន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​ចំណោម​​អ្នក​គ្រប់​គ្រង​ជនជាតិ​ចិន​ចំនួន​២០​នាក់​នៅ​រោងចក្រ​លោក​អាច​​និយាយ​ទំនាក់​ទំនង​ជាមួយ​ក្រុមការ​ងារ​ជាជន​ជាតិ​ខ្មែរ​របស់​លោក​ប្រហែល​៨០០​នាក់​។

គាត់​បាន​និយាយ​ថា “សម្រាប់​កិច្ចការ​ធម្មតា ​​ខ្ញុំ​អាច​យល់​បាន​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ភាសា​ខ្មែរ​បាន​ទេ ពីព្រោះ​ខ្ញុំ​មិន​ត្រូវ​ការ​រៀន​ភាសា​ទេ​ពេល​នេះ​។ កាល​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​ចង់​និយាយ​ជាមួយ​មនុស្ស​ឲ្យ​បាន​ច្រើន​ ជួប​មនុស្ស​ខុសៗ​គ្នា​។ ឥឡូវ​នេះ​ខ្ញុំ​ចាស់​ហើយ មិន​ចាំ​បាច់​និយាយ​ភាសា​បរទេស​ទេ​”។

ប៉ុន្តែ​ទោះ​បី​ជា​ពួក​គេ​មិន​អាច​និយាយ​ដោយ​ផ្ទាល់​ជាមួយ​មនុស្ស​ដែល​ផលិត​ផលិត​ផល​ ដែល​ពួកគេ​ដឹក​ចេញ​ពី​ប្រទេស​នេះ​ក៏ដោយ ក៏​សហគមន៍​ពាណិជ្ជកម្ម​ចិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថាន​ភាព​ ដែល​កំពុង​ប្រឈម​មុខ​នឹងកម្ម​ករ​នៅ​កម្ពុជាដែរ​។

លោក​ ឡាក់ ជីម៉េង និពន្ធនាយក​ផ្នែក​ព័ត៌មាន​នៅ​កាសែត​ភាសា​ចិន​ស៊ីន​​​ជូ​ ដេលី (Sin Chew Daily) បាន​និយាយ​ថា សហគមន៍​ចិន​ដឹង​ច្បាស់​ពី​បញ្ហា​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​។ លោក​បាន​សរសេរ​តាម​អុីម៉េល​ថា ” ខ្ញុំ​អាច​សង្កេត​ឃើញ​ថា ពួកគេ​កំពុង​ឃ្លាំ​មើល​ស្ថាន​ភាព​នេះ​ ហើយ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​កាន់​តែ​ដឹង​ច្បាស់​ជាង​ប្រជា​ព​ល​រដ្ឋ​ទៅទៀត​”។

ប៉ុន្តែ​ការ​រស់​នៅ​របស់​ម្ចាស់​រោងចក្រ​ជាច្រើន​ខុស​គ្នា​ពី​​ការ​រស់​នៅ​របស់​កម្មករ​ខ្មែរ ដោយ​លាយ​ឡំ​ភាគ​ច្រើន​ជា​មួយ​ម្ចាស់​រោង​ចក្រ​ផ្សេង​ទៀត​ ដែល​និយាយ​ភាសា​របស់​ពួកគេ​ និង​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ដូច​គ្នា​ ដែល​ពួកគេ​មាននៅ​ស្រុក​កំណើត​ ដូច​ជា​ខារ៉ាអូខេ ល្បែង​ម៉ាជាំង និង​បរិភោគ​នៅ​តាម​ភោជនីយ​ដ្ឋាន​ចិន​។

លោក​ លូ វ៉េហ្គាង ម្ចាស់​ជនជាតិ​ចិន​នៃ​រោងចក្រ​កាត់​ដេរ Compress Holdings នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ ក្រុង​ភ្នំពេញ និយាយ​ថា មិន​មាន​ភាព​ខុស​គ្នា​រវាង​ការ​រស់​នៅ​របស់​លោក​នៅ​ទីនេះ​ និង​នៅ​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត​គ័ង​ដុង​ទេ។ លោក​បាន​និយាយ​ថា ” នៅ​ពេល​មាន​ពិធី​បុណ្យ​ផ្សេង​ៗ​​​ក្នុង​​ប្រទេស​ចិន​ យើង​ទៅ​ភោជនីយ​ដ្ឋាន​ចិន​ជាមួយ​គ្នា។ ជួន​កាល​យើង​ក៏ទៅ​ខារ៉ាអូខេ​ដែរ”។ “ដោយ​សារ​យើង​ត្រូវ​​ចាក​ចេញ​ឆ្ងាយ​មក​ប្រទេស​កម្ពុជា យើង​គួរ​តែ​ជួយ​គ្នា​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល មិន​គ្រាន់​តែ​ចំណាយ​ពេល​ទៅ​លើ​ការ​ងារ​នោះ​ទេ បើ​មិន​អ៊ីចឹង​យើង​ប្រាកដ​ជា​ឯកោ​ហើយ​”។

លោក លូ បាន​បើក​រោងចក្រ​របស់​លោក​ផលិត​សម្លៀក​បំពាក់​ខូវប៊យ​សម្រាប់​នាំ​ចេញ​ទៅ​អាមេរិក កាណាដា និង​អឺរ៉ុប​កាលពី​បី​ឆ្នាំមុន បន្ទាប់ពី​បាន​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​នៅ​ចិន​អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​។

ទោះ​បី​ជា​លោក​កម្រ​បាន​ជួប​គ្រួសារ​របស់​លោក​នៅ​ក្នុង​ខេត្ត​គ័ង​ដុង​ក៏ដោយ ក៏​លោក​ លូ ដែល​មិន​ដូច​ជនជាតិ​ចិន​ជាច្រើន​ទៀត​នោះ​និយាយ​ថា លោក​ពេញ​ចិត្ត​ការ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​អាកាស​ធាតុ​ក្ដៅ​ល្មម​​​ ប្រជាជន​រាក់​ទាក់ និង​មាន​ខ្យល់​អាកាស​ល្អ​ ព្រម​ទាំង​ចំណុច​ល្អ​ផ្សេង​ៗ​ទៀត​របស់​ប្រទេស​នេះ​។

លោក លូ បាន​និយាយ​ថា ” ខ្ញុំ​គិត​ថា វា​ដោយ​សារ​តែ​ឧបសគ្គ​ភាសា​ដែល​ធ្វើ​ឲ្យ​មិត្ត​ភក្ដិ​របស់​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​អំពី​ប្រទេស​នេះ​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មិន​យល់​ស្រប​​ចំពោះ​រឿង​នេះ​ទេ។ ​ដោយ​សារ​តែ​យើង​មិន​យល់​ភាសាគេ​ យើង​អាច​និយាយ​ថា នរណា​ម្នាក់​មិន​ល្អ​។ វា​ពិបាក​ទំនាក់​ទំនង​ និង​យល់ពី​គ្នា​ណាស់​”។

កម្លាំង​ពល​កម្ម និង​តម្លៃ​សម្ភារ​ផ្សេង​ៗ​ទៀតថោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​អ្នកស្រី មូ៉ ចាង ជា​ម្ចាស់​រោងចក្រ​ AMM ជនជាតិ​ចិន​ចូល​មក​ប្រទេស​នេះ​កាលពី​ពីរ​ឆ្នាំ​មុន​។

ប៉ុន្តែ​លោក​ស្រី មូ៉ និយាយ​ថា ឥឡូវ​នេះ​អ្នកស្រី​កំពុង​ប្រឈម​នឹង​ការ​ចំណាយ​ខ្ពស់​។ទើប​តែ​កាលពី​ខែ​មុន​នេះ​ទេ កម្មករ​៥០០​នាក់​នៅ​រោងចក្រ​អ្នកស្រី​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​បាន​​ធ្វើ​កូដកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​សង្ឃឹម​ថា កូដកម្ម​នឹង​មិន​កើត​ឡើង​ញឹក​ញាប់​ទេ។ ខ្ញុំគិត​ថា មិន​មាន​ប្រព័ន្ធ​គ្រប់​គ្រាន់​ទេ​នៅ​ទីនេះ។ អ្វី​ៗ​គ្រប់​យ៉ាង​រញ៉េរញ៉ៃ​ណាស់​”។

យោងតាម​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៣​មាន​ការ​ធ្វើ​កូដ​កម្ម​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​វិស័យ​នេះ ដោយ​មិន​រាប់​បញ្ចូល​ទាំង​ការ​តវ៉ា​ទូទាំង​ប្រទេស​ ដែល​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​កាលពី​ខែ​មករា​នោះ​ទេ។

អ្នកស្រី មូ៉ បាន​និយាយ​ថា “កម្មករ​នៅ​ទីនេះ​តែង​តែ​ទាម​ទារ​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន ប៉ុន្តែ​ពួកគេ​មិន​ចូល​រួម​ចំណែក​ឲ្យ​បាន​ច្រើន​ទេ​។ វា​ពិបាក​បើក​រោងចក្រ​នៅ​ទី​នេះ​ណាស់​”។ អ្នកស្រី ម៉ូ ដែល​មក​ពីខេត្ត​ជាំង​ស៊ូ របស់​ប្រទេស​ចិន​បាន​និយាយ​ថា ការ​រស់​នៅ​របស់​អ្នកស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​លះ​បង់​ច្រើន​ទៅ​លើ​ការ​ងារ​។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​ចំណាយ​ពេល​ទំនេរ​របស់​ខ្ញុំ​ទៅ​លើ​អុីនធើណិត​ ដើម្បី​ស្វែង​រក​ព័ត៌មាន​ថ្មី​អំពី​អ្វី​​​ដែល​មាន​នៅ​ក្នុង​ប្រទេស​ចិន​”។

អ្នកស្រី​បាន​បន្ថែម​ថា “ជួន​កាល​ខ្ញុំ​ចំណាយ​ពេល​ជាមួយ​អ្នក​គ្រប់​គ្រង​ជន​ជាតិ​ចិន​មក​ពី​រោងចក្រ​នេះ​ ដូច​ជា​បរិភោគ​អាហារ​ល្ងាច​ជាមួយ​គ្នា។ ប៉ុន្តែ​ជា​ទូទៅ​វា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​រស់​នៅ​ទីនេះ ពីព្រោះ​មិនមាន​អ្វី​ដែល​យើង​មាន​នៅ​ក្នុង​ប្រទេស​ចិន​ ជា​ពិសេស​ម្ហូប​អាហារ”។

លោកស្រី ជិល ថាក់ឃើ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​បច្ចេកទេស​នៅ​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​បាន​និយាយ​ថា ការ​យល់​ច្រឡំ​ផ្នែក​វប្បធម៌​រវាង​កម្មករ​​កាត់​ដេរ​ និង​អ្នក​គ្រប់​គ្រង​ជន​បរទេស​ជួន​កាល​នាំ​ឲ្យ​មាន​​​វិវាទ​នៅ​ក្នុង​ឧស្សាហកម្ម​។

លោកស្រី​បាន​និយាយ​ថា “នេះ​គឺ​ជា​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ដែល​កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​បាន​ព្យាយាម​ជា​យូរ​មក​ហើយ ដើម្បី​ហ្វឹក​ហាត់​ប្រធាន​ក្រុម​ជន​ជាតិ​ខ្មែរ ដើម្បី​ឲ្យ​ប្រធាន​ក្រុម​ដែល​ភាគ​ច្រើន​ជាជន​ជាតិ​ចិន និង​បរទេស​ផ្សេង​ទៀត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​”។ លោក​ស្រី​បាន​បន្ថែម​ថា “វា​មិន​គ្រាន់តែ​ល្អ​សម្រាប់​ប្រជា​ជន​ខ្មែរ​ទេ វា​ក៏ល្អ​សម្រាប់​រោង​ចក្រ​ដែរ ពីព្រោះ​វា​មាន​តម្លៃ​ថោក​”។ លោកស្រី ថាក់​ឃើ បាន​និយាយ​ថា ប្រធាន​ក្រុម​ជា​ជន​បរទេស​ជាច្រើន​ហាក់​ដូច​ជាមាន​ការ​រស់​នៅ​លំបាក​ជាង​ចៅហ្វាយ​របស់​ខ្លួន​។

លោកស្រី​បាន​និយាយ​ថា ” សម្រាប់​ប្រធាន​ក្រុម​ មិនមែន​អ្នក​គ្រប់​គ្រង​ទូ​ទៅ​ទេ ប៉ុន្តែ​ជន​បរទេស​ដែល​មាន​តួនាទី​គ្រប់​គ្រង មាន​តិច​តួច​ណាស់។ ជាទូទៅ​ពួកគេ​រស់​នៅ​ក្នុង​រោងចក្រ​ ពួកគេ​ធ្វើ​ការ​ក្នុង​រោងចក្រ​ ពួកគេ​គ្រាន់​តែ​រស់​នៅ​និ​ង​ធ្វើការ ពួកគេ​មិន​ស្វែង​យល់​ច្រើន​អំពី​កម្ពុជា ឬចាកចេញ​ពី​រោងចក្រ​ច្រើនឡើយ​”។

កាលពី​ដើម​សប្ដាហ៍​នេះ អគ្គិភ័យ​មួយ​បាន​បំផ្លាញ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ចាង​សេង របស់​ចិន​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ធ្វើ​ឲ្យប្រធាន​ក្រុម​ជន​ជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​ប្រធាន​ក្រុម​ជន​ជាតិ​ចិន​១០​នាក់​ ដែល​រស់​នៅ​ក្នុង​រោងចក្រ​នោះ​ស្លាប់​។ មូលហេតុ​នៃ​អគ្គិ​ភ័យ​នេះ​គេ​មិន​ទាន់​​​ដឹង​នៅ​ឡើយ​ទេ​។

លោក​ សាម៉ុន ស៊ាវ អ្នក​គ្រប់​គ្រង​ជនជាតិ​តៃវ៉ាន់​នៅ​​រោងចក្រ​ Best Season Textile នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​មើល​ការ​ខុស​​​​ត្រូវ​លើ​កម្មករ​១០.០០០​នាក់​នៅ​រោងចក្រ​របស់​លោក​។ លោក​បាន​និយាយ​ថា “យើង​មិន​អាច​ប្រៀប​ធៀប​ប្រទេស​ទាំងពីរ​ គឺ​កម្ពុជា​និង​តៃវ៉ាន់​បាន​ទេ ពីព្រោះ​ប្រទេស​ទាំង​ពីរ​​មាន​កម្រិត​ខុស​គ្នា​។ កម្ពុជា​នៅ​កំពុង​អភិវឌ្ឍ​នៅ​ឡើយ​ រីឯ​តៃវ៉ាន់​គឺ​ជា​​ប្រទេស​មានការ​អភិវឌ្ឍ​ច្រើនជាង​”។

ទោះបី​ជា​លោក​និយាយ​ថា លោក​មើល​ឃើញ​មាន​ការ​អភិវឌ្ឍ​ច្រើន​ចាប់​តាំង​ពី​លោក​ចូល​មក​ទីក្រុង​ភ្នំពេញ​កាលពី​ប្រាំមួយ​ឆ្នាំ​មុន ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​ក៏ដោយ ក៏​លោក​ ស៊ាវ មិន​មាន​ផែន​ការ​ឲ្យ​គ្រួសារ​របស់​លោក​មក​នៅ​ជាមួយ​លោក​ដែរ​។ លោក​បាន​និយាយ​ថា ” ជីវភាព​រស់​នៅ​នៅ​តៃវ៉ាន់​ល្អ​ប្រសើរ​ជាង​ច្រើន​ណាស់​ ដូច្នេះ​ខ្ញុំ​គិត​ថា ពួកគេ​គួរ​តែ​រស់​នៅ​ទីនោះ​វិញ​៕ គឹមហឿន​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស