28 C
Phnom Penh

រដ្ឋាភិបាល​នឹង​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍​វៀត​ណាម​ក្រោយ​ពី​មាន​សំណើ​របស់​គណបក្ស​សង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​​មាន​ប្រសាសន៍​កាលពីម្សិល​មិញ​ថា រដ្ឋាភិបាល​នឹង​សហការ​​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ត្រួត​​ពិនិត្យ​ច្បាប់​អន្តោ​ប្រវេសន៍​ឡើង​វិញ​ និង​បាន​ប៉ាន់​ប្រមាណ​​អំពី​ចំនួន​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅកម្ពុជា​​នៅ​ពេល​តំណាង​រាស្ត្រ​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​ស្បថ​ចូល​កាន់​តំណែង​។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស​់​លោក​ កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា តំណាង​រាស្ត្រ​របស់​គណបក្សលោក​នឹង​ស្វះ​ស្វែង​ឲ្យមាន​ការ​ត្រួត​ពិនិត្យឡើង​វិញ​លើ​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​នោះ​ ឧត្តម​សេនីយ៍​ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​ចង់​​ជួយ​។

ឧត្តម​សេនីយ៍​ ខៀវ សុភ័គ បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន​វីអូឌីថា ​” យើង​រីក​រាយ​ចំពោះ​អ្វី​ដែល​ឯក​ឧត្តម​ កឹម សុខា បាន​លើក​ឡើង​ ហើយ​រីក​រាយ​សហការ​ រីក​រាយ​ធ្វើ​ការ​លើ​បញ្ហា​នេះ​ជាមួយ​គ្នា​នៅ​រដ្ឋសភា​”។

លោក​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ប្រាប់​លោក​ កឹម សុខា អំពី​ចំនួន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​ក្នុង​ប្រទេស​ ហើយ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​ ជន​ជាតិ​វៀតណាម​ជាច្រើន​នាក់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លិខិត​ស្នាម​។ លោក​បាន​​មាន​​ប្រសាសន៍​ថា “ចំនួននេះ​មិន​ច្បាស់​លាស់​​ទេ។ មិន​មែន​មាន​ន័យ​ថា ចំនួន​ដែល​យើង​មាន​សុក្រឹត​ និង​ត្រឹម​ត្រូវ​ឡើយ ប៉ុន្តែ​យើង​មាន​ចំនួន​ជាមូលដ្ឋាន​”។

លោក​បានមាន​ប្រសាសន៍​ថា ” អ្វី​ដែល​យើង​មាន​ គឺ​ថា​ មាន​អន្តោប្រវេសន៍​វៀតណាម​ជាង​១០០.០០០​នាក់​។ យើង​បាន​ចេញ​លិខិត​ទទួល​ស្គាល់​​ជន​អន្តោ​ប្រវេសន៍​ប្រហែល​១០.០០០​នាក់​។ ជន​អន្តោ​ប្រវេសន៍​ម្នាក់​ៗ​បង់​ពន្ធ​​ឲ្យ​រដ្ឋ​យើង​ ដើម្បី​ឲ្យ​រដ្ឋ​ទទួល​ស្គាល់​ជា​ជន​អន្តោប្រវេសន៍​”។

ឧត្តម​សេនីយ៍​ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចេញ​លិខិត​ទាំងនោះ ប៉ុន្តែ​ជន​អន្តោ​ប្រវេសន៍​មួយ​ចំនួន​មិនទាន់​មក​ទទួល​យក​លិខិត​ទេ​ ពីព្រោះ​ពួកគេ​មិន​ចង់​បង់​ពន្ធ​។ ការ​បង់​ពន្ធ​ជូន​រដ្ឋ​នេះ​មាន​ចំនួន​ប្រហែល​២៥០.០០០​រៀល​សម្រាប់​ឯកសារ​ទទួល​ស្គាល់​ថា ជា​ជន​អន្តោ​ប្រវេសន៍​ស្រប​ច្បាប់​”។

លោក​បាន​មាន​ប្រសាសន៍​អំពី​ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​ថា ” និយាយ​ដោយ​ខ្លី​ យើង​នឹង​ព្យាយាម​គ្រប់​គ្រង​ចំនួន​នេះ​ឲ្យ​បាន​ច្បាស់​លាស់ និង​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្រោម​ច្បាប់​​អន្តោប្រវេសន៍​របស់​យើង​។ ប្រសិន​បើ​ពួកគេ​ចូល​មក​ដោយ​ខុស​ច្បាប់​ យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​ស្រប​ច្បាប់​ ហើយ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ដើរ​ហើរ​ដោយ​សេរី​ និង​បង្ក​ភាព​អនាធិបតេយ្យ​​ទេ”។

កាលពី​ម្សិលមិញ​គេ​មិន​អាច​ទាក់​ទង​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ។ លោក សុខ ផល ប្រធាន​នាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ក៏មិន​អាច​ទាក់​ទង​បាន​ដែរ​។

ការលើក​ឡើង​កាលពី​ម្សិលមិញ​របស់​ឧត្តមសេនីយ៍​ ខៀវ សុភ័គ ធ្វើ​ឡើង​បន្ទាប់​ពី​លោក កឹម សុខា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​សម្ភាស​តាម​វិទ្យុ​អាស៊ីសេរី កាលពីយប់​ថ្ងៃ​អង្គារ​ អំពី​របៀប​វារៈ​របស់​លោក​នៅ​ពេល​ពួក​លោក​ចូល​រដ្ឋ​សភា។

លោក​ កឹម សុខា បាន​មាន​ប្រសាសន៍​ថា អន្តោប្រវេសន៍​វៀតណាម​គឺ​ជា​បញ្ហា​សំខាន់​មួយ​ក្នុង​ចំណោម​បញ្ហា​សំខាន់ៗដែល​គណបក្ស​ប្រឆាំង​ជំរុញ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី ឬ​ក្រសួង​មហាផ្ទៃ​ប្រមូល​ស្ថិតិ​​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ជនអន្តោប្រវេសន៍​នៅ​កម្ពុជាថា តើ​មានជន​ជាតិ​ណា​ខ្លះ​ មាន​ប៉ុន្មាននាក់​ស្រប​ច្បាប់ និង​ប៉ុន្មាន​នាក់​ខុស​ច្បាប់?​។ ទី២ យើង​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​”។

បន្ទាប់មក​ឃ្លីប​វីដេអូ​អំពី​បទ​សម្ភាស​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កឹម សុខា ដែល​មាន​ចំណង​ជើង​ថា ” ដំណោះស្រាយ​ចំពោះ​អន្តោប្រវេសន៍​​ក្នុង​ប្រទេស​​កម្ពុជា​”។

កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា លោក​ សម រង្ស៊ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រម​ព្រៀង​គ្នា​ឲ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​ចូល​រដ្ឋសភា​ ដែល​ពួកគាត់បាន​ធ្វើ​ពហិការ​​អស់រយៈ​ពេល​១០ខែ ដោយ​អះអាង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​។

តំណាង​រាស្ត្រ​ទាំង​នោះ​​នឹង​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​ពេល​ណាមួយ​នៅ​ដើម​សប្ដាហ៍​នេះ​ ប៉ុន្តែលោក​ សម រង្ស៊ី បាន​ចោទ​គណបក្ស​ប្រជា​ជន​កម្ពុជា​កាលពី​ថ្ងៃ​អង្គារថា មាន​បំណង​ធ្វើ​ឲ្យ​ជាប់​គាំង​ដល់​ការ​ចរចា​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា នៅ​ពេល​ដែល​ការ​ចរចា​អំពី​ការ​កែទម្រង់ការ​បោះ​ឆ្នោត​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​លោក កឹម សុខា បាន​លើក​ឡើងនៅ​ក្នុង​កម្មវិធី​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា តាមពិត​អន្តោប្រវេសន៍​វៀតណាម​មិនមែន​ជា​ការ​ងារ​អាទិភាព​​សម្រាប់​គណបក្ស​នេះ​ទេ។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ចិត្ត​ខ្ញុំមិន​ផ្ដោត​លើ​ប្រធាន​បទ​នេះ​ទេ​។ វា​មិន​មែន​ជា​រឿង​អាទិភាព​ទេ។ វា​មិន​មែនជារឿង​ដែល​យើង​ចាត់​ទុក​ជា​ប្រធាន​បទ​សំខាន់​ឡើយ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​រីក​រាយ​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​បំណង​សហការ​នៅ​ក្នុង​បញ្ហា​ផ្សេងទៀត​ ឧទាហរណ៍​ដូច​ជា បញ្ចប់​នីតិវិធី​សម្រាប់​ឲ្យ​យើង​ទៅ​ស្បថ​ចូល​កាន់​តំណែង អំពី​របៀប​យើង​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា​។ បន្ទាប់​មក​យើង​មាន​ប្រធាន​បទ​ជា​ច្រើន​ដើម្បី​ពិភាក្សា​”។

លោក ហ៊ុន សែន ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រឆាំង​ដូច​ជា លោក សម រង្ស៊ី និង​លោក កឹម សុខា ចោទ​ប្រកាន់​ជាយូរ​មក​ហើយ​ថា ស្ដាប់​បង្គាប់​ក្រុង​ហាណូយ និង​ជំរុញ​ឲ្យ​​ជនជាតិ​វៀតណាម​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។

លោក​នាយក​រដ្ឋមន្ត្រី​និយាយ​ភាសា​វៀតណាម​បាន​ល្អ​ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​លើក​បន្តុប​ឲ្យ​ឡើង​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ​១៩៨៥​បន្ទាប់​ពី​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម។

នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​អំណាច​កាលពី​ឆ្នាំ​មុន គណបក្ស​សង្គ្រោះ​ជាតិ​តែ​ង​តែ​ចោទ​លោក​ ហ៊ុន សែន ថា បាន​ទទួល​ការ​គាំទ្រ​ពី​វៀតណាម។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​កាលពី​ខែ​ធ្នូ​ ដោយ​ប្រើ​ពាក្យ​ប្រមាថ​វៀតណាម​នៅ​​កន្លែង​តវ៉ា​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​លោក​ ហុ៊ន សែន ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​វៀត​ណាមថា ” កម្ពុជា​កំពុង​និយាយ​ថា ‘ចុះ​ចេញទៅ’ យួន​កំពុង​ប្រាប់​កុំ​ឲ្យ​លោក​ចុះ​ចេញ”។

កាលពី​មុន​បញ្ហា​នេះ​ក៏បាន​នាំ​ឲ្យ​មាន​ការ​គំរាម​ពី​គណបក្ស​ប្រឆាំង​ ដើម្បី​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ត្រឡប់​ទៅ​វិញ ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​ឡើង​កាន់​អំណាច​។ កាលពី​ខែ​កក្កដា ឆ្នាំ​១៩៩៨ ​ក្នុង​នាម​ជា​អគ្គលេខាធិការ​​គណបក្ស​ សឺន សាន លោក​ កឹម សុខា បាន​​ផ្សព្វ​ផ្សាយ​ពី​គោល​នយោបាយ​របស់​គណបក្ស​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ប្រសិន​បើ​យើង​ឈ្នះ យើង​នឹង​បញ្ជូន​យួន​ទៅ​វៀតណាម​វិញ​ទាំង​អស់”។

ប៉ុន្មាន​ថ្ងៃ​មុននោះ លោក សម រង្ស៊ី បាន​សន្យា​ស្រដៀង​គ្នា​នេះ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​គណបក្ស​ សម រង្ស៊ី របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ប្រសិន​បើ​ខ្ញុំ​ឈ្នះ​ឆ្នោត​​នេះ ខ្ញុំ​នឹង​បញ្ជូន​អន្តោប្រវេសន៍​យួន​ត្រឡប់​ទៅវិញ​”។

កាលពី​ខែ​មេសា​ឆ្នាំនេះ លោក សម រង្ស៊ី បាន​ផ្សព្វ​ផ្សាយ​​ឯកសារ​គោលនយោបាយ​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​​ប្រកាស​ថា របប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្ដល់​សញ្ជាតិ​​​ជា​ពល​រដ្ឋ​ដល់​​ជន​អន្តោប្រវេសន៍​វៀតណាម​រាប់​រយ​ពាន់​នាក់​នៅ​កម្ពុជា​ ដោយ​ជន​អន្តោប្រវេសន៍​វៀតណាម​ជាច្រើន​គ្រួសារ​បាន​រស់​នៅ​ទី​នេះ​ជាច្រើន​ជំនាន់ ហើយ​បន្ទាប់​មក​លោក​​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ការ​ចំណាក​ស្រុក​ធ្លាក់​ចុះ​៕ គឹមហឿន​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស