បន្ទាប់ពីបង្ខាំងទុករំលោភរយៈពេលប្រាំបីខែ និងបង្ខំឲ្យរំលូតកូនពីរលើក រដ្ឋា ដែលពេលនោះមានអាយុ១៧ឆ្នាំ បាននិយាយថា នាងបានរត់ចេញពីផ្ទះបុរសជនជាតិចិន ដែលគេបានលក់នាងទៅឲ្យនោះ ហើយនាងបានធ្វើដំណើរទៅស្ថានកុងស៊ុលកម្ពុជានៅក្នុងខេត្តគ័ងចូវ។
រដ្ឋា ដែលពេលនេះអាយុ១៨ឆ្នាំ បាននិយាយនៅខាងក្រៅសន្និសីទកាសែតកាលពីម្សិលមិញ ដែលអង្គការសិទ្ធិមនុស្សអាដហុក បានផ្សព្វផ្សាយរបាយការណ៍រយៈពេលប្រាំមួយខែស្តីពីស្ត្រីខ្មែរដែលត្រូវគេរំលោភបំពានក្នុងប្រទេសចិនថា “មន្ត្រីខ្មែរម្នាក់នៅទីនោះបានប្រាប់ខ្ញុំឲ្យត្រឡប់ទៅផ្ទះប្តីដែលរំលោភខ្ញុំនោះ ដើម្បីទៅយកលិខិតឆ្លងដែនរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំខ្លាចត្រូវគេរំលោភម្តងទៀត ដូច្នេះខ្ញុំមិនព្រមត្រឡប់ទៅទេ”។ រដ្ឋា បាននិយាយថា “បន្ទាប់មកមន្ត្រីរូបនោះបានទូរស័ព្ទទៅមេខ្យល់ដែលបានលក់ខ្ញុំ ហើយភ្លាមៗនោះខ្ញុំត្រូវបានគេបង្ខាំងទុកនៅផ្ទះមេខ្យល់រូបនោះ”។
តួលេខដែលបានចេញ ផ្សាយដោយអង្គការអាដហុកកាលពីម្សិលមិញ បង្ហាញថា នៅក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១៤ ស្ត្រីខ្មែរយ៉ាងតិច២៩នាក់ត្រូវបានបញ្ជូនទៅប្រទេសចិន ដោយសន្យាផ្តល់ការងារមានប្រាក់ខែខ្ពស់ ឬរៀបការជាមួយប្តីជាអ្នកមាន ហើយទីបំផុតបានរៀបការជាមួយបុរសដែលរំលោភបំពាន ឬត្រូវបានលក់ឲ្យធ្វើពេស្យាចារ។ អង្គការសិទ្ធិមនុស្សក្នុងស្រុកនេះទទួលបានតែសេចក្តីរាយការណ៍ដូចនេះតែប្រាំបីករណីប៉ុណ្ណោះក្នុងឆ្នាំ២០១៣។
លោកស្រី ចាន់ សុគន្ធា ប្រធានកម្មវិធីស្ត្រី និងកុមារនៅអង្គការអាដហុកបានមានប្រសាសន៍ថា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺថា អ្នកការទូតកម្ពុជាក្នុងប្រទេសចិនបានបដិសេធមិនព្រមជួយពលរដ្ឋរបស់ខ្លួនឡើយ។
លោកស្រី សុគន្ធា បានមានប្រសាសន៍ថា “មន្ត្រីនៅស្ថានកុងស៊ុលកម្ពុជា និងស្ថានទូតមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះឡើយ ផ្ទុយទៅវិញបានបណ្ដោយឲ្យជនរងគ្រោះឈរនៅមុខស្ថានទូតក្នុងអាកាសធាតុត្រជាក់ ដោយត្រូវមូសខាំ និងគ្មានប្រាក់ទិញអាហារបរិភោគទៀតផង”។
លោកស្រី សុគន្ធា បានបន្ថែមថា ស្ត្រីដែលត្រូវបានជួញដូរនិងរំលោភបំពាន ជារឿយៗស្ថិតនៅជិតស្ថានកុងស៊ុល ឬស្ថានទូតដោយសារខ្លាចនគរបាលចាប់ខ្លួន ព្រោះមិនមានលិខិតឆ្លងដែន ឬលិខិតស្នាមផ្សេងៗ។ ដូចគ្នានេះដែរ ដោយស្ត្រីភាគច្រើនចេះនិយាយភាសាចិនបន្តិចបន្តួច ឬមិនចេះសោះធ្វើឲ្យពួកគេមិនអាចទំនាក់ទំនងជាមួយអ្នកដទៃបាន។
លោកស្រី លឹម មុនី ជាអនុប្រធានរបស់លោកស្រី សុគន្ធា បានមានប្រសាសន៍ថា មន្ត្រីខ្មែរនៅប្រទេសចិនបានយកកម្រៃច្រើនពីមេខ្យល់ដែលតាមច្បាប់តម្រូវឲ្យមានឯកសាររៀបការសម្រាប់កូនក្រមុំម្នាក់ៗ និងបកប្រែពីភាសាខ្មែរទៅជាភាសាចិន។
លោកស្រី មុនី បានមានប្រសាសន៍ថា “វាហាក់ដូចជាមន្ត្រីនៅស្ថានកុងស៊ុល និងស្ថានទូតមានទំនាក់ទំនងល្អជាមួយមេខ្យល់អ៊ីចឹង…មន្ត្រីទាំងនោះជួយបកប្រែឯកសារឲ្យមេខ្យល់ដើម្បីយកលិខិតនោះទៅចុះឈ្មោះរៀបអាពាហ៍ពិពាហ៍”។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា ទន្ទឹមនឹងនោះដែរ “យើងមិនបណ្ដោយឲ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះដោយគ្មានការជួយឡើយ” ស្ត្រីខ្មែរដែលត្រូវបានជួញដូរមួយចំនួន ដែលមិនបានរាយការណ៍ទៅស្ថានកុងស៊ុលឲ្យបានត្រឹមត្រូវ ប្រហែលជាត្រូវបានច្រានចោល។
លោក កុយ គួង បានមានប្រសាសន៍ថា “ប្រសិនបើគាត់ [ ស្ត្រីដែលត្រូវបានជួញដូរ] ទៅកាន់ខេត្តខុស ជួនកាលគាត់ត្រូវបញ្ជូនទៅស្ថានទូត [ ក្នុងទីក្រុងប៉េកាំង ] ឬត្រូវបញ្ជូនបន្តទៅអគ្គកុងស៊ុល ក្នុងខេត្តដែលនាងរស់នៅពីព្រោះវាអាចជាបញ្ហាផ្នែករដ្ឋបាល”។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក៏បានលើកឡើងផងដែរថា លោកបានស្នើឲ្យក្រសួងការបរទេសចិនណែនាំស្ថានទូតរបស់ខ្លួនក្នុងប្រទេសឡាវ វៀតណាម និងថៃ ដែលជាផ្លូវចេញសម្រាប់កូនក្រមុំដែលត្រូវបានជួញដូរនោះ ឈប់ផ្តល់ទិដ្ឋាការដល់ស្ត្រីខ្មែរនៅលីវ។
នៅសន្និសីទកាសែតកាលពីម្សិលមិញ សម្ផស្ស អាយុ៣៣ឆ្នាំ ជាស្ត្រីដែលត្រូវបានធ្វើមាតុភូមិនិវត្តម្នាក់ទៀតដែលបានទៅប្រទេសចិនជាមួយនឹងការសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ក្នុងរោងចក្រកាត់ដេរនោះបាននិយាយថា អ្នកស្រីត្រូវបានគេលក់ឲ្យបុរសម្នាក់ផ្ទុយនឹងឆន្ទៈរបស់ខ្លួន។
អ្នកស្រីបាននិយាយថា អ្នកស្រីបានរត់គេចខ្លួនរួច ហើយបានទៅលាក់ខ្លួនក្នុងព្រៃមុនពេលទាក់ទងអង្គការអាដហុក។ ប៉ុន្តែ បើទោះជាត្រឡប់មកដល់ផ្ទះវិញហើយក៏ដោយ ក៏អ្នកស្រីមិនទាន់បាត់ព្រួយបារម្ភដែរ។ អ្នកស្រីបាននិយាយថា “អ្វីដែលខ្ញុំព្រួយបារម្ភបំផុតនោះគឺថា ប្អូនស្រីរបស់ខ្ញុំដែលមានអាយុទើបតែ១៨ឆ្នាំស្ថិតក្នុងប្រទេសចិននៅឡើយ ដែលនៅទីនោះនាងត្រូវប្តីរបស់នាងរំលោភបំពាន៕សារុន