34 C
Phnom Penh

និពន្ធ​នាយក​ព័ត៌មាន​ម្នាក់ដក​កាំភ្លើង​ភ្ជង់​សហការីម្នាក់ទៀតដោយសារ​តែជ​ម្លោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ការ​អះអាងរបស់ជន​​​រង​​​គ្រោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជម្លោះ​​​រវាង​​​បុគ្គលិក​​​នៅ​​​បណ្ដាញ​​​ទូរទស្សន៍​​​ធំៗ​​​ចំនួន​​​ពីរ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក គិត​​​ ម៉េង បាន​​​បង្ក​​​ជា​​​ឧប្បត្តិហេតុ​​​មួយ​​​ ដែល​​​​​​ក្នុង​​​នោះ​​​និពន្ធ​នាយក​​​ព័ត៌​​​មាន​​​​​​ម្នាក់​​​បាន​​​ដក​​​កាំ​​​ភ្លើង​​​ភ្ជង់​​​ក្បាល​​​​​​សហ​​​ការី​​​ម្នាក់​​​ទៀត​​​នៅ​​​ក្នុង​​​បរិវេណ​​​បណ្ដាញ​​​ស្ថានីយ​​​ទូរទស្សន៍​​​ព័ត៌មាន​​​ (ស៊ីអិនស៊ី) ។

​​​លោក ហ៊ុយ វណ្ណៈ និពន្ធ​​​នាយក​​​បណ្ដាញ​​​ស្ថានីយ​​​ទូរទស្សន៍​​​ព័ត៌មាន​​​ ស៊ីអិនស៊ី ដែល​​​ផ្សាយ​​​២៤​​​ម៉ោង​​​ បាន​​​ដក​​​កាំភ្លើង​​​ខ្លី​​​គំរាម​​​លោក​​​ រស់ ឌីណា អ្នក​​​រៀប​​​ចំ​​​ផែន​​​ការ​​​ និង​​​ចាត់​​​តាំង​​​ការ​​​ងារ​​​ផ្នែក​​​ព័ត៌​​​មាននៅ​​​ស្ថានី​​​យ​​​ទូរទស្សន៍​ស៊ីធីអិន និង​​​ម៉ាយ​​​ធីវីអំឡុង​​​ជម្លោះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៧​​​ ខែ​​​មិថុនា។

លោក ឌីណា បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​​​​ដែលធ្លាប់មាន​​​ជម្លោះ​​​រវាង​​​បុរស​​​ទាំង​​​ពីរ​​​​​​ដែល​​​ធ្វើ​​​ការ​​​ឲ្យស្ថានីយ​​​ទូរទស្សន៍​​​​​​​​​គ្រប់​​​គ្រង​​​ដោយ​​​​​​ក្រុមហ៊ុនសាជីវកម្ម​​​ផ្សព្វ​​​ផ្សាយ​​​កម្ពុជា​​​ ដែល​​​កាន់​​​កាប់​​​ដោយ​​​ក្រុមហ៊ុន​​​ រ៉ូយ៉ាល់​​​គ្រុប របស់​​​លោក គិត​​​ ម៉េង ឡើយ។

លោក ឌីណា បាន​​​មាន​​​ប្រសាសន៍​​​ថា “មូល​​​ហេតុ​​​ដែល​​​កើត​​​ឡើងគឺ​​​ដោយ​​​សារ​​​ជម្លោះ​​​រវាង​​​បុគ្គលិក​​​មក​​​ពី​​​ទូរទស្សន៍​​​ ស៊ីធីអិន​និង​​​ស៊ីអិនស៊ី ។ ខ្ញុំ​​​មិន​​​ដែល​​​មាន​​​ជម្លោះ​​​ផ្ទាល់​​​ខ្លួន​​​ជាមួយ​​​​​​លោក ហ៊ុយ វណ្ណៈ​​​ ទេ”។

យោង​​​តាម​​​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក ឌីណា បាន​​​ប្តឹង​​​លោក ហ៊ុយ​​​ វណ្ណៈ ពី​​​បទ “បរិហារ​​​កេរ្តិ៍ ជេរ ប្រមាថ និង​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត​​​ដោយ​​​ចេតនា​​​” ហើយ​​​បាន​​​ទាម​​​ទារ​​​សំណង​​​ចំនួន​​​២០០លាន​​​រៀល (ប្រហែល ៥០.០០០ដុល្លារ)។

លោក ហ៊ុយ វណ្ណៈ ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ឲ្យទៅ​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​​​​ពី​​​ម្សិលមិញ​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ ប៉ុន្តែ អ្នក​​​យក​​​ព័ត៌​​​មាន​​​​​មិន​​​ឃើញ​​​លោកទៅ​​​ទេ។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក​​​តាម​​​ទូរស័ព្ទ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិល​​​មិញ។

លោក​​​ព្រះរាជ​​​អាជ្ញា​​​រង​​​ កែវ សុជាតិ ដែល​​​បាន​​​ចេញ​​​ដីកា​​​កោះ​​​ហៅ​​​បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​​​​មិន​​​ចាំ​​​រឿង​​​ក្តី​​​នោះ​​​ទេ​​​។

ពាក្យ​​​បណ្តឹង​​​របស់​​​លោក​​​ ឌីណា ដែល​​​ប្ដឹង​​​ទៅ​​​តុលាការ​​​មាន​​​ខ្លឹម​​​សារ​​​ថា លោក​​​បាន​​​ដើរ​​​ចេញ​​​ពី​​​បន្ទប់​​​ទឹក​​​នៅ​​​ស្ថាន​​​ីយ​​​ទូរទស្សន៍​​​ ស៊ីអិនស៊ី ដែល​​​នៅ​​​ទី​​​នោះ​​​លោក​​​បាន​​​ជួប​​​លោក លុយ សារ៉ាត់ ជា​​​សហការី​​​ម្នាក់ ហើយ​​​បាន​​​ស្រែក​​​ដាក់​​​គាត់​​​ខ្លាំងៗ។

យោង​​​តាម​​​ពាក្យ​​​បណ្តឹង​​​នោះ​​​ឲ្យដឹង​​​ថា បន្ទាប់មក លោក ហ៊ុយ វណ្ណៈ បាន​​​មក​​​ជិត​​​លោក​​​ហើយ​​​បាន​​​ចង្អុល​​​មុខ​​​លោក ឌីណា ទាំង​​​កំហឹង​​​ មុន​​​ពេល​​​ជេរ​​​ប្រមាថ​​​លោក​​​ជាច្រើន​​​​​​លើក​​​ច្រើន​​​សា។ ពេលនោះ​ លោក ហ៊ុយ វណ្ណៈ បាន​​​ដក​​​កាំភ្លើង​​​ខ្លី បើក​​​សោ ហើយ​​​គំរាម​​​បាញ់​​​​​​លោក​​​ ឌីណា ដែល​​​បាន​​​រត់​​​ចូល​​​​​​ទៅ​​​​​​ក្នុង​​​ការិយាល័យ​​​ធនធាន​​​មនុស្ស​​​។

ពាក្យ​​​បណ្តឹង​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ទៀត​​​ថា “ទង្វើ​​​ដ៏​​​ឃោរ​​ឃៅ​​​របស់​​​លោក ហ៊ុយ វណ្ណៈ បាន​​​ធ្វើ​​​ឲ្យ​​​បុគ្គលិក​​​នៅ​​​ទី​​​នេះ​​​តក់​​​ស្លុត​​​ និង​​​ភ័យ​​​ខ្លាច” ហើយ​ពួកគេ​អះ​​​អាង​​​ថា ឧប្បត្តិហេតុ​​​​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ចំពោះ​​​មុខ​​​បុគ្គលិក​​​ប្រហែល​​​១០​​​នាក់​​​។

លោក រ៉ាម៉ាឌី មួន អគ្គនាយក​​​ទូរទស្សន៍ ស៊ីអិនស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ​​​​​​​​​​​​​​​បុរស​​​ទាំង​​​ពី​​​រ​​​នាក់​​​នេះ​​​កំពុង​​ធ្វើ​​ការ​​​ឲ្យ​​​ស្ថាន​​​ីយ​​​ទូរទស្សន៍នោះ​​​នៅ​​​ឡើយ​​​ ហើយ​​​ការ​​​សើុប​​​អង្កេត​​​​​​ផ្ទៃ​​​ក្នុង​​​កំពុង​​​តែ​​​បន្ត​​​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស