27 C
Phnom Penh

តុលាការ​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​ពាក់ព័ន្ធ​នឹងការ​ឆបោក​ក្រុម​ហ៊ុន​ជីវ​ឥន្ធនៈ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មេធាវី​ចុង​ចោទ​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ តុ​លា​ការ​​ក្រុង​ភ្នំពេញ​បាន​បដិសេធ​ការ​សំុ​នៅ​ក្រៅ​ឃុំ​ចំពោះ​ជន​រួម​គំនិត​ពីរ​នាក់ របស់​បុរស​អង់គ្លេស​ម្នាក់​ដែល​ជាប់​ចោទ​ថា​បាន​ឆ​បោក​ប្រាក់​រាប់​លាន​ដុល្លារ​ពី​វិនិយោគិន​នៅ​ប្រទេស​អង់គ្លេស បើទោះជា​ពួកគេ​ជាប់​​ឃុំ​រង់ចាំ​ការ​ជំនុំ​ជម្រះ​ដល់​កាល​កំណត់​ហើយ​ក៏​ដោយ។

ជន​សង្ស័យ អ៊ំ សំណាង និង សឿន ដេននី ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន International Green Energy (IGE)។ ពាណិជ្ជករ​ជន​ជាតិ​អង់គ្លេស Gregg​ Fryett​ ដែល​បាន​លក់​ភាគហ៊ុន​ក្នុងគម្រោង​ជីវ​ឥន្ធនៈ​ដែល​ទទួលបរាជ័យ​នៃ​ក្រុមហ៊ុន IGE នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ទៅ​ឲ្យ​វិនិយោគិន​អង់គ្លេស ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មីនា​ឆ្នាំ​២០១៣ ពីបទ​សង្ស័យ​ឆបោក​ប្រាក់​របស់​អ្នក​វិនិយោគ​ទុន​រាប់សិប​លាន​ដុល្លារ។

លោក សំណាង និង​លោក ដេននី ត្រូវ​បាន​ចាប់​ខ្លួនពីរ​ខែ​មុន​លោក Gregg​ ហើយ​ពួកគេ​ជាប់​ចោទ​ពី​បទ​ឆបោក ក្លែង​បន្លំ និង​ការ​ប្រើ​ឯកសារ​សាធារណ​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​មុខ​ជំនួញ​នេះ។

លោក យូ ប៊ុណ្ណា ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញបានមាន​ប្រសាសន៍​នៅ​សវនាការ​កាលពី​ម្សិលមិញ​ថា “បន្ទាប់ពី​ការ​ពិភាក្សា​គ្នា​រួច​មក ជន​សង្ស័យ​មិន​ត្រូវបាន​​អនុញ្ញាត​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បាន​ទេ”។

ចៅក្រម​រូបនេះ​មិន​បាន​ពន្យល់​អំពី​សេចក្តី​សម្រេច​របស់​លោក​ទេ ហើយ​បន្ទាប់​មក​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​តុលាការ​មុន​សវនាការ​កាលពី​ម្សិលមិញ លោក សុក សំអឿន មេធាវី​របស់​អ្នក​ទាំង​ពីរ បាន​បង្ហាញ​ហេតុផល​ថា រយៈ​ពេល​សរុប​១៨​ខែ ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​រង់ចាំ​ការ​កាត់​ក្តី បាន​កន្លង​ផុត​ទៅ​ហើយ ហើយ​ថា​កូន​ក្តី​របស់​លោក​គួរ​ត្រូវ​បាន​ដោះលែង។ លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា សេចក្តី​បង្គាប់​បិទ​កាលពី​ថ្ងៃ​ទី១៩​ខែ​មីនា​របស់​​ចៅក្រម​ស៊ើបសួរ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ខ្លឹមសារ​ថា ការ​ឃុំ​ខ្លួន​ជន​ទាំង​ពីរ​មិន​ត្រូវ​ឲ្យ​លើស​រយៈ​ពេល​បួន​ខែ​ទេ។​​

លោក សំអឿន បាន​និយាយ​កាលពី​ម្សិលមិញ​បន្ទាប់ពី​សវនាការ​នោះ​ថា “ខ្ញុំ​សូម​បក​ស្រាយ​ថា ដោយ​ហេតុផល​ថា កូនក្តី​របស់​ខ្ញុំ​ត្រូវ​បាន​ឃុំ​ខ្លួន​លើសពី​រយៈ​ពេល​បួន​ខែ​ហើយ ពួកគេ​មិនអាច​ត្រូវឃុំ​ខ្លួន​ទៀត​ទេ។ ប៉ុន្តែ ចៅក្រមធ្វើ​តាម​ការ​បកស្រាយ​របស់​គាត់”។

លោក​មេធាវី​រូប​នេះ​បាន​បន្ថែម​ថា “ចៅក្រម​រូប​នេះ​បាន​និយាយ​ថា ការ​ឃុំ​ខ្លួន​ពួកគេ​បណ្តោះអាសន្ន​ផុត​កំណត់ ប្រសិនបើ​កូនក្តី​របស់​ខ្ញុំ​បាន​ឡើង​សវនាការ​ម្តង​រួចមក​​ហើយ​នោះ​​”។

លោក សំណាង និង​លោក ដេននី បានឡើង​តុលាការ​កាលពី​ខែ​មុន​។ លោកមេធាវី សំអឿន បាន​និយាយ​ថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​បដិសេធ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ ក្នុង​ពេល​ឆាប់ៗ៕ មានិត​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស