33 C
Phnom Penh

នគរបាល​ទទួល​បាន​២៥​ដុល្លារ​សម្រាប់​ការ​ថែ​រក្សា​សណ្តាប់​ធ្នាប់​ក្រោយ​ការ​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា សុជាតិវង្ស អភិបាល​ក្រុង​ភ្នំពេញ និង លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជ​ធានី បាន​រៀបចំ​ពិធី​មួយ​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ ដើម្បីចែក​លុយ​​ប្រហែល​២៥​ដុល្លារ​ដល់​មន្ត្រីនគរបាល​ក្រុង​ម្នាក់ៗ​ ចំពោះ​ការ​ថែរក្សា​សណ្តាប់​ធ្នាប់​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិដ៏​ចម្រូងចម្រាស​កាលពី​ខែ​កក្កដា​ឆ្នាំ​មុននោះ​។police

​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក ប៉ូលិស​​ប្រហែល​២.០០០​នាក់បាន​តម្រង់​​ជួរ​ក្នុង​ពហុកីឡា​ដ្ឋាន និង​ឈរ​​តាមអង្គភាព​របស់​ខ្លួន​ជាមួយ​រថយន្ត​ជាច្រើន​ដែល​បាន​បិទ​ផ្លូវ​នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់​តាំងពី​រដ្ឋាភិបាល​បាន​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​នៅ​ខែ​មករា​មកនេះ​។

មុន​ពេល​ចែក​ប្រាក់ លោក សុវណ្ណ ដែល​បាន​បញ្ជា​ផ្ទាល់​លើ​ការ​បង្ក្រាប​ការ​តវ៉ាថ្មីៗ​នេះ បាន​ថ្លែង​សរសើរ​នគរបាល​ចំពោះ​ការ​ធានា​បាន​នូវ​សណ្តាប់​ធ្នាប់​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លង​មក​។

“យើង​បាន​ឃើញ​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល និងសហជីព​មួយ​ចំនួនដែល​មាន​និន្នាការ​ប្រឆាំង ញុះញង់ និង​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សមាជិក​និង​បុគ្គលិក​របស់​ខ្លួន ហើយ​និង​ពលរដ្ឋ​ ប្រមូល​ផ្តុំ​គ្នា​និង​ធ្វើ​បាតុកម្ម​ជាង​៤៤៥​លើក បាតុកម្ម​ខ្លះ​​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ទៀតផង”។​​​ លោក​ស្នងការ​បាន​មាន​ប្រសាសន៍​ថា មាន​កូដកម្ម​កម្មករ​២៨៩​លើក​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ។

លោក សុវណ្ណ មាន​ប្រសាសន៍​ថា ការ​តវ៉ា​៨៦​លើក បាន​បង្ក​ឡើង​ដោយគណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា ការតវ៉ា​មួយ​របស់​កម្មករ​នៅ​ដើម​ឆ្នាំ​នេះ ដែល​រដ្ឋាភិបាល​បាន​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ និងការ​​បញ្ចប់​បាតុកម្ម​មហាជន​ជា​ច្រើន​ខែ​នោះ បានបណ្តាលឲ្យ​​ខូចខាត​ជាង​៧២​លាន​ដុល្លារ។

កាលពី​ខែ​មីនា គណកម្មាធិការ​មួយ​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​វាយ​តម្លៃ​ការ​ខូចខាត​ពី​ការ​តវ៉ា​ទាំង​នោះ បាន​កំណត់​ការ​ខូចខាត​​ប្រហែល​២៧៥.000​ដុល្លារ។

លោក សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “កាលពី​ថ្ងៃ​ទី២​និង​ទី​៣​ខែ​កមរា គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​សហជីព​ផង បាន​ញុះញង់ និង​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​បាតុ​កម្ម ដោយ​ផ្តល់ឧបករណ៍​និង​ប្រាក់ ដើម្បី​ទាមទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​អ្នក​តវ៉ា​ខ្លះ​បាន​បង្ក​ភាព​អនាធិបតេយ្យ បំផ្លាញ​និង​ដុត​ទ្រព្យ​សម្បត្តិ​ឯកជន​និង​សាធារណៈ”។

អំឡុង​ការ​បង្ក្រាបកូដ​កម្ម​នៅ​ផ្លូវ​វេងស្រេង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មិន​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​កូដកម្ម​របស់​កម្មករ​កាត់​ដេរទូទាំង​ប្រទេស​ ដែល​លើក​ទឹកចិត្ត​ដោយគណបក្ស​នេះ កម្លាំង​កង​រាជ​អាវុធហត្ថ​កាន់​កាំភ្លើង​អាកា-៤៧​បាន​បាញ់​ស្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់។

នៅ​ពេលនោះ រដ្ឋាភិបាល​បាន​វាយ​បណ្តេញ​យ៉ាង​ហិង្សា​នូវ​បាតុកម្ម​រយៈ​ពេល​ពីរ​សប្តាហ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​បាន​បិទ​ទីលាន​នោះ​​​ ហើយព័ទ្ធ​លួស​បន្លា​និង​នគរបាល​ប្រដាប់​អាវុធ។

ការ​បិទ​ទីលាន​នេះ​បាន​នាំ​ឲ្យ​មាន​ការ​តវ៉ា​តូចៗ​ជានិមត្តរូប​ជា​ច្រើន​ខែ​របស់គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូល​ទីលាន​នោះ ដែល​ពេល​នោះ​សន្តិសុខ​ខណ្ឌ​បាន​វាយ​សំពង​អ្នកតវ៉ា​យ៉ាង​ឃោរឃៅ រហូត​ដល់​មាន​អ្នក​តវ៉ាវាយ​បកវិញ​យ៉ាង​ចាស់​ដៃ​កាលពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា។

ស្នងការ​នគរបាល​ក្រុង​រូប​នេះ​បាន​ពន្យល់​ថា “គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ដោយ​ខុស​ច្បាប់ ហើយ​ក្រុម​អនាធិបតេយ្យ​ពពាក់​ពពួន​ចូលទីលាន​ប្រជាធិបតេយ្យ ក្រោម​ពាក្យ​ស្លោក​ថា ‘រំដោះ​ទីលាន​ប្រជាធិបតេយ្យ’ ដោយ​ធ្វើ​ការ​វាយ​តប់​​យ៉ាង​ហិង្សា​លើ​​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ”។

នគរបាល​ឈរ​ជើង​នៅ​ឯ​ទីលាន​ប្រជា​ធិប​តេយ្យ​​នោះ​ បាន​ចាប់​ខ្លួន​សមាជិក​សភា​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​នាក់​ដែល​ដឹកនាំ​ការ​តវ៉ា និង​មន្ត្រី​បក្ស​ជាន់​ខ្ពស់​ម្នាក់។

លោក ប៉ា​ សុជាតិវង្ស បាន​ប្រាប់​ក្រុម​មន្ត្រី​កាលពី​ម្សិលមិញ​ថា “ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្ម​ភាព​អនាធិបតេយ្យ អាជ្ញាធរ​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​យ៉ាង​ត្រឹម​ត្រូវ”។​ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស