លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានស្វះស្វែងធ្វើយ៉ាងណាចៀសវាងកុំឲ្យមាន “ក្រុមការងារ” ដែលត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងដែលបានឯកភាពជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន ដោយផ្ញើជូននូវសេចក្ដីព្រាងកំណែទម្រង់របស់លោកដល់រដ្ឋាភិបាលដើម្បីអនុម័តយល់ព្រម។
កាលពីថ្ងៃទី២២ ខែកក្កដា លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីឲ្យសមាជិកសភាទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួន ជាថ្នូរនឹងការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សប្រឆាំងបានចោទប្រកាន់ថា ជួយឲ្យមានការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។
បន្ទាប់មកក្រុមការងារចំនួនបីបានចាប់ផ្ដើមចរចាគ្នាពីសេចក្ដីលម្អិតចុងក្រោយនៃកំណែទម្រង់ដែលបានព្រមព្រៀងគ្នា។ ប៉ុន្តែ ក្រុមការងារពីរក្នុងចំណោមក្រុមការងារទាំងបីមិនបានមកចរចាគ្នាទេរហូតមកដល់ថ្ងៃនេះ និងថ្ងៃច័ន្ទ ដោយធ្វើឲ្យមានការចោទប្រកាន់ពីលោក សម រង្ស៊ី ថា គណបក្សប្រជាជនកម្ពុជា កំពុងបង្អាក់ដំណើរការស្បថចូលកាន់តំណែងរបស់គណបក្សលោក។
លោកបានលើកឡើងថា ដើម្បីចៀសវាងកំុឲ្យមានក្រុមការងារយឺតយ៉ាវនេះលោកបានផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នូវសេចក្ដីីព្រាងនៃជំពូករដ្ឋធម្មនុញ្ញថ្មីរបស់លោក ដែលនិយាយពីស្វយ័តភាពហិរញ្ញវត្ថុនៃ “គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត” ថ្មី និងដែលផ្តល់អភ័យឯកសិទ្ធិដល់សមាជិករបស់គណៈកម្មាធិការនេះឲ្យរួចផុតពីការផ្ដន្ទាទោស។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “គណៈកម្មការបច្ចេកទេសចុងក្រោយមានការយឺតយ៉ាវណាស់ ហេតុដូច្នេះយើងត្រូវតែប្រើនីតិវិធីផ្សេង។ ហេតុដូច្នេះហើយទើបយើងបង្កើតគំនិតផ្ដួចផ្ដើមសរសេរដោយផ្ទាល់ និងបង្ហាញដោយផ្ទាល់នៅលើតុនូវអ្វីដែលលោក កឹម សុខា [អនុប្រធានគណបក្សសង្គ្រោះជាតិ] និងខ្ញុំស្នើឡើង”។
លោកបានមានប្រសាសន៍បន្តថា “បាល់គឺនៅក្នុងដៃតុលាការរបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះយើងកំពុងរង់ចាំការឆ្លើយតបចុងក្រោយ។ ប្រសិនបើគណបក្សប្រជាជនកម្ពុជា យល់ព្រមសំណើចុងក្រោយរបស់យើងនោះ ផ្លូវនឹងត្រូវបានត្រួសត្រាយសម្រាប់យើងឆ្ពោះទៅរកពិធីស្បថចូលកាន់តំណែង”។
ពេលថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងពិធីមួយនៅសណ្ឋាគារភ្នំពេញកាលពីព្រឹកម្សិលមិញ លោក ស ខេង បានបញ្ជាក់ថា លោកទទួលបានសេចក្តីព្រាងនៃជំពូករដ្ឋធម្មនុញ្ញថ្មីរបស់លោក សម រង្ស៊ី ហើយ ហើយកំពុងតែពិនិត្យ។
លោក ស ខេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាកំពុងតែយកចិត្តទុកដាក់ជាពិសេសចំពោះមាត្រាដែលបានចែងថា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានធ្វើកំណែទម្រង់រួចទទួលបានអភ័យឯកសិទ្ធិពីការផ្ដន្ទាទោសនេះ។
លោក ស ខេង បានមានប្រសាសន៍ថា “ជាទូទៅចំពោះរឿងនេះវាគ្មានអ្វីលំបាកពិភាក្សាទេ [ ប៉ុន្តែ ] មានចំណុចពីរដែលត្រូវតែសិក្សាឲ្យកាន់តែស៊ីជម្រៅ។ ចំណុចទី១ គឺអភ័យឯកសិទ្ធិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ពួកគេចង់មានអភ័យឯកសិទ្ធិដូចសមាជិកសភា ហើយតាមពិតកាលពីមុនយើងគ្មានអភ័យឯកសិទ្ធិនេះទេ ក្រៅតែពីក្រុមប្រឹក្សាធម្មនុញ្ញ”។
លោកបានមានប្រសាសន៍បន្តថា “យើងចាំបាច់ត្រូវតែពិភាក្សាបញ្ហានេះឲ្យបានស៊ីជម្រៅ អំពីគោលបំណងពិតប្រាកដស្នើសុំឲ្យមានអភ័យឯកសិទ្ធិ។ បញ្ហាទី២ គឺបញ្ហាស្វយ័តភាពហិរញ្ញវត្ថុ។ យើងឯកភាពចំពោះស្វយ័តភាពហិរញ្ញវត្ថុ ដែលហិរញ្ញវត្ថុបានមកពីប្រភពពីរ គឺពីរដ្ឋាភិបាល និងពីក្រៅប្រទេស”។
លោក ម៉ៅ មុនីវណ្ណ គណៈកម្មការប្រតិបត្តិិ និងជាសមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីរសៀលនោះថា គណបក្សរបស់លោករំពឹងថា នឹង ទទួលបានការឆ្លើយតបចំពោះសេចក្តីព្រាងរបស់លោក សម រង្ស៊ី ពីគណបក្សប្រជាជនកម្ពុជាមិនផុតពីថ្ងៃនោះទេ។ ប៉ុន្តែ មកដល់ប្រហែលម៉ោង៦ល្ងាចលោកបានទទួលដំណឹងថា គ្មានការឆ្លើយតបឡើយ។ ប៉ុន្តែ លោក មុនីវណ្ណ បានឲ្យដឹងថា លោករំពឹងថា នឹងទទួលបានការឆ្លើយតបឆាប់ៗ។
លោកបានមានប្រសាសន៍ថា “ពិធីស្បថចូលកាន់តំណែងតាមពិតទៅអាចធ្វើឡើងនៅដើមសប្ដាហ៍ក្រោយ ហើយបញ្ហាដែលនៅសេសសល់ផ្សេងៗទៀតដូចជាការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាជាដើមអាចត្រូវបានពិភាក្សា បន្ទាប់ពីពិធីស្បថចូលកាន់តំណែង”។
លោក ជាម យៀប អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក សម រង្ស៊ី បានលើកឡើងថា លោកក៏រំពឹងថានឹងទទួលបានការឆ្លើយតបពីមេដឹកនាំគណបក្សកាន់អំណាចក្នុងពេលឆាប់ៗអំពីសេចក្ដីព្រាងរបស់លោកដែរ ដើម្បីបើកផ្លូវឲ្យមានពិធីស្បថចូលកាន់តំណែងនៅសប្ដាហ៍ក្រោយ។
លោកបានមានប្រសាសន៍ថា ” យើងបានមកដល់ចំណុចមួយដែលរង់ចាំតែការប្រើប្រាស់ពាក្យពេចន៍ប៉ុណ្ណោះ មិនមែនសេចក្ដីលម្អិតទេ។ និយាយឲ្យចំទៅគឺត្រឹមតែពាក្យពេចន៍ទេ សូមកុំឲ្យមានការបកស្រាយខុសនៅពេលក្រោយ”៕ គឹមហឿន