ប័ណ្ណសារ

លោក សម រង្ស៊ី ផ្ញើ​​​ជូន​​​សេចក្តី​​​ព្រាង​​​ជំពូក​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​ថ្មី​​​ដល់​​​រដ្ឋាភិបាល​​​

By

August 01, 2014

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ស្វះ​​​ស្វែង​​​​​​​​​ធ្វើ​​​យ៉ាង​​​ណា​​​​​​ចៀស​​​វាង​​​កុំ​​​ឲ្យ​​​មាន​​​ “ក្រុម​​​ការ​​​ងារ” ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ ដើម្បី​​​បញ្ចប់​​​សេចក្ដី​​​លម្អិត​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​ដែល​​​បាន​​​ឯក​​​ភាព​​​ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដោយ​​​ផ្ញើ​​​ជូន​​​នូវ​​​សេចក្ដី​​​ព្រាង​​​​​​កំណែ​​​ទម្រង់​​​​​​របស់​​​លោក​​​ដល់​​​រដ្ឋាភិបាល​​​​​​ដើម្បី​​​អនុម័ត​​​យល់​​​ព្រម​​​។

​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា លោក ហ៊ុន សែន និង​​​លោក សម រង្ស៊ី ​​​បាន​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​មួយ​​​ដើម្បី​​​ឲ្យ​​​សមាជិក​​​សភា​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​ខ្លួន ជា​​​ថ្នូរ​​​នឹង​​​ការ​​​រៀប​​​ចំ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ជួយ​​​ឲ្យ​​​មាន​​​​​​ការ​​​ក្លែង​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

បន្ទាប់​​​មក​​​ក្រុម​​​ការ​​​ងារ​​​ចំនួន​​​បី​​​បាន​​​ចាប់​​​ផ្ដើម​​​ចរចា​​​គ្នា​​​ពី​​​សេចក្ដី​​​លម្អិត​​​ចុង​​​ក្រោយ​​​​​​នៃ​​​កំណែ​​​ទម្រង់​​​ដែល​​​បាន​​​ព្រមព្រៀង​​​គ្នា។ ប៉ុន្តែ ក្រុម​​​ការ​​​ងារ​​​ពីរ​​​ក្នុង​​​ចំណោម​​​​​​ក្រុម​​​ការ​​​ងារ​​​ទាំង​​​បី​​​មិន​​​​​​បាន​​​​​​មក​​​​​​​​​ចរចា​​​គ្នា​​​ទេ​​​រហូត​​​មក​​​ដល់​​​ថ្ងៃ​​​នេះ​​​ និង​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​លោក សម រង្ស៊ី​​​ ថា​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា កំពុង​​​បង្អាក់​​​ដំណើរ​​​ការ​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​របស់​​​គណបក្ស​​​លោក​​​។

លោក​​​បាន​​​​​​លើក​​​ឡើង​​​ថា ដើម្បី​​​ចៀស​​​វាង​​​កំុ​​​ឲ្យ​​​​​​មាន​​​ក្រុម​​​ការងារ​​​យឺត​​​យ៉ាវ​​​នេះ​​​លោក​​​​​​បាន​​​ផ្ញើ​​​​​​ជូន​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ នូវ​​​សេចក្ដី​​​ី​​​ព្រាង​​​​​​​​​នៃ​​​​​​ជំពូក​​​​​​​​​​​​​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​ថ្មី​​​របស់​​​លោក ដែល​​​និយាយ​​​ពី​​​ស្វយ័ត​​​ភាព​​​ហិរញ្ញវត្ថុ​​​នៃ​​​ “គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​” ថ្មី​​​  និង​​​ដែល​​​ផ្តល់​​​​​​អភ័យ​​​ឯកសិទ្ធិ​​​ដល់​​​សមាជិក​​​របស់​​​គណៈកម្មាធិការ​​​នេះ​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​ផ្ដន្ទាទោស​​​។

​​​លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “គណៈ​​​កម្មការ​​​បច្ចេកទេស​​​ចុង​​​ក្រោយ​​​​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​ណាស់​​​ ហេតុ​​​ដូច្នេះ​​​យើង​​​ត្រូវ​​​តែ​​​ប្រើ​​​នីតិវិធី​​​ផ្សេង។ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើប​​​យើង​​​បង្កើត​​​គំនិត​​​ផ្ដួចផ្ដើម​​​សរសេរ​​​​​​ដោយ​​​ផ្ទាល់​​​ និង​​​បង្ហាញ​​​ដោយ​​​ផ្ទាល់​​​នៅ​​​លើ​​​​​​តុ​​​នូវ​​​អ្វី​​​ដែល​​លោក កឹម សុខា [អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​] និង​​​ខ្ញុំ​​​ស្នើ​​​ឡើង​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “បាល់​​​គឺ​​​នៅ​​​ក្នុង​​​ដៃ​​​តុលាការ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ពីព្រោះ​​​យើង​​​កំពុង​​​រង​​​់ចាំ​​​ការ​​​ឆ្លើយ​​​តប​​​ចុង​​​ក្រោយ​​​។ ប្រសិន​​​បើ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា យល់​​​ព្រម​​​សំណើ​​​ចុង​​​ក្រោយ​​​របស់​​​យើង​​​នោះ ផ្លូវ​​​​​​​​​នឹង​​​ត្រូវ​​​បាន​​​ត្រួស​​​ត្រាយ​​​សម្រាប់​​​យើង​​​​​​ឆ្ពោះ​​​ទៅ​​​រក​​​​​​ពិធី​​​ស្បថ​​​ចូល​​​​​​កាន់​​​តំណែង​​​”។

ពេល​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ក្នុង​​​ពិធី​​​​​​មួយ​​​​​​នៅ​​​សណ្ឋាគារ​​​ភ្នំពេញ​​​កាលពី​​​ព្រឹក​​​ម្សិលមិញ​​​ លោក ស ខេង បាន​​​បញ្ជាក់​​​ថា លោក​​​ទទួល​​​បាន​​​សេចក្តី​​​ព្រាង​​​នៃ​​​ជំពូក​​​រដ្ឋ​​​ធម្មនុញ្ញ​​​ថ្មី​​​របស់​​​លោក សម រង្ស៊ី ហើយ ហើយ​​​កំពុង​​​តែ​​​​​​ពិនិត្យ​​​។

លោក ស ខេង បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​តែ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជា​​​ពិសេស​​​ចំពោះ​​​មាត្រា​​​​​​ដែល​​​បាន​​​​​​ចែង​​​ថា សមាជិក​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​កំណែ​​​ទម្រង់​​​រួច​​​​​​ទទួល​​​បាន​​​អភ័យ​​​ឯកសិទ្ធិ​​​ពី​​​ការ​​​ផ្ដន្ទា​​​ទោស​​​នេះ។

លោក ស ខេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ទូទៅ​​​ចំពោះ​​​រឿង​​​នេះ​​​វា​​​គ្មាន​​​អ្វី​​​លំបាក​​​ពិភាក្សា​​​ទេ​​​ [ ប៉ុន្តែ ]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មាន​​​ចំណុច​​​ពីរ​​​ដែល​​​ត្រូវ​​​តែ​​​សិក្សា​​​ឲ្យ​​​កាន់​​​តែ​​​ស៊ី​​​ជម្រៅ​​​។ ចំណុច​​​ទី​​​១​​​ គឺ​​​អភ័យ​​​ឯក​​​សិទ្ធិ​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​។ ពួក​​​គេ​​​ចង់​​​មាន​​​អភ័យ​​​ឯក​​​សិទ្ធិ​​​ដូច​​​សមាជិក​​​សភា ហើយ​​​តាម​​​ពិត​​​កាល​​​ពី​​​មុន​​​យើង​​​គ្មាន​​​​​​អភ័យ​​​ឯកសិទ្ធិ​​​នេះ​​​ទេ​​​ ​​ក្រៅ​​​​​​តែ​​​ពី​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “យើង​​​ចាំបាច់​​​ត្រូវ​​​តែ​​​ពិភាក្សា​​​បញ្ហា​​​នេះ​​​ឲ្យ​​​បាន​​​ស៊ី​​​ជម្រៅ អំពី​​​គោល​​​បំណង​​​ពិត​​​ប្រាកដ​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​។ បញ្ហា​​​ទី​​​២​​​ គឺ​​​បញ្ហា​​​ស្វយ័ត​​​ភាព​​​ហិរញ្ញវត្ថុ។ យើង​​​ឯកភាព​​​ចំពោះ​​​ស្វយ័ត​​​ភាព​​​ហិរញ្ញវត្ថុ​​​ ដែល​​​ហិរញ្ញវត្ថុ​​​បាន​​​​​​មក​​​ពី​​​ប្រភព​​​ពីរ​​​ គឺ​​​ពី​​​រដ្ឋាភិបាល​​​ និង​​​ពី​​​ក្រៅ​​​ប្រទេស​​​”។

លោក ម៉ៅ មុនីវណ្ណ ​​​​​​គណៈ​​​កម្មការ​​​​​​ប្រតិបត្តិ​​ិ និង​​​ជា​​​សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​រសៀល​​​​​​នោះ​​​ថា គណបក្ស​​​របស់​​​លោក​​​រំពឹង​​​ថា នឹង​​​​​​ ទទួល​​​បាន​​​​​​ការ​​​​​ឆ្លើយ​​​ត​​​ប​​​ចំពោះ​​​សេចក្តី​​​​​​ព្រាង​​​របស់​​​លោក សម រង្ស៊ី ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មិន​​​ផុត​​​ពី​​​​​​ថ្ងៃ​​​នោះ​​​​​​ទេ​​​​​​។ ប៉ុន្តែ មក​​​ដល់​​​ប្រហែល​​​ម៉ោង​​​៦​​​ល្ងាច​​​​​​លោក​​​បាន​​​ទទួល​​​ដំណឹង​​​ថា គ្មាន​​​ការ​​​ឆ្លើយ​​​តប​​​ឡើយ​​​។ ប៉ុន្តែ លោក មុនីវណ្ណ បាន​​​​​​ឲ្យ​​​ដ​​​ឹង​​​ថា លោក​​​រំពឹង​​​ថា នឹង​​​ទទួល​​​បាន​​​​​​ការ​​​ឆ្លើយ​​​តប​​​ឆាប់ៗ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពិធី​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​តាម​​​ពិត​​​ទៅ​​​អាច​​​ធ្វើ​​​ឡើង​​​នៅ​​​ដើម​​​សប្ដាហ៍​​​ក្រោយ​​​ ហើយ​​​បញ្ហា​​​ដែល​​​នៅ​​​សេសសល់​​​ផ្សេង​​​ៗ​​​ទៀត​​​ដូច​​​ជា​​​ការ​​​ធ្វើ​​​វិសោធន​​​កម្ម​​​បទ​​​បញ្ជា​​​​​​ផ្ទៃ​​​ក្នុង​​​​​​រដ្ឋ​​​សភា​​​ជា​​​ដើម​​​អាច​​​ត្រូវ​​​បាន​​​ពិភាក្សា​​​ បន្ទាប់​​​ពី​​​ពិធី​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​”។

លោក ជាម យៀប អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។

លោក សម រង្ស៊ី បាន​​​លើក​​​​​​ឡើង​​​ថា លោក​​​ក៏​​​រំពឹង​​​ថា​​​នឹង​​​ទទួល​​​បាន​​​ការ​​​ឆ្លើយ​​​តប​​​ពី​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​កាន់​​​អំណាច​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​អំពី​​​សេចក្ដី​​​ព្រាង​​​របស់​​​លោក​​​ដែរ​​​ ​​​ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​មាន​​​​​​ពិធី​​​ស្បថ​​​ចូល​​​​​​កាន់​​​តំណែង​​​នៅ​​​សប្ដាហ៍​​​ក្រោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​បាន​​​មក​​​ដល់​​​ចំណុច​​​​​​មួយ​​​​​​ដែល​​​រង់​​​ចាំ​​​តែ​​​ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​ពេចន៍​​​ប៉ុណ្ណោះ​​​ មិន​​​មែន​​​សេចក្ដី​​​លម្អិត​​​ទេ​​​។ និយាយ​​​ឲ្យ​​​ចំ​​​ទៅ​​​គឺ​​​ត្រឹម​​​តែ​​​ពាក្យ​​​ពេចន៍​​​ទេ សូម​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​បក​​​ស្រាយ​​​ខុស​​​នៅ​​​ពេល​​ក្រោយ​​​”៕ គឹមហឿន