លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតយកឱកាសនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ដើម្បីកោតសរសើររដ្ឋាភិបាលរបស់លោកក្នុងការប្រឹងប្រែងអភិវឌ្ឍរាជធានីភ្នំពេញ និងព្រមានប្រជាពលរដ្ឋក្រីក្រកុំឲ្យសង់លំនៅដ្ឋានក្រោមស្ពានថ្មី ដែលចំណាយទឹកប្រាក់សាងសង់អស់ចំនួន១៩លានដុល្លារនេះ។
លោក ហ៊ុន សែន ក៏បានឆ្លៀតយកឱកាសនេះដើម្បីរំឭកដាស់តឿនដល់លោក បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ផងដែរ អំពីអាណត្តិមានកំណត់របស់លោកក្នុងមុខតំណែងជាអភិបាលរាជធានី ហើយបានប្រាប់ឲ្យលោកដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមផ្លូវ និងខិតខំឲ្យបានខ្លាំងក្លាថែមទៀតក្នុងការបង្កើតសេវាដឹកជញ្ជូនសាធារណៈ មុនពេលលោកចូលនិវត្ត។
ថ្លែងមុនពិធីកាត់ខ្សែបូ លោក ហ៊ុន សែន បានប្រៀបធៀបការកកស្ទះចរាចរណ៍ខ្លាំងនៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ទៅនឹងស្ថានភាពដែលលោកបានជួបប្រទះ នៅពេលត្រឡប់ចូលភ្នំពេញវិញនៅក្នុងឆ្នាំ១៩៧៩ជាមួយកងទ័ពវៀតណាម ដែលបានផ្ដួលរំលំខ្មែរក្រហម។
លោកមានប្រសាសន៍ថា ” នៅពេលយើងចាប់ផ្ដើមកសាងភ្នំពេញដំបូង ក្រោយពីយើងត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ និងស្ថិតក្នុងស្ថានភាពផ្ទះគ្មានមនុស្សនៅ ផ្លូវគ្មានមនុស្សដើរ យើងមិនដែលឮពាក្យថា គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សទេ។ ចង់មកនៅលើផ្លូវនេះមួយអាទិត្យក៏គ្មានប៉ះពាល់អ្នកណាគេដែរ ពីព្រោះគ្មានឡានធ្វើដំណើរតាមផ្លូវទេនៅពេលនោះ”។
លោក ហ៊ុន សែន បានពន្យល់ថា ការកកស្ទះចរាចរណ៍ជាញឹកញាប់នាពេលបច្ចុប្បន្ន ដែលលោកមានប្រសាសន៍ថា ស្ពានអាកាសស្ទឹងមានជ័យថ្មីនេះអាចជួយបញ្ចៀសបាននោះ គឺចៀសមិនផុតទេ ដោយសារតែមានខុនដូ និងអាផាតមិនថ្មីៗសាងសង់យ៉ាងឆាប់រហ័សទូទាំងរាជធានី។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យលោក បា៉ សុជាតិវង្ស កសាងសួនច្បារនៅចំណុចក្រោមស្ពានអាកាស ដើម្បីផ្ដល់ទេសភាពពណ៌បៃតងសម្រាប់ប្រជាពលរដ្ឋដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរាជធានី ដោយស្នើឲ្យអភិបាលរូបនេះធានាថា ប្រជាពលរដ្ឋមិនតាំងលំនៅលើសួន ហើយបន្ទាប់មកអះអាងថា ដីរបស់ពួកគេត្រូវបានគេចាប់យក។
លោកមានប្រសាសន៍ថា ” តែសូមអាណិតមេត្តាប៉ុណ្ណេះ កុំយកក្រោមស្ពានធ្វើជាផ្ទះដាក់ស្អីៗ រៀបចំបេតុង រៀបចំការ៉ាឡាសងខាងស្អីៗ នាំគ្នាមកនៅក្រោមហ្នឹង រួចហើយប្រើទ្រឹស្ដីឈ្នះបានដីចាញ់បានលុយ រួចហើយទៅប្ដឹងសហគមន៍អឺរ៉ុប”។
លោកថ្លែងថា អ្នកចូលរួមប្រមាណ៣០០នាក់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីម្សិលមិញ គួរតែដឹងច្បាស់ថា បច្ចុប្បន្នគ្មានសហគមន៍រស់នៅក្រោមស្ពានអាកាសទេ”។
លោកបានបន្តថា “ យើងមកសម្ពោធដាក់ឲ្យប្រើប្រាស់រួមគ្នា ហើយឃើញហើយថា គ្មានអ្នករស់នៅទីនេះទេ។ អ៊ីចឹងទេ ថតទុកកន្លែងហ្នឹងថ្ងៃហ្នឹង នាំគ្នាថតទុកទៅ ដើម្បីថ្ងៃក្រោយ ពេលដែលមានការតវ៉ា បញ្ចាំងឲ្យមើល”។
លោក ហ៊ុន សែន ក៏បានត្អូញត្អែរដែរចំពោះសេវារថយន្តក្រុងក្មេងខ្ចីនៅក្នុងរាជធានី ដោយស្នើឲ្យលោក ប៉ា សុជាតិវង្ស ខិតខំធ្វើការឆាប់រហ័សដើម្បីពង្រីកសេវានេះ ដែលបច្ចុប្បន្នមានតែមួយខ្សែគត់ ហើយគ្រោងនឹងបន្ថែមពីរខ្សែទៀតនៅខែក្រោយ។
សាលារាជធានីបានដំណើរការសេវារថយន្តក្រុងសាធារណៈចាប់តាំងពីខែមេសាមកម្លេ៉ះ ពោលគឺពីរខែបន្ទាប់ពីសេវានេះបានចាប់ផ្ដើម នៅពេលក្រុមហ៊ុនចិន ដែលទទួលបានកិច្ចសន្យាធ្វើប្រតិបត្តិការសេវានេះបានដកខ្លួនចេញ ក្រោយពីសំណើសុំមិនបង់ពន្ធសម្រាប់សេវារថយន្តតាក់ស៊ីម៉ែត្ររបស់ខ្លួន ត្រូវបានបដិសេធ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ ក្រុមហ៊ុនឯកជនមកដេញថ្លៃ។ នៅពេលពួកគេដេញថ្លៃឈ្នះហើយ បែរជាមិនធ្វើ។ គេតែងតែទុកឲ្យយើងមេម៉ាយចោល”។ លោកបានសួរទៅលោក ប៉ា សុជាតិវង្ស ថា ” ឯកឧត្តម បា៉ សុជាតិវង្ស ពេលនេះអាយុប៉ុន្មានហើយ? អាយុ៥៧ហើយ សល់យ៉ាងហោចណាស់បីឆ្នាំទៀតចូលនិវត្តហើយ ដូច្នេះត្រូវតែធ្វើឲ្យគម្រោងនេះជោគជ័យ”។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា លោកនឹងធ្វើតាមបំណងប្រាថ្នារបស់លោក ហ៊ុន សែន ហើយបានធ្វើការយ៉ាងសកម្មផ្នែកផ្ដល់សេវានេះឲ្យដល់ប្រាំបីខ្សែនៅឆ្នាំក្រោយ។ ប៉ុន្តែលោកមានប្រសាសន៍ថា ទម្លាប់របស់ប្រជាពលរដ្ឋដែលចូលចិត្តជិះម៉ូតូផ្ទាល់ខ្លួន រ៉ឺម៉កម៉ូតូកង់បី កំពុងរារាំងដល់កិច្ចប្រឹងប្រែងរបស់សាលារាធានីដើម្បីពង្រីកសេវារថយន្តក្រុងនេះ។
លោកមានប្រសាសន៍ទៀតថា ” បញ្ហាទី១គឺថា ប្រជាពលរដ្ឋមិនទាន់សាុំនឹងសេវានេះ។ ប៉ុន្តែដោយសារតែការកកស្ទះចរាចរណ៍ និងប្រជាពលរដ្ឋចេះតែកើតឡើង វាល្មមដល់ពេលសម្រាប់យើងមានរថយន្តក្រុងសាធារណៈបែបនេះហើយ”។ លោកបានបន្តថា អាជីវករនៅតាមបណ្ដោយផ្លូវក៏កំពុងបង្កជាបញ្ហាដែរ។ លោកថ្លែងទៀតថា “យើងចាំបាច់ត្រូវមានចំណតរថយន្តក្រុង និងកន្លែងសម្រាប់ប្រជាពលរដ្ឋអង្គុយរង់ចាំរថយន្តក្រុង។ ពេលនេះវាពិបាកណាស់”៕ សុខុម