មូលនិធិបេឡាជាតិរបបសន្តិសុខសង្គមបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងផ្តល់សំណងដល់ក្រុមគ្រួសារបុរសម្នាក់ដែលបានស្លាប់ពេលកំពុងធ្វើការកាលពីខែមុននៅរោងចក្រកាត់ដេរមួយនៅខេត្តកណ្តាល ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M ។
មូលនិធិបេឡាជាតិរបបសន្តិសុខសង្គមបានឲ្យដឹងថា ខ្លួនបានដឹងថា លោក វ៉ន ស៊ីថា ដែលបានស្លាប់កាលពីថ្ងៃទី១៩ ខែកក្កដា ក្នុងអាយុ៣៨ឆ្នាំនៅបរិវេណរោងចក្រ New Archid បន្ទាប់ពីធ្វើការរយៈពេល១៦ម៉ោងនោះ បានស្លាប់ដោយសារអស់កម្លាំងខ្លាំង។
ទោះជាយ៉ាងណា មូលនិធិបេឡាជាតិរបបសន្តិសុខសង្គមមិនអាចបញ្ជាក់ថា តើមូលនិធិអ្វីនឹងត្រូវផ្តល់ទៅឲ្យប្រពន្ធជាស្ត្រីមេម៉ាយរបស់លោក វ៉ន ស៊ីថា ឡើយ ហើយបានឲ្យដឹងថា ក្រៅពីប្រាក់សម្រាប់រៀបចំពិធីបុណ្យសពនោះ មូលនិធិនេះនឹងមិនទាន់មានក្នុងពេល”ឆាប់ៗឡើយ”។
លោក ម៉េង ហុង អ្នកនាំពាក្យមូលនិធិបេឡាជាតិរបបសន្តិសុខសង្គមបានមានប្រសាសន៍ថា “រោងចក្របានដាក់លក្ខខណ្ឌឲ្យកម្មករធ្វើការថែមម៉ោងហួសពីកម្លាំងរបស់ខ្លួន។ នោះជាការមិនត្រឹមត្រូវទេ”។
លោក ម៉េង ហុង បានបន្ថែមថា “និយាយអំពីសំណង យើងនឹងធ្វើតាមច្បាប់ ប៉ុន្តែ យើងមិនអាចទទួលបានរហ័សនោះទេ”។
មាត្រា១៩នៃច្បាប់ស្តីពីបេឡារបបសន្តិសុខសង្គមចែងថា ក្នុងករណីកម្មកររបស់សមាជិកមូលនិធិបេឡាជាតិរបបសន្តិសុខសង្គមស្លាប់នោះ មូលនិធិបេឡាសង្គមនឹងផ្ដល់ប្រាក់សម្រាប់បុណ្យសពនិងប្រាក់សោធននិវត្តន៍សម្រាប់អ្នកនៅរស់ដែលត្រូវជាសាច់ញាតិជនរងគ្រោះ។
លោក ម៉េង ហុង ដែលជាអ្នកនាំពាក្យមូលនិធិបេឡាជាតិរបបសន្តិសុខសង្គមបានមានប្រសាសន៍ថា លោកមិនច្បាស់ថា តើប្រពន្ធ និងកូនប្រុសពីរនាក់អាយុ៥ឆ្នាំ និង៨ឆ្នាំរបស់លោក វ៉ន ស៊ីថា នឹងទទួលបានប្រាក់សោធនិវត្តន៍អ្វីឡើយ។
លោក អឿន សំអុល អ្នកគ្រប់គ្រងនៅរោងចក្រ New Archid បានមានប្រសាសន៍ថា មូលនិធិបេឡាជាតិរបបសន្តិសុខសង្គម និងច្បាប់ការងារលើកឡើងពីការផ្តល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះ។
លោក សំអុល បានមានប្រសាសន៍ថា “តាមច្បាប់មូលនិធិបេឡាជាតិរបបសន្តិសុខសង្គមតម្រូវឲ្យបើកប្រាក់៧០ភាគរយក្នុងចំណោមប្រាក់ខែសរុបរបស់លោក វ៉ន ស៊ីថា រហូតដល់កូនអាយុ១៨ឆ្នាំ ឬរហូតដល់ស្ត្រីជាប្រពន្ធរៀបការប្តីថ្មី”។
លោក ម៉េង ហុង បានមានប្រសាសន៍ថា ទាក់ទិននឹងការស្លាប់នេះ មន្ទីរការងារខេត្តកណ្តាលគួរតែសុើបអង្កេតលើលក្ខខណ្ឌជុំវិញការថែមម៉ោងរបស់កម្មករនៅរោងចក្រ New Archid ។
ទោះជាយ៉ាងណា លោក ផុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាលបានមានប្រសាសន៍ថា ការសើុបអង្កេតអាចធ្វើឡើងទាល់តែមានការដាក់ពាក្យបណ្តឹងផ្លូវការតែប៉ុណ្ណោះ ជាហេតុការណ៍ដែលលោកគិតថា មិនទំនងដោយសារមូលនិធិបេឡាជាតិរបបសន្តិសុខសង្គមបានយល់ព្រមផ្ដល់សំណងនោះហើយ។
លោក ផុល នាង បានមានប្រសាសន៍ថា “នៅពេលក្រុមគ្រួសារលោក វ៉ន ស៊ីថា ទទួលបានប្រាក់ពី មូលនិធិបេឡាជាតិរបបសន្តិសុខសង្គម ពួកគេនឹងមិនដាក់ពាក្យបណ្ដឹងមកយើងទេ។ វាជាកំហុសរបស់ពួកគេ ពីព្រោះកម្មករ រោងចក្រ និងសហជីពបានយល់ព្រម [ធ្វើការថែមម៉ោង]”៕សារុន