សមាជិកបីនាក់នៃគ្រួសារមានទ្រព្យសម្បត្តិមួយត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន និងបង្ខាំងក្មេងស្រីអាយុ១៨ឆ្នាំម្នាក់រយៈពេល៨ឆ្នាំ និងប្អូនប្រុសអាយុ១២ឆ្នាំរបស់នាងរយៈពេលពីរឆ្នាំក្នុងផ្ទះរបស់ពួកគេក្នុងខណ្ឌទួលគោកនោះ នៅមានសេរីភាពនៅឡើយកាលពីម្សិលមិញ ខណៈដែលនគរបាលបានលើកឡើងថា ពួកគេកំពុងរង់ចាំសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញថា តើត្រូវចេញដីកាចាប់ខ្លួន ឬអត់។
លោក សឿង ហឿង ជាមេគ្រួសារត្រូវបានចាប់ខ្លួននៅផ្ទះគ្រួសារនេះ ជាមួយចុងភៅនិងសន្តិសុខម្នាក់ទៀត នៅពេលដែលនគរបាលបានមកដល់ជាមួយនឹងដីកាឆែកឆេរកាលពីថ្ងៃពុធ។ លោកត្រូវបានដោះលែងក្នុងថ្ងៃនោះដដែល បន្ទាប់ពីមេធាវីរបស់លោកបានប្រាប់នគរបាលថា លោកមានសុខភាពមិនល្អ។
លោក អ៊ាវ រិទ្ធ ប្រធានការិយាល័យនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គី ទៀង ជាចុងភៅ និងលោក យឹម ប៊ុនធឿន ជាអង្គរក្សត្រូវបាននគរបាលហៅមកសាកសួរកាលពីម្សិលមិញ ហើយគ្រោងនឹងបញ្ជូនទៅសាលាដំបូងរាជធានីនៅថ្ងៃនេះ។
លោក រិទ្ធ បានបន្ថែមថា លោក ហឿង មិនទាន់ត្រូវបានសាកសួរនៅឡើយទេ ប៉ុន្តែ មេធាវីរបស់លោកបានសន្យានាំលោកទៅប៉ុស្តិ៍នគរបាលនៅពេលគ្រាន់បើ”។
ទោះជាយ៉ាងណាអ្នកស្រី តាំង ស៊ឹមរ៉ុង ប្រពន្ធរបស់លោក ហឿង និងកូនប្រុសពីរនាក់ឈ្មោះ សឿង រដ្ឋា និង សឿង រតនា ហើយ សឿង រតនា ដែលត្រូវបានចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីនោះ នឹងនៅមានសេរីភាពដដែល លុះណាតែតុលាការចេញដីកាចាប់ខ្លួន។
លោក រិទ្ធ បាននិយាយថា លោកមិនអាចបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលរាយការណ៍ថា លោក រតនា ដែលជាឧត្តមសេនីយ៍ផ្កាយមួយក្នុងជួរកងយោធពលខេមរភូមិន្ទ ប៉ុន្តែ បានលើកឡើងថា នគរបាលបានរកឃើញ “ឯកសណ្ឋានឧត្តមសេនីយ៍យោធា និងឯកសណ្ឋាននគរបាល និងកាំភ្លើងខ្លីម៉ាក Beretta ដោយមានគ្រាប់ជាច្រើន នៅពេលដែលពួកគេបានឆែកឆេរផ្ទះនោះកាលពីថ្ងៃអង្គារ”។
នគរបាលបានជួយសង្គ្រោះក្មេងស្រីអាយុ១៨ឆ្នាំនោះកាលពីថ្ងៃអង្គារ រយៈពេលមួយសប្តាហ៍បន្ទាប់ពីម្តាយរបស់នាងបានដាក់ពាក្យបណ្តឹងទៅនគរបាល និងមួយថ្ងៃបន្ទាប់ពីប្អូនប្រុសអាយុ១២ឆ្នាំរបស់នាងបានរត់គេច។
អ្នកទាំងពីរបានអះអាងថា ទទួលរងការរំលោភបំពានទាំងផ្លូវកាយនិងផ្លូវចិត្តពីក្រុមគ្រួសារនេះ។ លោក មាស ស៊ីថុន មេធាវីរបស់លោក ហឿង កាលពីម្សិលមិញបានបដិសេធការចោទប្រកាន់នេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា តុលាការនឹងយល់ថា កូនក្តីរបស់ខ្ញុំគ្មានកំហុសទេ។ ខ្ញុំមិនដឹងថា ហេតុអ្វីជានគរបាលប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ពីព្រោះវាមើលទៅហាក់ដូចជាពួកគេប្រព្រឹត្តបទឧក្រិដ្ឋមុនតុលាការចោទប្រកាន់ពួកគេអ៊ីចឹង”៕សារុន