ដោយប្រឈមតម្លៃជ័រកៅស៊ូធ្លាក់ចុះ ប្រាក់ចំណូលបានពីការនាំចេញជ័រកៅស៊ូរបស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បានធ្លាក់ចុះតិចតួចបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាការនាំចេញកើនឡើងខ្លាំងក្នុងរយៈពេលដូចគ្នាក្ដី។
យោងតាមតួលេខថ្មីបំផុតរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញជ័រកៅស៊ូស្ងួតចំនួន៤២.១៨៩តោនពីខែមករា ដល់ខែមិថុនា គឺកើនឡើង៤២ភាគរយបើធៀបទៅនឹងការនាំចេញជ័រកៅស៊ូអំឡុងឆមាសទី១ដើមឆ្នាំ២០១៣។ ទោះបីជាការនាំចេញកើនឡើងក្តី ក៏ប្រាក់ចំណូលបានពីការនាំចេញជ័រកៅស៊ូរយៈពេលកន្លះឆ្នាំនេះ បានធ្លាក់ចុះជិត២ភាគរយ ពី៧៦,៥លានដុល្លារមកនៅត្រឹម៧៥លានដុល្លារ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ លោក ម៉ក់ គឹមហុង ប្រធានសមាគមអភិវឌ្ឍន៍ជ័រកៅស៊ូកម្ពុជា បានបដិសេធមិនឆ្លើយបំភ្លឺទេ។
ទោះជាយ៉ាងណា កាលពីខែឧសភា សមាគមនេះបានលើកឡើងថា តម្លៃសម្រាប់ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា បានធ្លាក់ចុះពី២.២០០ដុល្លារមកនៅត្រឹម១.៥០០ដុល្លារនៅដើមឆ្នាំនេះ។ សមាគមនេះបានលើកឡើងថាការធ្លាក់ចុះតម្លៃនេះបានបង្ខំឲ្យយ៉ាងហោចណាស់១ភាគ៣ នៃរោងចក្រកែច្នៃជ័រកៅស៊ូក្នុងប្រទេសកម្ពុជា ផ្អាកប្រតិបត្តិការ។
ទាំងតម្លៃជ័រកៅស៊ូក្នុងស្រុក និងក្នុងពិភពលោក បានធ្លាក់ចុះក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះដោយសារតែទីផ្សារមានការផ្គត់ផ្គង់ច្រើនហួស និងតម្រូវការទាបពីប្រទេសចិន ដែលជាប្រទេសនាំចូលជ័រកៅស៊ូឆៅដ៏ធំ។
កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ និងចាត់ទុកកៅស៊ូថា ជាទំនិញកសិកម្មនាំចេញដ៏សំខាន់ទី២របស់កម្ពុជា ដែលរកចំណូលបានច្រើន ហើយកំណត់គោលដៅបង្កើនផ្ទៃដីកសិកម្មជិតបីដងសម្រាប់ដាំកៅស៊ូ ពី៣០០.០០០ហិកតាដល់៨៤០.០០០ហិកតាក្នុងរយៈពេល៥ឆ្នាំ។
លោក ហង់ ជួន ណារុ៉ន ដែលពេលនោះជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការនាំចេញជ័រកៅស៊ូប្រចាំឆ្នាំ នឹងកើនដល់១លានតោន ក្នុងរយៈពេលមិនដល់មួយទសវត្សរ៍នោះទេ។
ប៉ុន្តែកាលពីម្សិលមិញ លោក លី ផល្លា ប្រធាននាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម បានមានប្រសាសន៍ថា លោកមិនបានរំពឹងថា តម្លៃជ័រកៅស៊ូនឹងចាប់ផ្តើមឡើងខ្លាំងក្នុងពេលឆាប់ៗនេះឡើយ។
លោកមានប្រសាសន៍ទៀតថា ” ពេលនេះ ការផ្គត់ផ្គង់មានច្រើនហួសនៅក្នុងពិភពលោក។ ទី២ ពេលនេះសេដ្ឋកិច្ចពិភពលោកមិនទាន់រើបឡើងវិញនៅឡើយ។ ខ្ញុំមានសុទិដ្ឋិនិយមថា តម្លៃនឹងរើបឡើង ប៉ុន្តែមិនលើសពី២.២០០ដុល្លារទេក្នុងមួយតោន” ហើយក៏មិនមែនមុនឆ្នាំ២០២០ដែរ។
លោក លី ផល្លា បានមានប្រសាសន៍ថា រហូតដល់ពេលនោះ ផ្ទៃដីដាំដុះទំនងជាមិនបន្តកើនឡើងដូចដែលលោកនាយករដ្ឋមន្ត្រីសង្ឃឹមទុកនោះទេ។ លោកមានប្រសាសន៍ទៀតថា “វានឹងមិនធ្លាក់ចុះទេ ប៉ុន្តែវាប្រហែលជានៅទ្រឹង”៕ សុខុម