កាលពីម្សិលមិញសមាជិកនៃសម្ព័ន្ធកំណែទម្រង់បោះឆ្នោត (ERA) បានរិះគន់យ៉ាងខ្លាំងចំពោះកង្វះតម្លាភាពពីគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងពិភាក្សាគ្នាពីសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីសប្ដាហ៍មុន ដើម្បីបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិតមួយឆ្នាំមកនេះរបស់គណបក្សប្រឆាំង។
ពួកគេក៏បានអំពាវនាវឲ្យផ្អាកដំណើរការចុះឈ្មោះបោះឆ្នោត ដែលត្រូវបានធ្វើឡើងរៀងរាល់ខែតុលាផងដែរសម្រាប់ឆ្នាំនេះរហូតដល់ដំណើរការនេះធ្វើកំណែទម្រង់ស៊ីជម្រៅសិន។
សម្ព័ន្ធកំណែទម្រង់បោះឆ្នោតដែលមានសមាជិកជាអង្គការសិទ្ធិមនុស្ស អង្គការច្បាប់ និងអង្គការតស៊ូមតិប្រជាធិបតេយ្យ និងដែលចូលរួមពាក់ព័ន្ធយ៉ាងសកម្មនៅក្នុងកិច្ចប្រឹងប្រែងដើម្បីឲ្យមានកំណែទម្រង់ដំណើរការបោះឆ្នោតចាប់តាំងពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុនមក បានចេញលិខិតបើកចំហមួយច្បាប់ផ្ញើជូនគណបក្សទាំងពីរកាលពីម្សិលមិញ ដោយដាក់ចេញនូវអនុសាសន៍ស្ដីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយកាលពីម្សិលមិញថា “ខ្ញុំចង់សង្កត់ធ្ងន់ថា នៅក្នុងការបោះឆ្នោតមិនគួរមានភាពសម្ងាត់ឡើយ លើកលែងតែនៅពេលរាប់សន្លឹកឆ្នោត”។
លោកបានមានប្រសាសន៍បន្តថា “អ្វីដែលគណបក្សនយោបាយកំពុងពិភាក្សា ពលរដ្ឋចង់ដឹង និងចង់ឃើញ។ ថាតើអ្វីដែលពួកគាត់កំពុងពិភាក្សា? វាជាការប្រសើរណាស់ប្រសិនបើគណៈកម្មការចម្រុះបើកចំហសម្រាប់សាធារណជនបញ្ចេញមតិនោះ។ មនុស្សគ្រប់រូបមានចំណែកជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ”។
លោក ព្រាប កុល បានលើកឡើងថា កិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា “មានទិដ្ឋភាពមូលដ្ឋាន ប៉ុន្តែគ្មានភាពច្បាស់លាស់”។
លោកបានមានប្រសាសន៍បន្ថែមថា “យើងគិតថា សមាសភាពរបស់ គ.ជ.ប. គឺមិនដូចនឹងបំណងប្រាថ្នារបស់យើងទេ។ យើងចង់បានសមាជិកឯករាជ្យ និងចង់ឲ្យដំណើរការជ្រើសរើសត្រូវបានធ្វើតាមអ្វីដែលបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀង។ អ្វីដែលយើងចង់បាននោះ គឺមានសមាជិកបួនរូបមកពីគណបក្សនីមួយៗ និងសមាជិកអព្យាក្រឹតទី៩មួយរូប”។
កាលពីខែមុន គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានប្រកាសថា ខ្លួនឯកភាពជ្រើសរើសលោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ជាសមាជិកអព្យាក្រឹតទី៩របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះ។
តំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានលើកឡើងកាលពីម្សិលមិញថា ការអនុវត្តដំណើរការចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំនេះ នឹង “ជាការខ្ជះខ្ជាយប្រាក់” ប្រសិនបើគណបក្សនៅមិនទាន់រៀបចំដំណើរការនេះបានរួចរាល់ទាំងស្រុងទេនោះ។
លោក យ៉ែម បុញ្ញប្ញទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងកាលពីម្សិលមិញថា គណបក្សរបស់លោកចង់ឲ្យការពិភាក្សាដែលកំពុងបន្តមានការបើកចំហដល់សាធារណជនដែរ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាចង់រក្សាការពិភាក្សានេះជារឿងសម្ងាត់។
លោកបានមានប្រសាសន៍ថា “តាមពិត គណបក្សសង្គ្រោះជាតិជានិច្ចកាលតែងតែប្រកាន់ជំហរថា យើងចង់ឲ្យអ្នកយកព័ត៌មាន និងអ្នកអង្កេតការណ៍បានចូល និងស្ដាប់ការពិភាក្សា ប៉ុន្តែដៃគូរបស់យើងមិនយល់ព្រមទេ។ យើងតែងតែពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ប៉ុន្តែការពិភាក្សាទាំងនេះគឺដើម្បីស្វែងរកដំណោះស្រាយ។ ហេតុដូច្នេះ យើងមិនអនុញ្ញាតឲ្យសង្គមស៊ីវិលផ្សព្វផ្សាយ ឬក៏ចូលរួមឡើយ”។
លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា អ្នកអង្កេតការណ៍អាចបំផ្លើស និងរំខានដល់អ្វីដែលកំពុងត្រូវបានពិភាក្សា ប្រសិនបើពួកគេត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចប្រជុំនេះ។
លោក ជាម យៀប បានមានប្រសាសន៍ថា ” ប្រសិនបើអ្នកចង់រំខាន [កិច្ចប្រជុំ] វាមិនអាចទៅរួចទេ។ បន្ទាប់ពីកិច្ចប្រជុំ យើងនឹងបើកសន្និសីទកាសែតមួយ ហើយធ្វើសេចក្ដីរាយការណ៍ដល់មេដឹកនាំកំពូលនីមួយៗ ហើយបន្ទាប់មកនឹងផ្សព្វផ្សាយលទ្ធផល”៕ គឹមហឿន